ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវបានកាសែតស្រង់សម្ដីថា ក្រសួងការបរទេសធ្វើការខ្វះតម្លាភាពក្នុងការចរចាជាមួយសមភាគីកម្ពុជាលើបញ្ហាប្រាសាទព្រះវិហារ ។
រដ្ឋមន្រ្តីការបរទេសថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធការលើកឡើងនោះដោយពន្យល់ថា តុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់សេចក្តីប្រគល់ប្រាសាទព្រះវិហារឲ្យទៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៦២មក និងថាការសម្រេចឲ្យកម្ពុជាប្រើផែនទីថ្មីក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងការការពាររបស់អង្គការយូណេស្កូ នឹងមិនធ្វើឲ្យថៃបាត់បង់ទឹកដីនោះទេ ។
លោក ណុបផៈដុន បាតាម៉ា បានមានប្រសាសន៍ថា ៖ "ជោគជ័យរបស់ក្រសួងការបរទេសគឺថា វាបានបញ្ឈប់កម្ពុជាពីការដាក់បញ្ជូលដីរបស់ថៃទៅក្នុងសំណើទៅអង្គការពិភពលោក វាជាការចាំបាច់ណាស់ តែខ្ញុំគិតថាជនជាតិថៃទាំងអស់ត្រូវយល់ហើយវាត្រូវបានកត់ត្រាជាឯកសារនិងមិនអាចបំភ្លេចបានទេ" ។
ទោះជាយ៉ាងនេះក្តីសមាជិកសភាគណបក្សប្រឆាំងនៃប្រទេសកម្ពុជានិងសកម្មជនឃ្លាំមើលបញ្ហាព្រំដែនកម្ពុជាបានបង្ហាញទស្សនៈថា ការប្រើផែនទីថ្មីរបស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ ដើម្បីដាក់បញ្ចូលប្រាសាទនេះជាមរតកពិភពលោក គឺជាការខាតបង់សម្រាប់កម្ពុជាទៅវិញទេ ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «បញ្ជាក់ថារឿងប្រាសាទព្រះវិហារហ្នឹងជាប្រាសាទរបស់ខ្មែរទាំងស្រុងហើយ អត់មានរឿងអីត្រូវព្រួយបារម្ភ អត់មានរឿងអីត្រូវថៃមកលើកបញ្ហាប្រាសាទទេ ហើយការដាក់ជាបេតិកភណ្ឌអន្តរជាតិនោះ ត្រូវតែយើងសិក្សាជាមួយភាគី UNESCO តែមួយមុខដើម្បីឲ្យដឹងថា វាមានមូលហេតុអីបានថៃមានសិទ្ធិមកតវ៉ានៅពេលដែលប្រទេសកម្ពុជាយកប្រាសាទរបស់ខ្លួនទៅដាក់ជាសម្បត្តិរបស់ពិភពលោកនេះ វាអត់មានហេតុផលទាល់តែសោះ» ។
ប៉ុន្តែលោកថាអ្វីដែលលោកព្រួយបារម្ភគឺការសម្រេចគូរផែនទីថ្មីផ្ញើទៅឲ្យភាគីថៃ ដោយទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាក្នុងស្ថានភាពលាក់លាមមិនបានឲ្យរដ្ឋសភាដឹង និងមានចរិតបង្កប់នូវផលប្រយោជន៍ឯកជនច្រើនជាងប្រយោជន៍ជាតិ ។
ប្រធានគណៈកម្មាធិការជាតិកិច្ចការការពារព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីជុំវិញផែនទីថ្មីនៃប្រាសាទសម្រាប់ការដាក់បញ្ចូលជាមរតកពិភពលោកយ៉ាងដូច្នេះ ៖ «នៅក្នុងឱកាសដែលកម្ពុជាដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក យើងអត់យកបញ្ហាព្រំដែនមកនិយាយទេ គេអត់និយាយទេ វេទិកាអង្គការUNESCO ជាវេទិកាវប្បធម៌ គេអត់និយាយរឿងព្រំដែនទេ» ៕
