សម រង្ស៊ី​៖ រដ្ឋាភិបាល ហ៊ុន សែន គិត​តែ​អំណាច​បុគ្គល​ផ្ទាល់ខ្លួន​ជា​ធំ

ទាក់ទង​នឹង​ដំណោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​វិញ លោក​ប្រធានគ​ណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បាន​ហៅ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បុគ្គល​ដែល​គិត​តែ​អំណាច​របស់​បុគ្គល​ផ្ទាល់ខ្លួន​ជា​ធំ ពុំ​បាន​គិតគូរ​ប្រយោជន៍​ជាតិ​ឡើយ ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​ប្រទេស​កម្ពុជា​កំពុងតែ​មាន​វិបត្តិ​ជាមួយ​ប្រទេស​ថៃ ។ យើង​ត្រូវ​មាន​កិច្ច​ព្រមព្រៀង ទីក្រុង​ប៉ារីស រដ្ឋាភិបាល ហ៊ុន សែន ខុស​ធ្ងន់​ណាស់ ទៅ​ចរចា​ជាមួយ​ថៃ ជាមួយ​អី យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​បាន​ធានា​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ថៃ​ក៏​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស បើ​រដ្ឋាភិបាល​ស្នេហា​ជាតិ​មែន ត្រូវ​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​យក​មក​ការពារ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា ។ ប៉ុន្តែ រដ្ឋាភិបាល ហ៊ុន សែន ខ្លាច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាត់បង់​ទឹក​ដី​បាត់​ចុះ ប៉ុន្តែ​ខ្លាច​បាត់បង់​អំណាច បើ​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក​អនុវត្ត បាត់បង់​អំណាច​ហើយ ពីព្រោះ​យើង​រំលោភ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​អត់​ហ៊ាន​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​យក​មក​និយាយ​ទេ»

ភ្លាមៗនេះ​វិទ្យុ​អាស៊ីសេរី​ពុំ​អាច​រក​ប្រតិកម្ម​ឆ្លើយតប​ពី​មន្ត្រី​ផ្លូវការ​គណបក្ស​ប្រជាជន​ទៅ​នឹង​សេចក្តី​ថ្លែង​របស់​លោក សម រង្ស៊ី ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ ៕