សម រង្ស៊ី ជួប​សួរ​សុខ​ទុក្ខ ដាំ សិទ្ធិ នៅ​ពន្ធនាគារ​ព្រៃស

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ល្ងាច​ថៃ្ង​ពុធ​នេះ​បាន​ជួប​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស ដោយ​លោក​បាន​អះអាង​ថា លោក ដាំ សិទ្ធិ មាន​សុខភាព​មាំមួន​និង​ស្មារតី​នៅ​រឹងប៉ឹង​ដដែល ។

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​គុក​ព្រៃ​ស​ដូច្នេះ​ថា ៖ «ទី​១ លោក ដាំ សិទ្ធិ មាន​សុខភាព​ល្អ មាន​កម្លាំង​ចិត្ត មិន​បាក់​ស្បាត​ទេ ឃើញ​ថា​គាត់​មាន​ភាព​អង់អាច​ក្លាហាន ។ ...គេ (អាជ្ញាធរ) សម្រួល​ឲ្យ​ខ្ញុំ​បាន​ជួប​ត្រឹមត្រូវ​សមរម្យ គេ​គួរសម ។ ទោះ​ជា​បន្ទប់​ធំ​ក៏ដោយ ប៉ុន្តែ​ចង្អៀត​ហើយ​អត់​មាន​របប​ពិសេស​សម្រាប់​អ្នក​ទោស​នយោបាយ សម្រាប់​អ្នកទោស​មនសិការ គឺ​ឲ្យ​នៅ​លាយឡំ​ជាមួយនឹង​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ។ ចង់​បង្ហាញ​ថា ខ្ញុំ​សុខចិត្ត​ជាប់​គុក​ជំនួស​លោក ដាំ សិទ្ធិ ប៉ុន្តែ​គេ​មិន​ព្រម គេ​មិន​ព្រម​យក​ខ្ញុំ ។ (សង្ឃឹម​ថា​នឹង​អាច​ដោះលែង​នៅ​ពេល​ណា ?) ក្នុង​ពេល​ដ៏​ឆាប់​រហ័ស​ជាទីបំផុត ពីព្រោះ​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ទទួល ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយនឹង​មជ្ឈដ្ឋាន​ទូត មជ្ឈដ្ឋាន​សិទ្ធិមនុស្ស បាន​ប្រាប់​ខ្ញុំ​ថា​មិន​យូរ​ទេ អាច​ដោះលែង​ថ្ងៃ​នេះ អាច​ដោះលែង​ស្អែក ពីព្រោះ​រឿង​នេះ​ជា​រឿង​ធំ​ណាស់»

នៅ​ក្នុង​ការ​ចូល​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ នោះ គេ​ឃើញ​មាន​លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី និង​តំណាង​របស់​ការិយាកាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ដាំ សិទ្ធិ បាន​ចូល​ជួប​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ នៅ​ថៃ្ង​ជាមួយ​គ្នា​ជា​ថ្ងៃ​ដំបូង​នៅ​ថ្ងៃ​ពុធ​នេះ ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា នេះ​ជា​សញ្ញា​ល្អ ៖ «ខាង​នេះ​គឺ​គេ​គោរព​សិទ្ធិ​របស់​លោក ដាំ សិទ្ធិ ដែរ អ៊ីចឹង​បើ​គោរព​ច្បាប់​អ៊ីចឹង​ខ្ញុំ​មាន​ការ​ពេញចិត្ត ។ ខ្ញុំ​សង្ឃឹម​ថា ស្អែក​ខ្ញុំ​នឹង​ទៅ ហើយ​គេ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ជួប​ដែរ»

សូម​រំឮក​ថា លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ​គាំទ្រ​ខាង​គណបក្ស​ប្រឆាំង និង​ជា​បេក្ខជន​តំណាងរាស្រ្ត​របស់​គណបក្ស​សមរង្ស៊ី លំដាប់​លេខ​៦ នៅ​មណ្ឌល​ក្រុង​ភំ្នពេញ​នោះ ត្រូវ​បាន​អាជ្ញាធរ​ប៉េអឹម​បាន​ចាប់​ខ្លួន​កាលពី​ថៃ្ង​អាទិត្យ​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ខណៈពេល​ដែល​លោក​កំពុងតែ​លាង​ទ្បាន ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​នោះ​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​ចោទ​ប្រកាន់ លោក ដាំ សិទ្ធិ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ក្រោយពី​មាន​ពាក្យ​បណ្តឹង​របស់​លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ។

លោក ដាំ សិទ្ធិ បាន​ចុះ​ផ្សាយ​លើ​កាសែត​មនសិការ​ខែ្មរ​របស់​លោក​ជាមួយ​នឹង​ការ​ដកស្រង់​ប្រសាសន៍​របស់​លោក សម រង្ស៊ី បាន​ថែ្លង​កាលពី​ថៃ្ង​ទី​១៧ ខែ​មេសា​កន្លង​ទៅ នៅ​ឯ​វាល​ពិឃាត​ខែ្មរ​ក្រហម​បឹង​ជើងឯក ជាយ​ទីក្រុង​ភ្នំពេញ ដោយ​លោក​បាន​ថ្លែង​មិន​ចំៗ​ឈ្មោះ​ថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខែ្មរ​ក្រហម ។

ការ​ចាប់​ឃុំ​ខ្លួន​លោក ដាំ សិទ្ធិ​នោះ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ទាមទារ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន និង​ប្រតិកម្ម​នានា​ពី​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ការពារ​អ្នក​កាសែត​ដែល​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក ដាំ សិទ្ធិ​នោះ ថា​ជា​រឿង​ខុស​ច្បាប់ ៕