សម្តេច​ក្រុមព្រះ​អាច​នឹង​ឈប់​ធ្វើ​នយោបាយ ?

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា គេ​រំពឹង​ថា​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អាច​នឹង​លា​ឈប់​ពី​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ជា​គណបក្ស​ដាក់​ព្រះនាម​ព្រះអង្គ​ផ្ទាល់​ក្នុង​ពេល​ឆាប់ៗ ។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ប្រាប់​កាសែត​ថា សកម្មភាព​នេះ​នឹង​ជា​ផ្នែក​មួយ​នៃ​ផែនការ​សម្រាប់​សម្តេច​ក្រុមព្រះ​អាច​ធ្វើ​មាតុភូមិនិវត្តន៍ ។

អ្នកអង្គម្ចាស់ ធម្មិកោ បន្ត​ថា​ព្រះអង្គ​បាន​ឮ​អំពី​ឆន្ទៈ​លា​ឈប់​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ​នេះ កាលពី​២​សប្តាហ៍​មុន ។

អ្នកអង្គម្ចាស់​បន្ត​ថា អតីត​ព្រះមហាក្សត្រ​ជា​ញឹកញាប់​បាន​ស្នើឲ្យ​ព្រះអង្គម្ចាស់ រណឫទ្ធិ ឈប់​ធ្វើ​នយោបាយ​ហើយ​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ជាតិ​ថ្កុំថ្កើង​នោះ​វិញ ។

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស នរោត្តម រណឫទ្ធិ លោក មុត ចន្ថា បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ថា គណបក្ស​មិន​បាន​ឮ​ដំណឹង​ដែល​ថា សម្តេច​ក្រុមព្រះ​មាន​ឆន្ទៈ​ចង់​លា​ឈប់​ពី​នយោបាយ​នោះ​ឡើយ ៕