រ៉ុង ឈុន នឹង​ដឹកនាំ​ប្រតិភូ​ពិនិត្យ​បង្គោល​ព្រំដែន​ខ្មែរ-​វៀតណាម​នៅ​​កំពង់ចាម

សកម្មជន​ឃ្លាំមើល​ព្រំដែន​កម្ពុជា មាន​គម្រោង​ចុះ​ពិនិត្យ​​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​ ប្រទេស​​​កម្ពុជា ជាមួយ​​​ប្រទេស​​វៀតណាម នៅ​ខេត្ត​កំពង់ចាម ដែល​ពលរដ្ឋ​អះអាង​ថា ការ​បោះ​តម្រុយ​ព្រំដែន​នេះ បាន​ធ្វើ​ឲ្យ​បាត់បង់​ដី​ចម្ការ​កំពុង​បង្កបង្កើន​​ផល​តាំង​ពី​ដូនតា។

0:00 / 0:00

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ លោក​គ្រោង​ទៅ​ពិនិត្យ​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១០៩ រវាង​ប្រទេស​​​កម្ពុជា-​វៀតណាម ស្ថិត​នៅ​ឃុំ​ដា ស្រុក​​មេមត់ ខេត្ត​កំពង់ចាម។

លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ផង​នោះ បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ចុះ​ពិនិត្យ​នៅ​តាម​ព្រំដែន គឺ​​​គ្រាន់តែ​ចង់​ដឹង​​​ថា រាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​អនុវត្ត​ត្រឹមត្រូវ​ដែរ ឬ​យ៉ាង​ណា? ប៉ុន្តែ​មិនមែន​មាន​ន័យ​​​ថា ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការងារ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ៖ «បើ​យើង​រក​ឃើញ​ថា មាន​ការ​បោះ​ចូល​មក​លើ​ទឹកដី​កម្ពុជា ពិត​ប្រាកដ​មែន យើង​លើក​បញ្ហា​ហ្នឹង​ដាក់​ជូន​រាជ​រដ្ឋាភិបាល និង​គណៈកម្មការ​ព្រំដែន​កម្ពុជា ឲ្យ​ពិចារណា ហើយ​និង​សុំ​ឲ្យ​ផ្អាក​នូវ​ការ​បោះ​បង្គោល​ហ្នឹង ចាំ​សិក្សា​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​ចាំ​បោះ​បន្ត​ទៀត»

លោក​បន្ថែម​ថា គម្រោង​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​កំពង់ចាម ពេល​នេះ ធ្វើ​ឡើង​​នៅ​គ្រា​​​​មាន​​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រយ​​គ្រួសារ​រស់​នៅ​តំបន់​នោះ បាន​សម្ដែង​កង្វល់​ពី​ការ​បារម្ភ​​​​​​ខ្លាច​បាត់​បង់​ដីធ្លី​បណ្ដាល​មក​ពី​ការ​​បោះ​​​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​តំបន់​នោះ។

កសិករ​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​រស់​នៅ​ឃុំ​ដា ស្រុក​មេមត់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ថ្មីៗ​នេះ ពិតជា​បាន​ប៉ះ​ពាល់​​​ដល់​ដី​​ចម្ការ​ពលរដ្ឋ​ធ្លាប់​រស់​អាស្រ័យ​ផល​តាំង​ពី​ដូន​តា​រៀង​មក​ពិត​មែន។

ពលរដ្ឋ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ដូច្នេះ ៖ «បាត់​បង់​ដី​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​ហ្នឹង​ខ្ញុំ​និយាយ​ទៅ​ក្រែងលោ​ខ្ញុំ​ចេះ​តែ​និយាយ​បំផ្លើស​អី សូម​បង​មក​មើល​ផ្ទាល់​មក ដល់​គេ​ឲ្យ​មើល​ហើយ គឺ​បោះ​ចូល​មក​ក្នុង​ចម្ការ​ស្វាយ​ប្រជាពលរដ្ឋ​តែម្ដង»

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដា លោក ឃី ប៊ុនហាក់ មាន​ប្រសាសន៍​ថា ការងារ​បោះ​តម្រុយ​កំណត់​ព្រំដែន​​រវាង​កម្ពុជា-​វៀតណាម គឺ​មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ​ដា ត្រូវ​រក​ដំណោះស្រាយ​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ការ​បោះ​តម្រុយ​បង្គោល​​​ព្រំដែន​នៅ​មូលដ្ឋាន​របស់​លោក ក្រុម​ការងារ​បោះ​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​បាន​បោះ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ពិត​ជា​បាន​ប៉ះពាល់​ដល់​ដី​ចម្ការ​ពលរដ្ឋ​ពិត​មែន។

លោក ឃី ប៊ុនហាក់ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ប៉ុន្តែ​ទម្លាប់​ប្រជាពលរដ្ឋ​គាត់​ធ្វើ​កន្លង​មក គាត់​ធ្វើ​កន្លែង​បោះ​បង្គោល​តម្រុយ​​​​បង្គោល​ព្រំដែន​ហ្នឹង។ បោះ​ហ្នឹង​បោះ​ចូល​មក​ក្នុង​ចម្ការ​ស្វាយ​របស់​ប្រជាពលរដ្ឋ​ប្រហែល​ជា​ ១០០​ម៉ែត្រ ព្រោះ​កន្លែង​ហ្នឹង​​ម្ខាង​វៀតណាម ដាំ​អំពៅ ម្ខាង​ទៀត​ប្រជាពលរដ្ឋ​កម្ពុជា គាត់​ដាំ​ស្វាយចន្ទី»

​ប្រភព​ឲ្យ​ដឹង​ទៀត​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម នៅ​ឃុំ​ដា ស្រុក​មេមត់ ទំនង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​​ដី​ស្រែ​​​ចម្ការ​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ កំពុង​រស់​នៅ​តំបន់​នោះ។

យ៉ាង​ណា​ក៏ដោយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​ណា​មួយ​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​ក្រុម​ការងារ​ជំនាញ បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​បច្ចេកទេស​ត្រឹមត្រូវ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត។

លោក វ៉ា គឹមហុង បាន​ស្នើ​ទៅ​មន្ត្រី​សង្គម​ស៊ីវិល​ក្តី ឬ​មន្ត្រី​គណបក្ស​ប្រឆាំង​ក្តី សូម​និយាយ​ស្ដី​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​សូម​កុំ​រំខាន​ដល់​ការងារ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​ច្បាប់។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​បន្ថែម ៖ «លោក រ៉ុង ឈុន គាត់​ជំនាញ​អី​ដែល​គាត់​ដឹង​ថា បាត់​បង់​ទឹក​ដី​ហ្នឹង? បាត់បង់​ត្រង់​ណា​ឲ្យ​ពន្យល់​ផល​មើល៍។ យើង​មិន​បិទ​ទេ ប៉ុន្តែ​សូម​ឲ្យ​ពន្យល់ កុំ​ចេះ​តែ​និយាយ អា​និយាយ​វា​អត់​ពិបាក​ទេ គ្រាន់​តែ​ចោទ​ហ្នឹង យើង​គិត​ថា រដ្ឋាភិបាល​គេ​ល្ងង់​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី ចាំ​បាច់​បោះ​បង្គោល​ធ្វើ​អី បើ​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ដដែល?»

មន្ត្រី​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម មាន​គម្រោង​​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ចប់​ជា​ស្ថាពរ នៅ​ត្រឹម​ឆ្នាំ​២០១២។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន កន្លង​មក ធ្លាប់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចុះ​ពិនិត្យ​ការ​បោះ​តម្រុយ​​​​​​បង្គោល​​​​​ព្រំដែន​​កម្ពុជា-​វៀតណាម នៅ​តាម​ខេត្ត​មួយ​ចំនួន​មាន​ដូច​ជា​ខេត្ត​តាកែវ ជាដើម ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​មក​រារាំង៕