ព្រះ​មហាវីរក្សត្រ, ព្រះ​មហាក្សត្រ, សម្ដេច​ម៉ែ យាង​ទៅ​ប្រទេស​ចិន

ព្រះ​មហាវីរក្សត្រ ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ ទី​១ សីហា​នេះ ក្រោម​ការយាង​ពី​រដ្ឋាភិបាល​ចិន ដើម្បី​យាង​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​ចូលរួម​ជាមួយ​នឹង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​ខាង​មុខ​នេះ ហើយ​បន្ទាប់​មក​ទ្រង់​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​យាង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​យ៉ា​ងយូរ​២​សប្ដាហ៍​ខាង​មុខ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «លោក​ចូលរួម​នៅ​ក្នុង​ការបើក​អូឡាំពិក​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រាជ​រដ្ឋាភិបាល​មួយចំនួន... ។ ហើយ​ផុត​មក លោក​នឹង​ត្រួតពិនិត្យ​នូវ​ព្រះរាជ​សុខភាព​របស់​លោក ម៉្លោះ​ហើយ​លោក​នឹង​យាង​មក​វិញ​យ៉ាង​យូរ​ពីរ​សប្ដាហ៍»

ទាក់ទង​នឹង​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ម៉ែ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ទ្រង់​នឹង​គង់​នៅ​ប្រទេស​ចិន​មួយ​រយៈ ដើម្បី​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព ។

នៅ​ក្នុង​ព្រះរាជ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​របស់​ព្រះ​មហាក្សត្រ ព្រះ​មហាវីរក្សត្រ និង​សម្ដេច​ម៉ែ​នោះ ក៏​មាន​ការចូលរួម​ដង្ហែ​ព្រះរាជ​ដំណើរ​ពី​សំណាក់​ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជា​ច្រើន​រូប​និង​មន្ត្រី​ទូត​ផងដែរ ៕