លោក ហែម សិលា អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រោយពីមានការជួបជជែកគ្នាពេញមួយព្រឹកនាថ្ងៃសុក្រ គឺថាភាគីទាំងសងខាងមិនបានផ្លាស់ប្តូរជំហររបស់ខ្លួននោះទេដោយសំអាងលើអង្គហេតុរៀងៗខ្លួន ។
លោក ហែម សិលា បានឲ្យដឹងថា ៖ «សរុបសេចក្តីមកទោះបីគ.ខ.ប. (គណៈកម្មការខេត្តរៀបចំការបោះឆ្នោត) ខិតខំសម្របសម្រួលយ៉ាងណាក៏ដោយក៏លោក សួន ចំរើន តំណាងគណបក្សសមរង្ស៊ីមិនព្រមដែរ...» ។
បណ្តឹងទាំងបីដែលគណបក្សសមរង្ស៊ីបានប្តឹងហើយត្រូវបានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC) ហៅមកសម្របសម្រួលនោះគឺករណីចោទ លោក អ៊ុយ ពន្លឺ តំណាងគណបក្សប្រជាជនកម្ពុជាអុកឡុកនិងជេរប្រមាថ លោក អេង ឆៃអ៊ាង និងលោក សម រង្ស៊ី កាលពីថ្ងៃទី១ ខែកក្កដា ករណីចោទគណបក្សប្រជាជនកម្ពុជាយកសាលាស្រុកប្រើប្រាស់ជាទីស្នាក់ការរបស់ខ្លួន ដើម្បីធ្វើការឃោសនាកាលពីថ្ងៃដំបូង និងការប្តឹងចោទ លោក អៀម ចឿង មន្ត្រីសេវាកម្មច្បាប់របស់គណៈកម្មការរៀបចំការបោះឆ្នោតឃុំក្នុងស្រុករតនមណ្ឌល អុកឡុករំខានដល់ការឃោសនារបស់គណបក្សសមរង្ស៊ីកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៨ ។
លោក សួន ចំរើន ប្រធានចលនាយុវជននិងជាប្រធានគណបក្សសមរង្ស៊ីស្រុកបាត់ដំបងដែលធ្វើជាតំណាងចូលក្នុងកិច្ចសម្របសម្រួលនោះបានថ្លែងថា មូលហេតុដែលគណបក្សសមរង្ស៊ីមិនទទួលយកការសម្របសម្រួលគឺថាទង្វើរបស់គណបក្សប្រជាជន និងមន្ត្រីសេវាកម្មច្បាប់របស់ឃុំគឺបានប្រព្រឹត្តខុសច្បាប់ទាំងស្រុង ។
លោក សួន ចំរើន បានមានប្រសាសន៍ថា ៖ «ទោះបីមានការសុំទោសគណបក្សស្រុកបាត់ដំបងបានធ្វើការសុំទោសហើយសន្យាហើយ ក៏ប៉ុន្តែបើសិនជាយើងទទួលយកការសម្របសម្រួលគ្រប់រឿងនោះអ៊ីចឹងយើងមិនបាច់បង្កើតច្បាប់មកទេ» ។
ជាមួយគ្នានេះគណបក្សសមរង្ស៊ីបានទាមទារឲ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដកលោក អៀម ចឿង មន្ត្រីសេវាកម្មច្បាប់របស់ CEC (គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត) ស្រុករតនមណ្ឌលចេញពីតំណែង ។ លោក អៀម ចឿង ដែលបានចូលខ្លួនមកសម្របសម្រួលនោះបានបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេហើយលោកក៏ទាមទាររកយុត្តិធម៌ដែរ ។
លោក អៀម ចឿង ៖ «តែបើសិនដកខ្ញុំចេញពីតំណែងទាំងអយុត្តិធម៌ទេអាហ្នឹងស្រេចតែអស់លោកនឹកឃើញចុះ» ។
ចំណែកឯលោក អុយ ពន្លឺ តំណាងគណបក្សប្រជាជនវិញមិនត្រឹមតែច្រានចោលការចោទប្រកាន់របស់គណបក្សសមរង្ស៊ីទេ ប៉ុន្តែលោកអះអាងថាលោកបានប្តឹងបកមកគណបក្សសមរង្ស៊ីវិញនៅគណៈកម្មការរៀបចំការបោះឆ្នោតនៅឃុំសឹង ៖ «ខ្ញុំរក្សាពាក្យបណ្តឹងខ្ញុំរហូត ពីព្រោះខ្ញុំអត់មានកំហុស» ។
បើតាមលោក ហែម សិលា អនុប្រធាន PEC ខេត្តបាត់ដំបងបានឲ្យដឹងថាលទ្ធផលចាញ់ឈ្នះរបស់ភាគីទាំងសងខាងគេនឹងអាចដឹងនៅក្នុងសវនាការនាថ្ងៃសៅរ៍នេះដែលរៀបចំជំនុំជម្រះដោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ៕
