លោក សុន ឆ័យ អ្នកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការគូរផែនទីបរិវេណប្រាសាទព្រះវិហារថ្មី ដើម្បីដាក់ជាបេតិកភណ្ឌពិភពលោកតាមសំណើរបស់ថៃនោះ គឺជានយោបាយខុសឆ្គងរបស់រដ្ឋាភិបាលខ្មែរ និងធ្វើឲ្យបាត់បង់អធិបតេយ្យជាតិ ។
លោក សុន ឆ័យ បានឲ្យដឹងថា ៖ «ជាកំហុសរបស់រដ្ឋាភិបាលដែរដែលបង្កើតបញ្ហានេះឲ្យគេអាចទាមទារ ដែលយើងឃើញហើយថាមិនត្រឹមតែគេទាមទារដីដែលនៅក្បែរប្រាសាទ ដើម្បីធ្វើឲ្យយើងមិនអាចនឹងគ្រប់គ្រងប្រាសាទ និងយកចំណេញវិស័យទេសចរណ៍បានប៉ុណ្ណោះទេ គឺគេឈានមួយជំហានទៀតហើយ រហូតដល់គេជជែកគ្នាថាគេអាចទាមទារប្ដឹងតវ៉ាឲ្យយកប្រាសាទព្រះវិហារនេះពីខ្មែរទៅទៀតផង ។ នេះជាកំហុសធ្ងន់ធ្ងរណាស់ដែលការធានាជាអន្តរជាតិត្រូវបានសម្រេចជាស្ថាពរតាំងពីឆ្នាំ១៩៦២ ហើយថៃមិនដែលតវ៉ាទាល់តែសោះ» ។
ប្រតិកម្មរបស់លោក សុន ឆ័យ នេះបានធ្វើឡើងបន្ទាប់ពីមានបាតុកម្មជាច្រើនថ្ងៃមកហើយរបស់ប្រជាពលរដ្ឋនិងអ្នកប្រឆាំងថៃ ដោយទាមទារឲ្យរដ្ឋាភិបាលខ្លួនប្រឆាំងនឹងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ហើយថែមទាំងអះអាងថាប្រាសាទព្រះវិហារជារបស់ថៃ ។
ប៉ុន្តែឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថាការចោទប្រកាន់របស់លោក សុន ឆ័យនោះ គឺជារឿងនយោបាយដ៏អាក្រក់និងមើលងាយជាតិខ្លួនតែប៉ុណ្ណោះ ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «ហើយធ្វើមិនមែនក្រោមឥទ្ធិពលរបស់ថៃទេ និយាយអ៊ីចឹងបានសេចក្ដីថា មើលងាយរដ្ឋាភិបាលខ្មែរ ...ហើយរាជរដ្ឋាភិបាលខ្មែរហ្នឹងគ្មាននៅក្រោមឥទ្ធិពលអ្នកណាទេ» ។
គួរបញ្ជាក់ថានាពេលថ្មីៗនេះរដ្ឋាភិបាលខ្មែរបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលថៃក្នុងការគូសផែនទីថ្មីនៃតំបន់ប្រាសាទព្រះវិហារ មុននឹងបញ្ជូនឲ្យអង្គការយូណេស្កូ ដើម្បីដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ ។ តាមផែនទីថ្មីនៃតំបន់ប្រាសាទព្រះវិហារ ដែលភាគីកម្ពុជាបានស្នើឡើងនោះ ប្រាសាទព្រះវិហារដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា និងមានបរិវេណដីជុំវិញប្រាសាទមានគម្លាតប្រវែង៣០ម៉ែត្រ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។
មន្ត្រីអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា តាមផែនទីនេះគឺមិននិយាយពីបញ្ហាទឹកដីព្រំដែនទេ ហើយប្រទេសកម្ពុជានិងប្រទេសថៃក៏នឹងមិនបាត់បង់ទឹកដីមួយចំអាមនោះឡើយ ។
ពេលនេះមន្ត្រីខ្មែរបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលនឹងនៅតែបន្តបិទច្រកចូលប្រាសាទព្រះវិហារជាមួយនឹងប្រទេសថៃ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកទេសចរណ៍ ដរាបណានៅតែមានការតវ៉ារបស់ប្រជាពលរដ្ឋនិងអ្នកនយោបាយថៃនោះ ៕
