មេ​ឃុំ​បក្ស​ប្រជាជន​នៅ​ពោធិ៍សាត់​រង​ការចោទ​ថា​មិន​ឲ្យ​បក្ស​សមរង្ស៊ី​ប្រជុំ

2008-06-24

មន្ត្រី​គណបក្ស​សមរង្ស៊ី ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​មេ​ឃុំ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​នេះ​ថា​បាន​ប្រើ​អំណាច​គាបសង្កត់​មិន​ឲ្យ​គណបក្ស​សមរង្ស៊ី​ធ្វើ​សកម្មភាព​កោះប្រជុំ​សមាជិក​បក្ស​បាន ។

ជំទប់​ទី​១​និង​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី​ឃុំ​ឈើតុំ លោក រឿន វ៉ាន់ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​២៣ មិថុនា ថា​មេ​ឃុំ​ឈើតុំ លោក ធឹម ង៉ុក បាន​បញ្ជា​ឲ្យ​មេ​ភូមិ​រារាំង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សមរង្ស៊ី​មិន​ឲ្យ​ទៅ​ប្រជុំ​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​និង​បាន​ប្រើ​រូបភាព​ផ្សេងៗ​ទៀត ដើម្បី​បំបាក់​ស្មារតី​លោក​ផងដែរ ។

លោក រឿន វ៉ាន់ បាន​មាន​ប្រសាសន៍​ថា ៖ «មេ​ឃុំ​គាត់​អត់​ធ្វើ​ផ្ទាល់​ទេ គាត់​ដាក់​បញ្ហា​គាបសង្កត់​នេះ​ទៅ​លើ​មេ​ភូមិ​គ្រប់​ភូមិ ។ គាត់​ឲ្យ​មេ​ភូមិ​គ្រប់​ភូមិ​ឲ្យ​តែ​មាន​បញ្ហា​ប្រជុំ​អី គាត់​ប្រើ​គ្រប់​រូបភាព​ដើម្បី​ឲ្យ​មេ​ភូមិ​ហ្នឹង​ដើរ​គំរាម​កំហែង​ប្រជាពលរដ្ឋ គាត់​ថា​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​ឬ​មួយ​ក៏​គណបក្ស​ផ្សេងៗ ពេល​បោះឆ្នោត​ដែល​ជាប់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី គាត់​នឹង​ចែក​តំបន់​ថា​អ្នក​ឯង​បោះឆ្នោត​ឲ្យ​អ្នក​ណា​អ្នក​ឯង​ទៅ​រស់នៅ​ជាមួយ​នឹង​អ្នក​ហ្នឹង»

មេ​ឃុំ​ឈើតុំ លោក ធឹម ង៉ុក បដិសេធ​ការចោទ​ប្រកាន់​នេះ​ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​បញ្ជា​ឲ្យ​មេ​ភូមិ​ណា​ម្នាក់​ធ្វើ​យ៉ាង​ដូច្នេះ​ឡើយ ៖ «ខ្ញុំ​ដូច​ជា​មិន​ដឹង​រឿង​អី​ផង...»

ឯ​បញ្ហា​លោក រឿន វ៉ាន់ រង​ការចោទ​ប្រកាន់​ថា​បាន​ទិញ​ក្របី​ពី​ចោរ​នោះ​គឺ​ជា​ការប្តឹង​ផ្តល់​របស់​ប្រជាពលរដ្ឋ​ឲ្យ​លោក​ជួយ​ដោះស្រាយ​ក្នុង​នាម​ជា​អាជ្ញាធរ​ដែន​ដី ពុំ​មែន​ជា​ការគាប​សង្កត់​ស្មារតី​ក្នុង​ន័យ​គណបក្ស​នយោបាយ​នោះ​ឡើយ ។

លោក រឿន វ៉ាន់ បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​វា​រឿង​ច្រឡំ​គ្នា​យើង​ដោះស្រាយ​នៅ​សាលា​ឃុំ​ទេ​តើ បី​បួន​លើក​ហើយ​តើ ប៉ុន្តែ​គេ​មិន​ព្រម​ផ្ទាល់​ខ្លួន ហើយ​យើង​បញ្ជូន​ទៅ​តុលាការ​ទៅ ព្រោះ​ឃុំ​មាន​សិទ្ធិ​អី​នឹង​ដោះស្រាយ បើ​យើង​ដោះ​ហើយ​វា​មិន​ព្រមព្រៀង»

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ពិត​ជា​នៅ​មាន​ការគាប​សង្កត់​ខ្លះៗ​ពីសំណាក់​គណបក្ស​កាន់​អំណាច​មក​លើ​គណបក្ស​ប្រឆាំង​នៅ​ឃុំ​មួយចំនួន​ក្នុង​ទូទាំង​ខេត្ត​តែ​រូបភាព​គំរាម​កំហែង​បាន​ថយចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​មុន ។

លោក ភួង សុធា បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ខាង​ភូមិ​ឃុំ​ណា​ក៏​ដូច​ភូមិ​ឃុំ​ណា​ដែរ គណបក្ស​មាន​អំណាច​គាត់​តែងតែ​គាប​សង្កត់ ។ គាបសង្កត់​គណបក្ស​ដែល​ឈរ​នៅ​ក្នុង​រដ្ឋាភិបាល​ហ្នឹង វា​ជា​បញ្ហា​ធម្មតា​ទៅ​ហើយ​សម្រាប់​បក្ស​កាន់​អំណាច ។ ហើយ​ការគាប​សង្កត់​ហ្នឹង​ដូច​ជា​ការគាប​សង្កត់​ខាង​ស្មារតី​ទៅ​វិញ​ទេ វា​ដូច​ជា​អត់​មាន​ការគាប​សង្កត់​ដូច​កាលពី​អាណត្តិ​មុនៗ​ដែល​យើង​ឃើញ​ថា​មាន​ការគំរាម​កំហែង​...»

គួរ​បញ្ជាក់​ផងដែរ​ថា​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២៧ កក្កដា​ខាង​មុខ​នេះ មាន​គណបក្ស​ចំនួន​១១​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត ៕

អត្ថបទ​ដែល​ទាក់ទង

វិស័យ​អភិបាល​កិច្ច​និង​សេវា​សាធារណៈ​នៅ​កម្ពុជា​ត្រូវការ​ការកែ​ទម្រង់

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដក​ព្រះកាយ​ពី​សង្វៀន​នយោបាយ

ហ៊ុន សែន៖ រដ្ឋាភិបាល​ថ្មី​នឹង​មិន​មាន​ការចូលរួម​ពី​បក្ស​"រណឫទ្ធិ"​ទេ

ហ៊ុន សែន៖ មន្ត្រី​បក្ស​ប្រជាជន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​សម្រាប់​អាណត្តិ​ទី​៤

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ យាង​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ

មតិ​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ខ្មែរ​ជុំ​វិញ​ការយាង​មក​វិញ​នៃ​សម្ដេច​ក្រុមព្រះ

នាយក​រដ្ឋមន្ត្រី៖ កម្ពុជា​នឹង​ធ្វើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល

សម្តេច​ក្រុមព្រះ​នឹង​យាង​មក​ដល់​ខែត្រ​សៀមរាប​នៅ​ថ្ងៃ​អាទិត្យ​នេះ

បក្ស​សមរង្ស៊ី​តបត​នឹង​មតិ​រិះគន់​លើ​នយោបាយ​បត់បែន​របស់​បក្ស

ប្រធាន​បក្ស​នយោបាយ​មួយ​នៅ​ស.រ.អា.​គ្រោង​ឈរ​ឈ្មោះ​ជា​ចៅ​សង្កាត់​ក្នុង​ក្រុង​ភ្នំពេញ