លោក ម៉ៅ សារីន បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃសុក្រ ទី៤ កក្កដានេះ ថាកាលពីថ្ងៃច័ន្ទលោកបានយកស្លាកគណបក្សសមរង្ស៊ីយកមកដាក់នៅខាងមុខផ្ទះ ស្រាប់តែនៅពេលល្ងាចវេលាម៉ោង៦និង១០នាទី ឈ្មោះ ឈិន សារ៉ាន ដែលរស់នៅទល់មុខផ្ទះលោកនោះ បានមកគំរាមចង់សម្លាប់លោកនិងបញ្ជាឲ្យដោះស្លាកនោះចេញវិញ បើសិនចង់សុខខ្លួន ។
លោក ម៉ៅ សារីន បានឲ្យដឹងថា ៖ «ចងបដាគណបក្សសមរង្ស៊ី ដល់ចងហើយទៅ ដល់ពេលខ្ញុំទៅយកក្របីយកមកចូលផ្ទះហ្នឹង វាមានព្រឹត្តិការណ៍កើតឡើង ។ គេមកប្រមាថខ្ញុំ មានគេគំរាមថា "ដោះស្លាកចេញអ្ហែងអាងនាទីណាដាក់ស្លាកហ្នឹង ?"» ។
វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងជាមួយនឹងលោក ឈិន សារ៉ាន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេនៅថ្ងៃនេះ ។
ប៉ុន្តែលោកមេឃុំមងរាវ ឈ្មោះ គុយ សេង បានឆ្លើយតបថារឿងនេះមិនពិតដូចការចោទប្រកាន់ខាងលើនោះទេ ៖ «ដូចថាវាមិនជាបញ្ហាអីផងហ្នឹង ។ អាហ្នឹងវាអត់ដែលនៅស្រុកហ្នឹងផងហ្នឹង វាទៅធ្វើការនៅមេមត់រាល់ថ្ងៃ ហើយវាមកជួបជុំគ្នាវាផឹកស៊ី ។ ដល់ផឹកស៊ីទៅវាមានការជេរបញ្ចោ ដល់រួចទៅអាហ្នឹងវាទៅមេមត់បាត់វិញទៅ» ។
ទោះជាយ៉ាងណាជំទប់ឃុំមងរាវ គណបក្សសមរង្ស៊ី ឈ្មោះ កង មឿង បានបញ្ជាក់ថាឈ្មោះ ឈិន សារ៉ាន បានជេរប្រមាថសកម្មជនរបស់លោកមែន ៖ «ប្រាប់ថាស្គាល់គេឬអត់... អ្ហែងប្រយ័ត្នស្លាប់!» ។
ចំណែកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំឈ្មោះ ជា សុភ័ណ បានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ៅ សារីន អំពីការគំរាមសម្លាប់នេះហើយ ប៉ុន្តែលោកបានកោះហៅភាគីដែលត្រូវបានគេចោទប្រកាន់ ឈ្មោះ ឈិន សារ៉ាននោះ ចំនួនពីរលើករួចមកហើយតែគេមិនបានមកជួបដើម្បីបំភ្លឺអំពីរឿងនេះទេ ។
លោក ជា សុភ័ណ បានមានប្រសាសន៍ថា ៖ «ថាគាត់អត់មកផង ខ្ញុំទៅមួយសាទៀតគ្រប់លើកទី៣ ។ ខ្ញុំនៅតែដោះស្រាយរឿងហ្នឹង ខ្ញុំនៅតែព្យាយាមដោះស្រាយ» ។
មន្រ្តីសម្របសម្រួលនិងឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្រ្វែល លោក នាង សូវ៉ាត បានមានប្រសាសន៍ថានេះជាការគំរាមកំហែងផ្នែកនយោបាយមួយ បើយោងតាមនីតិវិធីបោះឆ្នោតប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិនិងគាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ។
លោក នាង សូវ៉ាត បានបញ្ជាក់ថា ៖ «ច្បាប់បានអនុញ្ញាតឲ្យពួកគាត់ចូលរួមក្នុងការបញ្ចេញមតិនិងការគាំទ្រការហែក្បួន ឬក៏ការដាក់ស្លាកផ្សេងៗដើម្បីស្វែងរកសំឡេងឆ្នោត ហើយបើសិនជាមានការគំរាមកំហែងទាក់ទងទៅនឹងការលើកស្លាកហ្នឹង អាហ្នឹងវាជាច្បាប់បោះឆ្នោតហើយ សាមីខ្លួនរងគ្រោះហ្នឹងអាចដាក់ពាក្យបណ្ដឹងទៅ PEC បាន ដើម្បីឲ្យគេរកយុត្តិធម៌ឲ្យគាត់» ។
គេសង្កេតឃើញថាក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយកន្លងមកថ្មីៗនេះ សកម្មភាពរារាំងក្បួនហែឃោសនានិងការគំរាមកំហែងចេះតែកើតមានចំពោះគណបក្សសមរង្ស៊ី ៕
