សកម្មជន​បក្ស​សមរង្ស៊ី​នៅ​ខែត្រ​កំពង់ចាម​រង​ការគំរាម​សម្លាប់

សកម្មជន​គណបក្ស​សមរង្ស៊ី​ម្នាក់ ឈ្មោះ ម៉ៅ សារីន នៅ​ក្នុង​ភូមិ​មង​រាវ ឃុំ​មង​រាវ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម ត្រូវ​បាន​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​ជាមួយ​ឈ្មោះ ឈិន សារ៉ាន បាន​គំរាម​សម្លាប់​បន្ទាប់ពី​លោក​បាន​លើក​ស្លាក​សញ្ញា​គណបក្ស​សមរង្ស៊ី​ដាក់​នៅ​ខាង​មុខ​ផ្ទះ កាលពី​ថ្ងៃ​ទី​៣០ មិថុនា​កន្លង​ទៅ​នេះ ។

0:00 / 0:00

លោក ម៉ៅ សារីន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​៤ កក្កដា​នេះ ថា​កាលពី​ថ្ងៃ​ច័ន្ទ​លោក​បាន​យក​ស្លាក​គណបក្ស​សមរង្ស៊ី​យក​មក​ដាក់​នៅ​ខាង​មុខ​ផ្ទះ ស្រាប់តែ​នៅ​ពេល​ល្ងាច​វេលា​ម៉ោង​៦​និង​១០​នាទី ឈ្មោះ ឈិន សារ៉ាន ដែល​រស់នៅ​ទល់​មុខ​ផ្ទះ​លោក​នោះ បាន​មក​គំរាម​ចង់​សម្លាប់​លោក​និង​បញ្ជា​ឲ្យ​ដោះ​ស្លាក​នោះ​ចេញ​វិញ បើសិន​ចង់​សុខ​ខ្លួន ។

លោក ម៉ៅ សារីន បាន​ឲ្យ​ដឹង​ថា ៖ «ចង​បដា​គណបក្ស​សមរង្ស៊ី ដល់​ចង​ហើយ​ទៅ ដល់​ពេល​ខ្ញុំ​ទៅ​យក​ក្របី​យក​មក​ចូល​ផ្ទះ​ហ្នឹង វា​មាន​ព្រឹត្តិការណ៍​កើតឡើង ។ គេ​មក​ប្រមាថ​ខ្ញុំ មាន​គេ​គំរាម​ថា "ដោះ​ស្លាក​ចេញ​អ្ហែង​អាង​នាទី​ណា​ដាក់​ស្លាក​ហ្នឹង ?"»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទំនាក់​ទំនង​ជាមួយ​នឹង​លោក ឈិន សារ៉ាន ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទ​ប្រកាន់​ខាង​លើ​បាន​ទេ​នៅ​ថ្ងៃ​នេះ ។

ប៉ុន្តែ​លោក​មេ​ឃុំ​មង​រាវ ឈ្មោះ គុយ សេង បាន​ឆ្លើយតប​ថា​រឿង​នេះ​មិន​ពិត​ដូច​ការចោទ​ប្រកាន់​ខាង​លើ​នោះ​ទេ ៖ «ដូច​ថា​វា​មិន​ជា​បញ្ហា​អី​ផង​ហ្នឹង ។ អា​ហ្នឹង​វា​អត់​ដែល​នៅ​ស្រុក​ហ្នឹង​ផង​ហ្នឹង វា​ទៅ​ធ្វើការ​នៅ​មេមត់​រាល់ថ្ងៃ ហើយ​វា​មក​ជួបជុំ​គ្នា​វា​ផឹកស៊ី ។ ដល់​ផឹកស៊ី​ទៅ​វា​មាន​ការជេរ​បញ្ចោ ដល់​រួច​ទៅ​អា​ហ្នឹង​វា​ទៅ​មេមត់​បាត់​វិញ​ទៅ»

ទោះជា​យ៉ាងណា​ជំទប់​ឃុំ​មង​រាវ គណបក្ស​សមរង្ស៊ី ឈ្មោះ កង មឿង បាន​បញ្ជាក់​ថា​ឈ្មោះ ឈិន សារ៉ាន បាន​ជេរ​ប្រមាថ​សកម្មជន​របស់​លោក​មែន ៖ «ប្រាប់​ថា​ស្គាល់​គេ​ឬ​អត់... អ្ហែង​ប្រយ័ត្ន​ស្លាប់!»

ចំណែក​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ឈ្មោះ ជា សុភ័ណ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ ម៉ៅ សារីន អំពី​ការគំរាម​សម្លាប់​នេះ​ហើយ ប៉ុន្តែ​លោក​បាន​កោះហៅ​ភាគី​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ ឈ្មោះ ឈិន សារ៉ាន​នោះ ចំនួន​ពីរ​លើក​រួច​មក​ហើយ​តែ​គេ​មិន​បាន​មក​ជួប​ដើម្បី​បំភ្លឺ​អំពី​រឿង​នេះ​ទេ ។

លោក ជា សុភ័ណ បាន​មាន​ប្រសាសន៍​ថា ៖ «ថា​គាត់​អត់​មក​ផង ខ្ញុំ​ទៅ​មួយ​សា​ទៀត​គ្រប់​លើក​ទី​៣ ។ ខ្ញុំ​នៅតែ​ដោះស្រាយ​រឿង​ហ្នឹង ខ្ញុំ​នៅតែ​ព្យាយាម​ដោះស្រាយ»

មន្រ្តី​សម្រប​សម្រួល​និង​ឃ្លាំមើល​ការបោះ​ឆ្នោត​អង្គការ​ខុមហ្រ្វែល លោក នាង សូវ៉ាត បាន​មាន​ប្រសាសន៍​ថា​នេះ​ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ​មួយ បើ​យោង​តាម​នីតិ​វិធី​បោះ​ឆ្នោត​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​និង​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត ។

លោក នាង សូវ៉ាត បាន​បញ្ជាក់​ថា ៖ «ច្បាប់​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូលរួម​ក្នុង​ការបញ្ចេញ​មតិ​និង​ការគាំទ្រ​ការហែ​ក្បួន ឬ​ក៏​ការដាក់​ស្លាក​ផ្សេងៗ​ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត ហើយ​បើសិន​ជា​មាន​ការគំរាម​កំហែង​ទាក់ទង​ទៅ​នឹង​ការលើក​ស្លាក​ហ្នឹង អា​ហ្នឹង​វា​ជា​ច្បាប់​បោះ​ឆ្នោត​ហើយ សាមី​ខ្លួន​រងគ្រោះ​ហ្នឹង​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ PEC បាន ដើម្បី​ឲ្យ​គេ​រក​យុត្តិធម៌​ឲ្យ​គាត់»

គេ​សង្កេត​ឃើញ​ថា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​កន្លង​មក​ថ្មីៗ​នេះ សកម្មភាព​រារាំង​ក្បួន​ហែ​ឃោសនា​និង​ការគំរាម​កំហែង​ចេះតែ​កើតមាន​ចំពោះ​គណបក្ស​សមរង្ស៊ី ៕