មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដាក់​លិខិត​ជា​ផ្លូវ​ការ​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង។

0:00 / 0:00

ការ​ស្នើ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ពេល​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កសិផល​របស់​ពលរដ្ឋ​ខ្មែរ មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់​បាន​នោះ​ទេ។

លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ថា ការ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ចប់​តួនាទី​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋមន្ត្រី​រូប​នេះ​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រក​ទីផ្សារ ដើម្បី​ជំរុញ​ឲ្យ​កសិផល​ខ្មែរ​មាន​តម្លៃ​ខ្ពស់ គិត​ចាប់​ពី​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នោះ​មក។

លោក ជា ប៉ូច៖ «ខ្ញុំ​យល់​ឃើញ​ថា លោក ចម ប្រសិទ្ធ ការងារ​ដឹកនាំ​រដ្ឋមន្ត្រី​របស់​គាត់ គឺ​ពុំ​មាន​សមត្ថភាព ដោយ​សារ​ទីផ្សារ​ផលិត​នៅ​ប្រទេស​ខ្មែរ​យើង គឺ​គាត់​មិន​ដែល​គាត់​រក​ទីផ្សារ​បាន​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​ធ្វើ​កសិកម្ម​រឹត​តែ​ល្អ​ប្រសើរ​ទេ ថែម​ទាំង​គាត់​រក​ទីផ្សារ​អត់​បាន​ទាល់​តែ​សោះ»

លិខិត​ចុះ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ដែល​ចុះ​ហត្ថលេខា​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤រូប ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​វិស័យ​កសិកម្ម​ជូន​ពលរដ្ឋ។

លិខិត​បន្ត​ថា ដោយ​ស្ថានភាព​បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូច​ជា ស្រូវ ពោត សណ្ដែក ដំឡូងមី និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត បាន​ឲ្យ​ថ្លៃ​ថោក​យ៉ាង​ខ្លាំង ជាពិសេស​ដំណាំ​ស្រូវ​ដែល​កំពុង​ប្រមូល​ផល។ លិខិត​ដែល​ដាក់​ចូល​ទៅ​ខុទ្ទកាល័យ​លោក ហេង សំរិន នៅ​ថ្ងៃ​ទី១០ មករា ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង សង្ឃឹម​ថា​ពេល​ស្រូវ​ប្រមូល​ផល​លក់​ចេញ​បាន​ថ្លៃ និង​អាច​សង​បំណុល​នានា​រួច ជាពិសេស​ថ្លៃ​ប្រេង និង​ថ្លៃ​ជី​ជាដើម។ ក៏ប៉ុន្តែ ពេល​ឈ្មួញ​ចុះ​ទិញ បាន​បន្ទាប​តម្លៃ​ដំណាំ​កសិផល ដោយ​រួម​ទាំង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ក្នុង​កម្រិត​ថោក​បំផុត។

លោក គាំ កុសល នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន មាន​ប្រសាសន៍​ថា លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី លោក​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​រួច​ហើយ ក្រោយ​ពី​ការ​ស្នើ​ឡើង​នេះ។ លោក​បន្ត​ថា តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល ជុំវិញ​ការ​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ នេះ​នៅ​ឡើយ​ទេ៖ «បាន​ទទួល ហើយ​បាន​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល​ហើយ។ បាទៗ តាំង​ពី​អាទិត្យ​មុន​ម្ល៉េះ ហើយ​ចាំ​មើល​ជិត​ដល់​ពេល​មាន​ចម្លើយ ចាំ​ខ្ញុំ​ជម្រាប​ជូន​ក្រោយ​ទៀត»

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្យាយាម​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​លោក​ទាម​ទារ​ឲ្យ​មាន​លិខិត​ស្នើសុំ​បំភ្លឺ​ជា​ផ្លូវការ​ចំពោះ​បញ្ហា​នេះ៖ «អូរ​សុំ​ទោស! អត់​ឆ្លើយ​សម្ភាស​អាស៊ី​សេរី​ទេ​ណា អើ​តាម​ទូរស័ព្ទ​ទេ។ អ៊ីចឹង​សុំ​សម្ភាស​អី​ធ្វើ​លិខិត​ស្រួល​បួល​មក។ បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​ឆ្លើយ។ ខ្ញុំ​មិន​ឆ្លើយ​តាម​ទូរស័ព្ទ​ទេ»

ទោះ​ជា​បែប​ណា នៅ​ក្នុង​លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​ដក​តំណែង​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី រក​ឃើញ​ថា លោក ចម ប្រសិទ្ធ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ទីផ្សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។