មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតមន្ត្រីគណបក្សសមរង្ស៊ីនិងប្រជាពលរដ្ឋនៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានបញ្ចេញនូវប្រតិកម្មទៅនឹងភាពមិនប្រក្រតីមួយចំនួនដែលកើតមានក្នុងការបោះឆ្នោត ។
ភ្នាក់ងារសង្កេតការណ៍របស់គណបក្សសមរង្ស៊ី លោក វ៉ែត បូណា បានរៀបរាប់ពីភាពមិនប្រក្រតីទាំងនោះដូចជាការដែលមានអ្នកផ្សេងធ្វើការបោះឆ្នោតជំនួសប្រជាពលរដ្ឋ និងការដែលមានមនុស្សផ្សេងប្រើឈ្មោះអ្នកស្លាប់ ឬឈ្មោះដែលផ្លាស់ប្ដូរទីកន្លែងសម្រាប់ធ្វើការបោះឆ្នោតជាដើម ។
លោក ឯម ផាន បានអះអាងថាឈ្មោះរបស់លោកត្រូវបានប្រើប្រាស់សម្រាប់បោះឆ្នោតដោយឈ្មោះ ឯម វឿន ភេទស្រីទៅវិញ ៖ «ខ្ញុំចង់ទៅបោះឆ្នោតនឹងគេដែរ ហើយស្រាប់តែមានគេគូសឈ្មោះខ្ញុំហើយ គេបន្លំទៅ ហើយស្រាប់តែខ្ញុំបោះហើយ ខ្ញុំអត់ទាន់មានជ្រលក់ដៃផង» ។
អ្នកស្រី សំ អូន បានសម្ដែងនូវការសោកស្ដាយដោយអ្នកស្រីខកខានមិនបានបោះឆ្នោត ៖ «ខ្ញុំម្សិលមិញទៅទាំងភ្លៀងទាំងអីកូនខ្ចីចង់ទៅបោះ ។ ហើយដល់ពេលទៅដល់ខ្ញុំចូលទៅបោះ លេខាគេពិនិត្យមើលឈ្មោះ គេថាឈ្មោះ សំ អូន គូសហើយអស់ហើយ គេបោះហើយអស់ហើយ ។ គេដេញឲ្យខ្ញុំចេញមកវិញ ខ្ញុំថាខ្ញុំមិនទាន់បោះហើយឯណា ? ខ្ញុំទើបតែចូលមកស្រាប់តែថាខ្ញុំបោះហើយម៉េចទៅ ?» ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានមានប្រសាសន៍ថាលោកទទួលបាននូវពាក្យបណ្ដឹងមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត ។
លោក តែ ជិនណារិទ្ធ បានមានប្រសាសន៍ថា ៖ «វាមិនមែនបញ្ហាបោះឆ្នោតជំនួសទេ ។ បញ្ហាហ្នឹងវាអ៊ីចេះ ឧទាហរណ៍ថាអ្នកខ្លះវាមានទិន្នន័យ វាដូចថានៅក្នុងគ.ជ.ប.អ៊ីចឹងយើងគិតមើលថា ឲ្យអ្នកមកបោះឆ្នោតហើយខុសទិន្នន័យក្នុងចំណោម៣ចំណុច បើសិនជាមានខុសតែមួយចំណុចអីយើងអនុញ្ញាតឲ្យបោះ អាហ្នឹងចំណុចទី១ ។ ចំណុចហ្នឹងជួនកាលដល់ពេលអ្នកហ្នឹងមកបោះឆ្នោតឃើញខុស ឧទាហរណ៍ថាដូច តុង ហើយនិង កុង អ៊ីចឹង ដល់ពេលមកអាឈ្មោះចុងដូចគ្នា ប៉ុន្តែខុសតែអា តុង ហើយនិង កុង ទេ» ។
អ្នកសម្របសម្រួលនៃគណៈកម្មាធិការ ខុមហ្វ្រែល ប្រចាំខេត្តកំពត និងក្រុងកែប អ្នកស្រី ទ្រី ឈូន បានមានប្រសាសន៍ថា អ្នកស្រីបានសង្កេតឃើញចំណុចអវិជ្ជមាននិងភាពមិនប្រក្រតីច្រើន ។
អ្នកស្រី ទ្រី ឈូន បានបញ្ជាក់ថា ៖ «គេយកទម្រង់១០១៨អ៊ីចឹងអត់មានបិទរូបថតយកទៅបោះឆ្នោតជំនួសឲ្យអ្នកដែលស្លាប់ ហើយគេបន្លំយកទម្រង់១០១៨ហ្នឹងយកទៅបោះឆ្នោត ។ ហើយមួយទៀតយើងឃើញថា មានការបាត់ឈ្មោះហ្នឹងច្រើន ហើយជាពិសេសទៀតហ្នឹងយើងមើលទៅឃើញអាជ្ញាធរហើយនិងក្រុមការងារបក្សហ្នឹងមានសកម្មភាពច្រើននៅមុខការិយាល័យបោះឆ្នោតនីមួយៗហ្នឹង ពួកគេមានប្រើអាយកូមទាក់ទងគ្នាជាប្រចាំផង ។ ហើយសំខាន់បំផុតនៅកន្លែងខ្លះមានគេស៊ីផឹកនៅមុខការិយាល័យបោះឆ្នោតក៏មានដែរ» ។
ផ្អែកតាមប្រភពពីមន្ត្រីសង្កេតការណ៍បោះឆ្នោតនិងយោងតាមប្រភពពីមន្ត្រីគណបក្សនយោបាយផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋបានឲ្យដឹងថាភាពមិនប្រក្រតីទាក់ទិននឹងការបោះឆ្នោត ជាពិសេសការដែលមានអ្នកផ្សេងធ្វើការបោះឆ្នោតជំនួសប្រជាពលរដ្ឋ និងការដែលមានមនុស្សផ្សេងប្រើឈ្មោះអ្នកស្លាប់ ឬឈ្មោះអ្នកដែលផ្លាស់ប្ដូរទីកន្លែងសម្រាប់ធ្វើការបោះឆ្នោតបានកើតមានច្រើនករណី ៕
