អគ្គលេខាធិការរងគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា នយោបាយដែលបត់បែនគឺបន្ទាប់ពីមានកិច្ចសន្យាធានាមួយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការចង់បានបីចំណុចរបស់គណបក្សសមរង្ស៊ី។
លោកស្រី មូរ សុខហួរ បានឲ្យដឹងថា ៖ «ចំណុចទី១ គឺឲ្យមានការធានាថា គណបក្សប្រឆាំងនៅប្រទេសកម្ពុជានឹងមានជាក្រឹត្យក្រមមួយដែលទទួល ស្គាល់ដោយច្បាប់នៅក្នុងប្រធានបទនៃប្រទេសដែលមានលទ្ធិ ប្រជាធិបតេយ្យ។ ចំណុចទី២ គឺយើងចង់បានឲ្យមានការផ្លាស់ប្ដូរនៃបែបបទរបៀបធ្វើការងារនៅក្នុងរង្វង់សភាជាតិយើង។ រឿងទី៣ គឺយើងចង់បានឲ្យមានប្រព័ន្ធបោះឆ្នោតមួយដោយសេរី យុត្តិធម៌ ដែលអាចឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រជាពលរដ្ឋ កុំឲ្យមានការបោះឆ្នោតហើយ ក្រោយពីការបោះឆ្នោតមានការឈ្លោះប្រជែងគ្នាដូចរៀងរាល់ពេលនេះ។ ដូច្នេះនៅពេលដែលយើងបានផ្លាស់ប្ដូរយុទ្ធសាស្ត្រនោះ យើងនៅតែមានជំហរដដែល»។
ការបកស្រាយបានធ្វើឡើងបន្ទាប់ពីគណបក្សសមរង្ស៊ីត្រូវមតិខ្លះដែលធ្លាប់តែគាំទ្រនៅក្នុងនិងក្រៅប្រទេសបានរិះគន់និងនិយាយចំអកប្រមាថពីការមិនគោរពពាក្យសន្យានយោបាយ និងបន្ទាប់ពីមានការធ្វើសុន្ទរកថាមួយរបស់លោកនាយករដ្ឋមន្ត្រីខ្មែរដែលបង្ហាញអំពីភាពមិនចុះសម្រុងគ្នាក្នុងរង្វង់ក្រុមអ្នកប្រឆាំងដែលក្នុងនោះរួមមានទាំងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ផងដែរ។
លោកនាយករដ្ឋមន្ត្រីក្នុងសប្តាហ៍នេះថ្លែងថា សម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានប្រេះស្រាំ ដោយសារតែគណបក្សសមរង្ស៊ីបានចូលរួមកិច្ចប្រជុំសភាដំបូងដោយមិនបានប្រាប់គណបក្សសិទ្ធិមនុស្ស ដែលប្រការបានញ៉ាំងឲ្យលោកប្រធានគណបក្សសិទ្ធិមនុស្ស កឹម សុខា យឺតយ៉ាវមិនអាចចូលរួមបាននៅពេលមកដល់ពាក់កណ្តាលផ្លូវជិតវិមានឯករាជ្យ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ហេតុអីបានជាគាត់មិនព្រមចូលស្បថ គាត់បានប្រាប់តាមរយៈនៃអ្នកដែលធ្វើទំនាក់ទំនងថា គាត់ខឹងឯកឧត្ដម សម រង្ស៊ី តែម្ដង គាត់ខឹង គាត់ជាបក្សនយោបាយមួយដែរឲ្យគាត់រត់តាម។ អ៊ីចឹងទេអ្វីដែលខ្ញុំបានទាយពីមុនមក គ្រប់គ្រាន់ហើយ។ ខ្ញុំមិនមែនជាគ្រូទាយទេ ក៏ប៉ុន្តែរឿងនយោបាយគឺច្បាស់ណាស់»។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីគណបក្សសមរង្ស៊ីបានថ្លែងថា សម្ព័ន្ធភាពរវាងគណបក្សប្រឆាំងទាំងពីរមិនបានប៉ះទង្គិចទេ។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ៖ «ទោះបីសម្ដេចនាយកលោកបានធ្វើការវិភាគថា មានការបាក់បែកគ្នារវាងគណបក្សសមរង្ស៊ីនិងសិទ្ធិមនុស្ស ដោយសារគណបក្សសមរង្ស៊ីចូលរួមនៅថ្ងៃទីមួយនោះ អត់មានទេ រហូតមកដល់ពេលនេះយើងមានគណៈកម្មការពីរដើម្បីធ្វើការងារ ដើម្បីចងសម្ព័ន្ធភាព។ ក្នុងពេលនេះខ្ញុំសូមយកឱកាសអំពាវនាវដល់សកម្មជនរបស់គណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីទូទាំងប្រទេស សូមឲ្យមានស្មារតីរឹងមាំឡើង រួមគ្នាធ្វើការងារនៅឯមូលដ្ឋានដដែល»៕
