បក្ស​សមរង្ស៊ី​ស្នើសុំ​ឲ្យ​គ.ជ.ប.​បង្ហាញ​ភស្តុតាង​ពី​ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត

គណបក្ស​សមរង្ស៊ី​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បង្ហាញ​ឯកសារ​ភស្តុតាង​ពី​ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​កន្លង​មក​នេះ ។

យោង​តាម​លិខិត​ជា​ផ្លូវការ​របស់​គណបក្ស​សមរង្ស៊ី ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា​នេះ ដែល​បាន​ផ្ញើ​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត គឺ​គណបក្ស​សមរង្ស៊ី​អះអាង​ថា គ.ជ.ប.​បាន​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០០៧ លុប​អស់​ចំនួន​ជិត​៦​សែន​នាក់ ដោយ​គ្រាន់តែ​សំអាង​ទៅ​តាម​ការអះអាង​របស់​មេ​ភូមិ​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ ដែល​ជា​ការផ្ទុយ​ទៅ​នឹង​សេចក្តី​ណែនាំ​ដែល​គ.ជ.ប.​អនុញ្ញាត​ឲ្យ​លុប​តែ​ចំពោះ​អ្នក​បោះ​ឆ្នោត​រូប​ណា​ដែល​ស្លាប់ អ្នក​ដែល​មាន​ឈ្មោះ​ស្ទួន អ្នក​ផ្លាស់​ទី​លំនៅ និង​អ្នក​ដែល​រង​ការដកហូត​សិទ្ធិ​បោះ​ឆ្នោត ហើយ​ថា​បើ​លុប​ត្រូវ​ធ្វើឡើង​ដោយ​យុត្តិធម៌ មាន​ឯកសារ​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព ។

គណបក្ស​សមរង្ស៊ី​បញ្ជាក់​ថា ការលុប​ឈ្មោះ​ពលរដ្ឋ​ជា​ច្រើន​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ដោយ​អយុត្តិធម៌​ដូច្នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​សែន​នាក់​ដែល​មាន​ឆន្ទៈ​ទៅ​បោះ​ឆ្នោត​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណតិ្ត​ទី​៤ ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ ២០០៨ នេះ យ៉ាង​អយុត្តិធម៌ ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​មាន​ប្រសាសន៍​បន្ថែម​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការស្នើសុំ​ឲ្យ​គ.ជ.ប.​បង្ហាញ​ឯកសារ​ភស្តុតាង​ជាក់ស្តែង​នោះ​គឺ​សំខាន់​ណាស់ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «នេះ​ជា​ការផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន អាច​ចូល​រាប់​លាន​នាក់​ដែល​ត្រូវ​បាន​គេ​លុប​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ហើយ​ដែល​ត្រូវ​បាន​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​របស់​បង​ប្អូន​ទាំង​នោះ ។ ការលុប​ឈ្មោះ​នេះ​គឺ​លុប​ដោយ​ខុស​ច្បាប់ ពីព្រោះ​មុន​នឹង​លុប​ឈ្មោះ​គេ​ត្រូវតែ​មាន​ភស្តុតាង​ថា សាមី​ខ្លួន​បាន​ស្លាប់​ទៅ​ហើយ ឬ​ក៏​សាមី​ខ្លួន​បាន​ចាកចេញ​ពី​ភូមិ​ឃុំ​ជា​ស្ថាពរ​ទៅ​ណា​បាត់​ហើយ ។ តែ​ជាក់ស្ដែង​មិនមែន​អ៊ីចឹង សាមី​ខ្លួន​នៅ​រស់​សោះ សាមី​ខ្លួន​អត់​មាន​ផ្លាស់​ទី​លំនៅ​ទៅ​ណា​សោះ សាមី​ខ្លួន​បាន​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០០៧ ស្រាប់តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ត្រូវ​គេ​លុប​ឈ្មោះ លុប​ដោយ​គ្មាន​ភស្តុតាង ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ដែល​មាន​លោក អ៊ឹម សួស្ដី ជា​ប្រធាន​នោះ សុំ​ឲ្យ​ផ្ដល់​ភស្តុតាង​មក​ថា មុន​នឹង​លុប​ឈ្មោះ​គេ​ថា​តើ​មាន​អ្វី​ដែល​បញ្ជាក់​ថា​គេ​ស្លាប់ ? តើ​មាន​អ្វី​ដែល​បញ្ជាក់​ថា​គេ​បាន​ចាកចេញ​ពី​លំនៅឋាន​របស់​គេ​ជា​ស្ថាពរ​ទៅ​ណា​ទី​ហើយ ? គេ​អត់​មាន​ទៅ​ណា​សោះ គេ​អត់​ស្លាប់​សោះ លុប​ឈ្មោះ​គេ​នេះ​គឺ​លុប​ដោយ​ខុស​ច្បាប់ ហើយ​លុប​ដោយ​អយុត្តិធម៌»

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា​គណបក្ស​សមរង្ស៊ី​នៅ​មិន​ទាន់​បាន​ចម្លើយ​តប​ពី​គ.ជ.ប.​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​នោះ​រហូត​មក​ដល់​ពេល​នេះ ។ បើ​តាម​សេចក្តី​ប្រកាស​ជា​ផ្លូវការ​របស់​គ.ជ.ប.​ស្តីពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជាតិ ឆ្នាំ ២០០៨ នេះ បាន​ឲ្យ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​៩០​អាសនៈ គណបក្ស​សមរង្ស៊ី​បាន​២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​បាន​៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ បាន​២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​២​អាសនៈ ពី​ក្នុង​ចំណោម​១២៣​អាសនៈ​សភាជាតិ​កម្ពុជា ។

បើ​តាម​ច្បាប់​ក្រោយ​ពី​ថ្ងៃ​បោះ​ឆ្នោត​ចំនួន​៦០​ថ្ងៃ កិច្ចប្រជុំ​ដំបូង​នៃ​សមាជិក​សភា​ថ្មី​នឹង​ប្រព្រឹត្ត​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ខែ​ក្រោយ​នេះ ។ ប៉ុន្តែ​លោក សម រង្ស៊ី បាន​បញ្ជាក់​ច្បាស់​អំពី​ជំហរ​របស់​គណបក្ស​សមរង្ស៊ី នឹង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ទេ បើ​គ.ជ.ប.​នៅតែ​មិន​ដោះស្រាយ​បណ្តឹង​ពី​ការបោះឆ្នោត​នោះ​ឲ្យ​មាន​យុត្តិធម៌​ទេ​នោះ​ព្រោះ​ថា ៖ «គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​មិន​ទទួល​ស្គាល់​ទេ​ការបោះ​ឆ្នោត​បែប​នេះ លទ្ធផល​ដែល​គេ​ប្រកាស​បែប​នេះ ដោយសារតែ​មាន​ប្រជាពលរដ្ឋ​រាប់​សែន​រាប់​លាន​នាក់​មិន​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត ត្រូវ​គេ​លុប​ឈ្មោះ ត្រូវ​គេ​បំបាត់​សិទ្ធិ​បោះឆ្នោត ដូច្នេះ​ការបោះ​ឆ្នោត​នេះ​មិន​ត្រឹមត្រូវ​ទេ មិន​យុត្តិធម៌​ទេ ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​នោះ​បាន​បណ្ដោយ​ឲ្យ​អ្នក​ដែល​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​សោះ យក​ឈ្មោះ​ខ្មោច​យក​ទៅ​ប្រើប្រាស់ យក​ឈ្មោះ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ មនុស្ស​ដែល​គ្មាន​វត្តមាន​នៅ​ក្នុង​ភូមិ​ឃុំ បាន​ទៅ​បោះ​ឆ្នោត ដោយ​គេ​ចេញ​ទម្រង់​បែបបទ​១០១៨​ក្លែងក្លាយ ចេញ​ដោយ​ខុស​ច្បាប់ មាន​ន័យ​ថា​រដ្ឋសភា​បែប​នេះ ហើយ​តំណាង​រាស្ត្រ​មួយចំនួន​ដែល​មក​ពី​គណបក្ស​ប្រជាជន គឺ​មិនមែន​ទទួល​សំឡេង​ពី​ប្រជារាស្ត្រ​ខ្មែរ​ពេញ​សិទ្ធិ​ទេ គឺ​ទទួល​សំឡេង​ពី​ជន​បរទេស ពី​យួន​ដែល​បាន​បន្លំ​ធ្វើ​ជា​ខ្មែរ ហើយ​ដែល​បាន​ទទួល​ទម្រង់​បែបបទ​១០១៨​ក្លែងក្លាយ បាន​ទទួល​សំឡេង​ឆ្នោត​ពី​មនុស្ស​ដែល​អត់​មាន​សិទ្ធិ​បោះឆ្នោត ដូច​ជា​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ផង ។ ដូច្នេះ​សភា​បែប​ហ្នឹង​យើង​អត់​ទទួល​ស្គាល់ ហើយ​យើង​នឹង​អត់​ទៅ​ប្រជុំ​ជាមួយ​ទេ ពេល​គេ​បើក​ស្អី​សម័យ​ប្រជុំ​លើក​ទី​១ ឲ្យ​គេ​បើក​តែ​គ្នា​គេ​ទៅ»

លោក សម រង្ស៊ី បញ្ជាក់​ថា​គណបក្ស​សមរង្ស៊ី​នៅតែ​រក្សា​កៅអី​សភា​ជាតិ​ដែល​បក្ស​បាន​ទទួល​ពី​ពលរដ្ឋ​ខ្មែរ​សម្រាប់​អាណត្តិ​ថ្មី​ដដែល គឺ​នឹង​មិន​បោះបង់​ចោល​ទេ ឧបមា​ឈាន​ដល់​កម្រិត​ថា​បើ​ទោះ​ជា​គណបក្ស​សមរង្ស៊ី​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ក្តី ។

តែ​កន្លង​មក​នេះ​គ.ជ.ប.​តែង​បាន​បដិសេធ​នូវ​ការចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ដែល​ថា ការបោះ​ឆ្នោត​នោះ​មិន​យុត្តិធម៌ ។ គ.ជ.ប.​អះអាង​ថា​គេ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ៕