សារលិខិតរបស់ព្រះអង្គដែលបានផ្ញើជូនទៅមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ស្តីអំពីការហាមប្រាមនេះ បានធ្វើឡើងនៅក្រោយពីគណបក្ស នរោត្តម រណឫទ្ធិ ប្តឹងទៅអតីតព្រះមហាក្សត្រដោយក្តីស្និទ្ធស្នាលឲ្យទ្រង់ជា្របថា គណបក្សហ៊្វុនស៊ិនប៉ិចរបស់លោក ញឹក ប៊ុនឆៃ កែវ ពុទ្ធរស្មី អរុណរស្មី បានយកព្រះឆាយាល័ក្ខណ៍ព្រះអង្គទៅបោកប្រាស់និងបំភ័ន្តមតិរាស្រ្តនៅខេត្តបន្ទាយមានជ័យ ។
មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយសម្ដែងប្រតិកម្មយ៉ាងដូច្នេះ ៖ «ប្រឆាំងគណបក្ស នរោត្ដម រណឫទ្ធិ ដែលថាចេះតែលើករឿងកំប៉ិកកំប៉ុកឲ្យតែបានប្ដឹងផ្ដល់ ហើយច្រណែននិន្ទាអីអ៊ីចឹងទៅ ប៉ុន្តែយើងដឹងច្បាស់ហើយ ទី១គឺថានៅក្នុងគ.ជ.ប. គេហាមមិនឲ្យប្រើម៉្ល៉ោះហើយយើងមិនដែលប្រើទេ ។ ហើយម៉្យាងទៀតក៏យើងមិនដែលប្រើដែរ ពីព្រោះយើងមិនដែលទៅលូកឡំ យកព្រះអង្គមកលាយឡំនៅក្នុងហៅថាយុទ្ធនាការនយោបាយរបស់យើង ។ ព្រះអង្គមិនមែនជា ហៅថាធ្វើនយោបាយឬក៏ជាប្រធានហ៊្វុនស៊ិនប៉ិចអីទៀតទេ» ។
នៅក្នុងច្បាប់បោះឆ្នោតចំណុចទី៤ បានហាមប្រាមថាគណបក្សនយោបាយមិនត្រូវប្រើព្រះឆាយាល័ក្ខណ៍ឬព្រះនាមព្រះមហាក្សត្រ ដើម្បីឃោសនារកសំឡេងឆ្នោតឡើយ ។
លោក កែវ ពុទ្ធរស្មី មានប្រសាសន៍ទៀតថារូបថតនោះគឺជារូបថតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយនឹងព្រះមហាក្សត្រ ហើយដែលគេបានចែកចាយទៅដល់សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចនៅមុនពេលឃោសនា ។ លោកបន្តទៀតថាទង្វើនេះមិនមែនជាអំពើខុសច្បាប់ឡើយ ។
ការឃោសនារកសំឡេងឆ្នោតនៅកម្ពុជាបានធ្វើឡើង៤ថ្ងៃមកហើយ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បាននិយាយថា វាហាក់ដូចជាមានការប្រសើរជាងអាណត្តិមុនៗដែលពុំមានការវាយប្រហារគ្នាដោយសម្ដីខ្លាំងនិងមានការប្រើព្រះនាមនិងស្នាព្រះហស្តរបស់ព្រះមហាក្សត្រជាច្រើនស្អេកស្កះនៅក្នុងពេលឃោសនាឡើយ ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា អះអាងថាភាពមិនប្រក្រតីមួយចំនួនមកទល់ពេលនេះមានមែន ក៏ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា ៖ «បើធៀបជាមួយមុនការឃោសនាអត់មានទេ ការយកព្រះឆាយាល័ក្ខណ៍ ប៉ុន្តែមានឮនិយាយរឿងស្នាព្រះហស្ត អាហ្នឹងគ្រាន់តែជាការរំលោភលើក្រមសីលធម៌ទេ ប៉ុន្តែមិនមានទ្រង់ទ្រាយធំដូចមុនឃោសនាបោះឆ្នោតទេ ។ បញ្ហាសន្តិសុខដូចមិនអីទេ បើប្រៀបធៀបនឹងការបោះឆ្នោតមុនដូចគ្រាន់បើដែរ...» ។
លោកបន្តទៀតថាការបារម្ភអំពីការប៉ះពាល់ទៅដល់ការបោះឆ្នោតខាងមុខ គឺមន្រ្តីថ្នាក់មូលដ្ឋានរបស់បក្សប្រជាជន នៅតែបន្តប្រើអំណាចក្នុងការដកស្លាកគណបក្សផ្សេងៗ និងធ្វើឲ្យមានការលំបាកដល់គណបក្សផ្សេងក្នុងការឃោសនា ៕
