ព្រះអង្គបានពណ៌នាថា អ្វីដែលព្រះអង្គមិនអាចបំភ្លេចបានគឺខណៈដែលទ្រង់ប្រថាប់នៅផ្នែកនៃវេទិកាដែលត្រៀមទុកសម្រាប់អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតមេដឹកនាំប្រទេសនានា លោក ហ្ចច្ឆ ប៊ុស្ហ អតីតប្រធានាធិបតីអាមេរិកដែលជាបិតាលោក ហ្ចច្ឆ ប៊ុស្ហ ប្រធានាធិបតីបច្ចុប្បន្ន បានក្រោកឈរឡើងដោយទឹកមុខញញឹមរាក់ទាក់ ដើម្បីមកចាប់រលាក់ព្រះហស្តព្រះអង្គ ។
សម្តេចបានទ្រង់ក្រោកឡើងដើម្បីសម្តែងការគោរពតបវិញព្រមទាំងមានបន្ទូលថា "លោក! ខ្ញុំកោតសរសើរលោកណាស់!" ។ លោកអតីតប្រធានាធិបតីអាមេរិកដែលគេឃើញច្បាស់ថាពេញចិត្តនឹងបន្ទូលព្រះអង្គ ក៏បានថ្លែងអំណរគុណព្រះអង្គព្រមទាំងសូមចាប់រលាក់ព្រះហស្តព្រះអង្គជាលើកទីពីរ ។
ចំណែកឯខាងវេទិកាសម្រាប់មេដឹកនាំដែលកំពុងកាន់អំណាចឯណោះវិញ ព្រះរាជបុត្រព្រះអង្គ ព្រះបាទ សីហមុនី ទ្រង់ប្រថាប់មិនឆ្ងាយពីលោកប្រធានាធិបតី ហ៊ូជិនតាវ ដ៏ឧត្តុង្គឧត្តមនៃសាធារណរដ្ឋចិនប្រជាមានិតដ៏ថ្កុំថ្កើង និងនៅក្បែរខាងលោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ហ្ចច្ឆ ដឹបបឹលយូប៊ុស្ហ ។
ព្រះមហាវីរក្សត្រមានបន្ទូលពីតួឯកក្នុងរឿងកូលាបបូកគោ
នៅក្នុងអត្ថបទជាភាសាបារាំងមួយច្បាប់ទៀតដែលអតីតព្រះមហាក្សត្រទ្រង់បានលិខិតដោយព្រះហស្តផ្ទាល់ ព្រះអង្គបានកត់សម្គាល់ថាស្តីពីតួឯកសំខាន់នៃភាពយន្តដែលជាស្នាព្រះហស្តរបស់ព្រះអង្គ កាលពីឆ្នាំ១៩៦៩ រឿងកូលាបបូកគោ គឺព្រះជាយាព្រះអង្គ នរោត្តម ម៉ូនិក មានជនបរទេសដែលសរសេរអត្ថបទស្តីពីព្រះនាង និងអំពីសម្រស់ស្រស់ប្រិមប្រិយរបស់ព្រះនាង ដោយអះអាងថាជាខ្មែរកូនកាត់អាល្លឺម៉ង់ ហើយដើរតួក្នុងកុនរឿងនោះជាខ្មែរកូនកាត់បារាំង ។
អតីតព្រះមហាក្សត្រទ្រង់ចារថាជាការពិតណាស់ ដែលព្រះអង្គកោតសរសើរសម្រស់របស់នារីអាល្លឺម៉ង់តែដែលពាក់ព័ន្ធនឹងព្រះជាយា នរោត្តម ម៉ូនិក ដែលបច្ចុប្បន្នគឺសម្តេចព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុនោះ ព្រះនាងពិតជាមានបិតាជាជនជាតិបារាំងដែលមានសែស្រឡាយអ៊ីតាលី ព្រោះលោកមានឈ្មោះថា អ៊ីហ្ស៊ី (Izzi) ៕
