ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ​ជុំវិញ​បញ្ហា​រាជវង្សានុវង្ស​និង​នយោបាយ

អតីត​ព្រះ​មហាក្សត្រ ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​បង្ហាញ​នូវ​ភាព​ផ្ទុយ​គ្នា​រវាង​សមាជិក​ព្រះរាជវង្ស​ដែល​ប្រឡូក​ធ្វើ​និង​មិន​ធ្វើ​នយោបាយ ។

ក្នុង​ព្រះ​លិខិត​ជា​ភាសា​បារាំង​ផ្សាយ​ថ្ងៃ​ទី​២៥ សីហា ២០០៨ ក្នុង​ទំព័រ​វ៉ឹបសាយថ៍​របស់​ព្រះអង្គ អតីត​ព្រះ​មហាក្សត្រ​បាន​ចារ​ថា ដោយ​មាន​ប្រជាជាតិ​ខ្មែរ​បាន​ឃើញ​និង​បាន​ដឹង នោះ​ព្រះអង្គ​បាន​សុំ​ឲ្យ​សមាជិក​រាជវង្សានុវង្ស​ខ្មែរ​កុំ​ធ្វើ​នយោបាយ​ត​ទៅ​ទៀត ។

ព្រះអង្គ​បញ្ជាក់​ថា​ប្រតិកម្ម​ទៅ​នឹង​ការស្នើសុំ​នេះ​គឺ​ខ្លាំង​ណាស់ ហើយ​អវិជ្ជមាន​ខ្លាំង​ណាស់ ព្រមទាំង​សាហាវ ចាត់​ជា​អ្នក​ប្រឆាំង​ទៀត​ផង ។

ព្រះ​លិខិត​បន្ត​ដោយ​ស្រង់​បន្ទូល​ព្រះអង្គម្ចាស់​មួយ​អង្គ​ដែល​បាន​ហៅ​ថា មហា​ព្រះអង្គម្ចាស់​នោះ​ថា "ឲ្យ​រាស្រ្ត​ចិញ្ចឹម គឺ​ធ្វើ​ឲ្យ​រាស្ត្រ​កាន់តែ​ក្រ​ត​ទៅ​ទៀត និង​ធ្វើ​ឲ្យ​ខ្សោះ​ឈាម" ។

អតីត​ព្រះ​មហាក្សត្រ​បន្ត​ថា មហា​ព្រះអង្គម្ចាស់​ក្សត្រា​មួយ​អង្គ​ទៀត​មាន​បន្ទូល​ថា "ព្រះអង្គ​ចង់​ក្លាយ​ជា​មនុស្ស​របស់​រាស្ត្រ ហើយ​ផ្តាច់​ចេញ​ពី​លោហិត​ស្តេច​ដែល​នៅ​ក្នុង​សរសៃ​ឈាម នោះ​គឺ​ដើម្បី​នៅ​សេរី​ជា​អ្នក​នយោបាយ" ។

ព្រះ​លិខិត​បន្ត​ថា ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ឥឡូវ​ខែ​សីហា​នេះ​តើ​គេ​ឃើញ​អ្វី ? គឺ​មហា​ព្រះអង្គម្ចាស់​ក្សត្រី​មួយ​អង្គ និង​ស្វាមី​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​នោះ ខូច​អស់​បុណ្យ​ស័ក្តិ ព្រម​ទាំង​អូស​ចូល​ភក់ ។

មហា​ព្រះអង្គម្ចាស់​ក្សត្រា​មួយ​អង្គ​បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ​នោះ​ចាំបាច់​ត្រូវ​គង់​នៅ​និរទេស ។

អតីត​ព្រះ​មហាក្សត្រ ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​មាន​បន្ទូល​នៅ​ចុង​បញ្ចប់​ថា ព្រះអង្គម្ចាស់​ក្សត្រា ព្រះអង្គម្ចាស់​ក្សត្រី​ខ្មែរ ដែល​ងប់​នឹង​នយោបាយ​នោះ គឺ​មិន​ងាយ​នឹង​ឃើញ​ក្តី​អភ័ព្វ និង​ភាព​អាម៉ាស់​របស់​ខ្លួន​នោះ​ឡើយ ៕