ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​បញ្ឈប់​ក្រុម​យោធា​ដក​ដំឡូង​ពួក​គាត់

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ ចោទ​ប្រកាន់​ក្រុម​យោធា​បោះ​ទីតាំង​នៅ​តំបន់​នោះ​ថា​បាន​គំរាម​កំហែង​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ប្រមូល​ផល​ដំឡូង​មី ដែល​ពួក​គាត់​បាន​ដាំដុះ​នោះ​ឡើយ។ អ្នក​ភូមិ​អះអាង​ថា ក្រុម​យោធា​ទាំង​នោះ​បាន​នាំ​គ្នា​ប្រមូល​យក​ផល​ដំឡូង​ប្រជាពលរដ្ឋ​ដោយ​ខ្លួន​ឯង។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អណ្ដូងជ្រៅ ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចំនួន ១៨​គ្រួសារ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ក្រុម​យោធា​ដែល​កំពុង​ប្រមូល​យក​ផល​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ឈ្មោះ យ៉ាន យិន នៅ​ថ្ងៃ​ច័ន្ទទី៧ ខែ​មករា ឆ្នាំ​២០១៣ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​យោធា​ប្រមាណ​ពី ១០​ទៅ ១៥​នាក់ កំពុង​តែ​ប្រមូល​យក​ផល​ដំឡូង​មី​ពី​ចម្ការ​ពួក​គាត់ ហើយ​គំរាម​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ដក​ដំឡូង​ដែល​ពួក​គាត់​បាន​ដាំដុះ​នោះ​ឡើយ។

លោក​បន្ត​ថា ដំឡូង​នេះ​អ្នក​ភូមិ​បាន​ដាំ​តាំង​ពី​មុន​ក្រុម​យោធា​ចូល​មក​បោះ​ទីតាំង​នៅ​តំបន់​នោះ បន្ទាប់​ពី​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​កង​កម្លាំង​យោធា​នៅ​ភូមិ​ប្រម៉ា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២៖ «ឃ្លាត​ពី​ផ្ទះ​ប្រមាណ​២០០​ទៅ​៣០០​ម៉ែត្រ​ជាង គេ​អត់​ឲ្យ​ដក គេ​មិន​ឲ្យ​យើង​ប្រមូល​ផល។ ដំឡូង​ហ្នឹង​យើង​ដាំ​ឆ្នាំ​ទៅ ដាំ​ពេល​ធ្លាក់​ភ្លៀង​ដើម​ឆ្នាំ​ដំបូង​យើង​ដាំ។ ទាហាន​គេ​មាន​ស្រី​មាន​ប្រុស គេ​ចូល​មក​ដក​មួយ​ក្រុមៗ​មាន​បួន​ដប់​នាក់ ដល់​យើង​ចូល​ទៅ គេ​ឃាត់​ដេញ​យើង​ហៅ​ទៅ​បន្ទាយ ព្រមាន​យើង​ថា​ឈប់​ឲ្យ​ទៅ​ជិត»

សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា ក្រុម​យោធា​ប្រមាណ ៣០​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ឃ្លាំ​មើល​នៅ​ភូមិ​ប្រម៉ា ក្រោម​ការ​ដឹកនាំ​របស់​វរសេនីយ៍ឯក ស្រី យ៉ាន់ណា ជា​មេ​បញ្ជា​ការ​នៅ​តំបន់​នោះ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​លោក ស្រី យ៉ាន់ណា ដើម្បី​បំភ្លឺ​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​មករា។

មេ​ឃុំ​កំពង់ដំរី លោក ឃួន យឿន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដូច​គ្នា ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ចុះ​ទៅ​ជួប​អ្នក​ភូមិ​ដែល​រាយការណ៍​ពី​បញ្ហា​នេះ​នៅ​ឡើយ។ លោក​បន្ត​ថា នឹង​ចាត់​ប្រធាន​ភូមិ​ទៅ​ពិនិត្យ​ករណី​នេះ៖ «ខ្ញុំ​ឮ​ហើយ ប៉ុន្តែ​ខ្ញុំ​ឮ​អត់​ច្បាស់​ទេ ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ផង។ ការងារ​ហ្នឹង​ខ្ញុំ​ឲ្យ​មេ​ភូមិ​ចុះ​ទៅ​មើល​ថ្ងៃ​ហ្នឹង»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស សមាគម​អាដហុក (Adhoc) ខេត្ត​ក្រចេះ អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នកស្រី​មិន​ទាន់​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​នៅ​ឡើយ។

វិទ្យុ​អាស៊ី​សេរី ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​មករា។

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ភូមិ​ប្រម៉ា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​មករា អ្នក​ភូមិ ១៨​នាក់​បាន​នាំគ្នា​មក​ប៉ុស្តិ៍​នគរបាល​ឃុំ ដើម្បី​ធ្វើ​កំណត់​ហេតុ​ស្ដីពី​ការ​រំលោភ​នេះ។ អ្នក​ភូមិ​អះអាង​ថា ក្រុម​យោធា​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​ទៅ​ប្រមូល​ផល​ដំឡូង​តាម​ចម្ការ​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។