សុន ឆ័យ គ្រោង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ ទឹម សាខន នៅ​វៀតណាម

លោក សុន ឆ័យ តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី​មាន​គម្រោងការ​ធ្វើដំណើរ​ជា​ឯកជន​ជាមួយ​ក្រុមគ្រួសារ​របស់​លោក ទឹម សាខន នៅ​ដើម​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​ទៅ​សួរ​សុខទុក្ខ​លោក ទឹម សាខន ដោយ​ផ្ទាល់​ក្នុង​ប្រទេស​វៀតណាម បើ​ទោះបី​ជា​ស្ថានទូត​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយតប​ជា​ផ្លូវការ​តាម​សំណើ​របស់​លោក​សុំ​ទៅ​ជួប​លោក ទឹម សាខន នោះ​ក៏​ដោយ។

0:00 / 0:00

គម្រោងការ​ទៅ​សួរ​សុខទុក្ខ លោក ទឹម សាខន នា​ពេល​ខាង​មុខ​ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា លោក ទឹម សាខន កំពុងតែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ខេត្ត​មាត់ជ្រូក​ក្នុង​ប្រទេស​វៀតណាម ក្រោយពី​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ចេញ​ពី​ពន្ធនាគារ​កាលពី​ដើម​ឆ្នាំ​២០០៨​នេះ។

លោក សុន ឆ័យ តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ខ្ញុំ​ជឿជាក់​ថា​នឹង​ធ្វើ​ដំណើរ​ដោយ​រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក សាខន ផង មាន​ឪពុក​ជាដើម នៅ​ដើម​ខែ​តុលា​នេះ។ យើង​ធ្វើ​នេះ​មិនមែន​ក្នុង​នាម​គណបក្ស​អី​ទេ អ្នក​តំណាង​រាស្ត្រ​មួយ​ដែល​ទទួល​ការស្នើសុំ​ឲ្យ​ជួយ​ដើម្បី​ទៅ​ពិនិត្យមើល​ថា ពលរដ្ឋ​របស់​ខ្ញុំ​ទទួល​រង​ការគាបសង្កត់​ដូច​ការចោទ​ប្រកាន់​ដែរ​ឬ​យ៉ាង​ដូចម្ដេច?»

លោក​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​របស់​លោក​ស្នើ​ជា​ផ្លូវការ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថៃ្ង​ទី​៨ ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ ប៉ុនែ្ត​លោក​មិន​ទាន់​បាន​ទទួល​ចម្លើយ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ពី​ស្ថានទូត​វៀតណាម​នោះ។

លោក ទ្រីញ បាកាំ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការធ្វើ​ដំណើរ​របស់​លោក សុន ឆ័យ នោះ អាច​ធ្វើ​ទៅ​បាន​លុះត្រា​ណា​មាន​ការអនុញ្ញាត​ត្រឹមត្រូវ។

លោក​បាន​បញ្ជាក់​ថា លោក ទឹម សាខន បាន​ក្លាយ​ប្រជាពលរដ្ឋ​ធម្មតា​នៅ​ក្នុង​ប្រទេស​វៀតណាម ដូច្នេះ​លោក​ពុំ​មាន​ឧបសគ្គ​អ្វី​ទេ​ក្នុង​ការទាក់ទង​ជាមួយ​នឹង​ក្រុម​គ្រួសារ​ឬ​សាច់ញាតិ​នោះ។

លោក អាង ច័ន្ទឬទ្ធិ ប្រធាន​របស់​អង្គការ​ខែ្មរ​កម្ពុជា​ក្រោម​ការពារ​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា លោក ទឹម សាខន កំពុងតែ​ត្រូវ​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ខេត្ត​មាត់ជ្រូក ប្រទេស​វៀតណាម។

លោក អាង ច័ន្ទឬទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «ពួក​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ហ្នឹង​តាមរយៈ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ហ្នឹង ហើយ​ខាង​សហព័ន្ធ​ឬ​ក៏​ខាង​សហគមន៍​ខ្មែរ​ក្រោម គាត់​បាន​ទទួល​ដែរ​ពី​ខាង​បង​ប្អូន​នៅ​កម្ពុជា​ក្រោម។ ប៉ុន្តែ​យើង​ឆ្ងល់​ដែរ​ថា​ហេតុ​អ្វី​បាន​ជា​វៀតណាម​មិន​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​ខ្លួន​ឬ​ក៏​ច្បាប់​របស់​ប្រទេស​កម្ពុជា​ផង ហេតុ​អី​បាន​ជា​បន្ត​ឃុំ​គាត់​ត​ទៅ​ទៀត​ដោយ​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​ចេញ​ថា អនុញ្ញាត​ឲ្យ​គាត់​ហ្នឹង​រួច​ខ្លួន​ហើយ​អាច​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ»

សូម​រំឮក​ថា លោក ទឹម សាខន ជា​អតីត​ព្រះ​ចៅអធិការ​នៃ​វត្ត​ភ្នំ​ឌិន​ខាង​ជើង​ក្នុង​ខេត្ត​តាកែវ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ផ្សឹក​យ៉ាង​តក់ក្រហល់ កាលពី​ខែ​មិថុនា ឆ្នាំ​២០០៧​កន្លង​ទៅ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោយ​ស្ងាត់ៗ។

លោក ទឹម សាខន ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល​មួយ​ឆ្នាំ​ក្រោម​បទ​ចោទប្រកាន់​ថា លោក​បាន​ធ្វើ​ឲ្យ​មាន​ការបែកបាក់​ចំណង​សាមគ្គីភាព​រវាង​កម្ពុជា​និង​វៀតណាម ចំពោះ​អ្វី​ដែល​លោក​មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០០៧​កន្លង​ទៅ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា លោក ទឹម សាខន ជាមួយ​នឹង​សកម្មជន​វៀតណាម​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ស្ងាត់ៗ​នៅ​ពេល​នោះ​គឺ​ជា​រឿង​នយោបាយ ហើយ​ពួក​គេ​បាន​ទទួល​រង​នូវ​ការធ្វើ​ទុក្ខ​បុកមេ្នញ​និង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម៕