ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទទួល​ឥទ្ធិពល​ពី​បក្ស​កាន់​អំណាច

ក្រុម​អ្នក​ឃ្លាំ​មើល​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា បាន​បង្ហាញ​អំពី​ភាព​មិន​ឯករាជ្យ​នៃ​ស្ថាប័ន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដោយ​សារ​តែ​ស្ថាប័ន​យុត្តិធម៌​នេះ​បាន​រង​ឥទ្ធិពល​នយោបាយ​ពី​គណ​បក្ស​កាន់​អំណាច។

0:00 / 0:00

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​បាន​ជំរុញ​ឲ្យ​កម្ពុជា​ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថាប័ន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​របស់​ខ្លួន​មាន​ភាព​ឯករាជ្យ ហើយ​ធានា​មិន​ឲ្យ​មាន​ការ​លូក​ដៃ​ជ្រៀត​ជ្រែក និង​គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី​ពី​ខាង​គណ​បក្ស​នយោបាយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​ទ្រទ្រង់​យុត្តិធម៌​នៅ​កម្ពុជា បាន​សម្ដែង​ក្ដី​បារម្ភ​ថា ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​កំពុង​ប្រឈម​និង​ការ​លំបាក​ក្នុង​ការ​ធានា​ឯករាជ្យ​ភាព​ជូន​សង្គម ដោយ​សារ​សមាជិក​នៃ​ស្ថាប័ន​នេះ​ភាគ​ច្រើន​ជា​មនុស្ស​ពី​ខាង​គណ​បក្ស​កាន់​អំណាច ៖ «គឺ​មើល​សមាសភាព​សមាជិក​ហ្នឹង​តាម​ដឹង ភាគ​ច្រើន​ជា​សមាជិក​របស់​គណ​បក្ស​កាន់​អំណាច។ ហើយ​មួយ​ទៀត​អគ្គ​លេខាធិការដ្ឋាន​ហ្នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​យុត្តិធម៌។ ដូច្នេះ​រឿង​រចនា​សមភាព និង​រចនា​សម្ព័ន្ធ​ហ្នឹង​វា​មិន​ឯករាជ្យ​ទៅ​ហើយ»។

ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស្ថិត​នៅ​ក្រោម​ព្រះ​រាជ​អធិបតី​ភាព​នៃ​ព្រះ​មហា​ក្សត្រ។ មាត្រា​១៣២​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ព្រះ​មហា​ក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ដល់​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ ហើយ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​ជា​អ្នក​ជួយ​ព្រះ​មហា​ក្សត្រ​ក្នុង​កិច្ច​ការ​នេះ។

មាត្រា​១៣៣ ចែង​ថា ចៅក្រម​មិន​អាច​ដក​ហូត​មុខ​ងារ​បាន​ទេ ប៉ុន្តែ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មាន​អំណាច​សម្រេច​ដាក់​ពិន័យ​លើ​ចៅក្រម​ដែល​បាន​ប្រព្រឹត្ត​ខុស។

សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មាន​ចំនួន ៩​រូប។ ទី​១ ព្រះ​មហា​ក្សត្រ​ជា​ប្រធាន ទី​២ ប្រធាន​តុលាការ​កំពូល ទី​៣ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​កំពូល ទី​៤ ប្រធាន​សាលាឧទ្ធរណ៍ ទី​៥ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលាឧទ្ធរណ៍ និង​ទី​៦ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

សមាជិក​ទាំង ៦​រូប​នេះ ជា​សមាជិក​ដោយ​ស្វ័យប្រវត្តិ​តាម​ការ​ចែង​របស់​រដ្ឋ​ធម្មនុញ្ញ ហើយ​សមាជិក ៣​រូប​ទៀត ត្រូវ​ធ្វើ​ការ​ជ្រើស​តាំង​ដោយ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា។ សមាជិក​ទាំង​បី​រូប​នោះ ត្រូវ​គេ​ដឹង​ថា​មាន​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ព្រះ​រាជ​អាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ និង​ព្រះ​រាជ​អាជ្ញា​សាលាឧទ្ធរណ៍។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សមាជិក​ទាំង​បី​រូប​ខាង​លើ​នេះ មិន​ដែល​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ម្ដង​ណា​ឡើយ​ចាប់​តាំង​ពី​ស្ថាប័ន​កំពូល​មួយ​នេះ​បង្កើត​ឡើង​ពី​ដំបូង ៖ «រឿង​នីតិកម្ម ឬ​ភាព​សម​ស្រប​ច្បាប់ ហើយ​និង​ការ​ជ្រើស​តាំង​សមាជិក​បី​រូប ក្រៅ​ពី​សមាជិក​ដែល​គេ​ហៅ​ថា​ជា​ផ្លូវ​ការ​តែ​ម្ដង គឺ​ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះ​រាជ​អាជ្ញា ប្រធាន​តុលាការ​សាលាឧទ្ធរណ៍ និង​អគ្គ​ព្រះ​រាជ​អាជ្ញា​ហ្នឹង បើ​តាម​ច្បាប់​ថា​ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​ចៅក្រម និង​ព្រះ​រាជអាជ្ញា។ រួច​តាំង​ពី​កកើត​មក​ហ្នឹង តាម​ដឹង​អត់​មាន​ទេ»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី​ដែល​ជា​ស្ថាប័ន​មួយ​ចូល​រួម​ក្នុង​កិច្ច​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បាន​ប្រតិកម្ម​ថា ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​នេះ​កំពុង​មាន​ការ​រីក​ចំរើន​តាម​រយៈ​ស្ថិរភាព​នយោបាយ ៖ «អ្នក​និយាយ​ហ្នឹង​គ្រាន់​តែ​ជា​ទម្រង់​បង្ហាញ​ពី​ភាព​ល្ងង់​ខ្លៅ​របស់​អ្នក​និយាយ​ហ្នឹង​ទេ ដែល​ជា​ការ​ចាប់​អារម្មណ៍។ ទី​មួយ​ឲ្យ​ដឹង​ថា​បរិបទ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គឺ​ចាប់​ផ្ដើម​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​យុត្តិធម៌​ទៅ​បាន​លុះ​ត្រា​តែ​មាន​ស្ថិរភាព​នយោបាយ​មួយ។ ដូច្នេះ​ការ​រៀបចំ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​សង្គម​ខ្មែរ​ហ្នឹង​ស្ថិត​នៅ​ក្នុង​ស្ថិរភាព​នយោបាយ​ទាំង​ការ​គិត ទាំង​ការ​បញ្ញត្តិ និង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ហ្នឹង​មាន​សន្តិភាព។ ដូច្នេះ អ្វី​ដែល​យើង​រៀបចំ​ហ្នឹង គឺ​ដើម្បី​រក្សា​ភាព​ក្សេមក្សាន្ត​របស់​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​ដែល​យើង​កំពុង​តែ​ពង្រឹង កំពុង​តែ​បន្ថែម»។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​គោល​ការណ៍​នីតិ​រដ្ឋ ស្ថិរភាព​នយោបាយ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​គោរព​ច្បាប់ បើ​មិន​ដូច្នេះ​ទេ ស្ថិរភាព​នយោបាយ​នោះ​មិន​មាន​ភាព​យូរ​អង្វែង​បាន​ឡើយ។

ក្រុម​សង្គម​ស៊ីវិល​អន្តរ​ជាតិ​លើក​ឡើង​ថា កម្ពុជា​គួរ​មាន​ឆន្ទៈ​ស្ថាបនា​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​តាម​រយៈ​ការ​គោរព​គោល​ការណ៍​ឯករាជ្យ ហើយ​ជ្រើស​រើស​មនុស្ស​ដែល​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ខាង​ផ្លូវ​ច្បាប់​ពិត​ប្រាកដ។ នាយក​ប្រតិបត្តិ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ក្នុង​ទីក្រុង​ហុង​កុង លោក Basil Fernando មាន​ប្រសាសន៍​ថា មនុស្ស​ដែល​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គួរ​ជា​មនុស្ស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណ​បក្ស​នយោបាយ គឺ​មនុស្ស​ដែល​អាច​បង្ហាញ​ខ្លួន​គេ​ថា ជា​ចៅក្រម​ល្អ ស្មោះ​ត្រង់ និង​ជា​មនុស្ស​ដែល​មិន​គិត​អ្វី​ក្រៅ​ពី​ច្បាប់។

លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ផង​ដែរ​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​មាន​ឯករាជ្យ មាន​អំណាច និង​ប្រសិទ្ធភាព​ការ​ងារ​នោះ កម្ពុជា​គួរ​ដំឡើង​ប្រាក់​ខែ​ដល់​ចៅក្រម ព្រះ​រាជ​អាជ្ញា បំពាក់​នូវ​សម្ភារៈ​ប្រើប្រាស់ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​គុណភាព និង​សមត្ថភាព​របស់​ពួក​គេ ៖ «អ្នក​ដឹង​ទេ រាល់​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ទាំង​អស់​ត្រូវ​មាន​ការ​អប់រំ​កម្រិត​ខ្ពស់​ដែល​រដ្ឋាភិបាល​ត្រូវ​ការ​ចាំ​បាច់​ណាស់។ ខ្ញុំ​ដឹង​ច្បាស់​ថា មាន​ប្រទេស​អភិវឌ្ឍន៍ ជឿន​លឿន​ជា​ច្រើន​កំពុង​រង់ចាំ​ផ្ដល់​ការ​អប់រំ ឬ​អាហារូបករណ៍​ផ្សេងៗ ដល់​ចៅក្រម ដើម្បី​រៀន​សូត្រ​បន្ថែម​ឲ្យ​មាន​គុណភាព។ នេះ​ពិត​ជា​អ្វី​ដែល​ប្រទេស​ចិន​កំពុង​តែ​អនុវត្ត​សព្វ​ថ្ងៃ ហើយ​កម្ពុជា​គួរ​ឆ្លាត​យក​គំរូ​តាម​ចិន ដែល​គេ​តែង​និយាយ​ថា​ទៅ​រៀន​រាល់​គ្រប់​មហា​វិទ្យាល័យ​ល្អៗ បំផុត​នៅ​តាម​ប្រទេស​ជឿន​លឿន ហើយ​នាំ​ត្រលប់​មក​វិញ​ជា​មួយ​គុណភាព​សិក្សា និង​បទ​ពិសោធន៍​ដើម្បី​រួម​ចំណែក​កសាង​ប្រទេស​ជាតិ»៕