ស្ថានភាព​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ​ធូរ​ស្រាល​បន្តិច​ហើយ

សេចក្តី​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ដើម​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា មាន​កងទ័ព​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​មក​តាំង​ទី​នៅ​ក្នុង​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល នៃ​ខេត្ត​ឧត្តរ​មានជ័យ។

លោក សុផល មុន្នី ដែល​បាន​ទៅ​កាន់​តំបន់​នោះ​បាន​រៀបរាប់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ប្រាសាទ​តាមាន់​ធំ​នេះ តាមរយៈ​ការសាកសួរ​របស់​លោក ផាន សូផាត ដែល​មាន​សេចក្តី​ដូចទៅ៖

ផាន សូផាត ៖ លោក សុផលមុន្នី ខ្ញុំ​ចង់​ជម្រាប​សួរ​លោក​អំពី​ស្ថានភាព​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ តើ​យ៉ាងម៉េច​ហើយ នៅ​ថ្ងៃ​នេះ (ថ្ងៃទី​៧ សីហា)?

សុផល មុន្នី ៖ បាទ តាម​ការសាកសួរ​របស់​ខ្ញុំ ទៅ​មន្រ្តី​ការពារ​ព្រំដែន ក៏​ដូចជា​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​នោះ ឃើញ​ថា កងទ័ព​រដ្ឋាភិបាល​ខ្មែរ​ឥឡូវ​នេះ បាន​ចូល​កាន់កាប់​ប្រាសាទ​តាមាន់ធំ​ហ្នឹង​ទាំង​ស្រុង​ហើយ។

ដោយ​ឡែក​ឯ​ទ័ព​ឈុត​ខ្មៅ​របស់​ថៃ ដែល​ចូល​កាន់កាប់​ប្រាសាទ​តាមាន់ធំ កាលពី​ថ្ងៃ​ទី​៣ សីហា ដែល​មាន​គ្នា​ពី​៥០ រហូត​ដល់​ជាង ៣០០​នាក់​នោះ បាន​ដកថយ​ចូល​ទៅ​ក្នុង​បន្ទាយ​របស់​ខ្លួន​វិញ​ហើយ ដែល​មាន​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ ខាង​ក្រោយ​ប្រាសាទ​តាមាន់​ធំ​ហ្នឹង។

ផាន សូផាត ៖ តើ​លោក​មាន​បាន​ជ្រាប​ទេ​ថា ហេតុអី​បាន​ជា​កងទ័ព​ដាក់​កម្លាំង​ច្រើន​ទៅ​នៅ​ប្រាសាទ​នោះ?

សុផល មុន្នី ៖ តាម​មន្រ្តី​ខាង​ការពារ​ព្រំដែន ហើយ​និង​ទាហាន​ដែល​នៅ​ទីនោះ បាន​អះអាង​ថា ការដាក់​កម្លាំង​ការពារ​នេះ ឃើញ​ថា ដោយសារ​តែ​ខាង​ទ័ពថៃ​ហ្នឹង បាន​ឈ្លានពាន​ចូល​មក​កាន់កាប់ កាលពី​ថ្ងៃ​ទី​៣ (សីហា) មាន​កម្លាំង​ពី​៦០ ឡើង​ដល់​ទៅ​ជាង ៣០០​នាក់ អ៊ីចឹង​ហើយ​ទើប​ខាង​កងទ័ព​ខ្មែរ​យើង បាន​ដាក់​កម្លាំង​បន្ថែម​ការពារ​ទីនោះ​ដើម្បី​បញ្ជៀស​ការឈ្លានពាន​របស់​ថៃ​នោះ។

ហើយ​ពី​ថ្ងៃ​ម្សិលមិញ ខាង​មេ​បញ្ជាការ​កងទ័ព​របស់​ខ្មែរ​យើង ក៏​បាន​ជួប​ចរចា​ជាមួយ​មេ​បញ្ជាការ​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ ដែល​បាន​ជួបគ្នា​នៅ​ឯ​ខាង​ច្រក​អូរស្មាច់ ប៉ុន្តែ​ការ​ជួបជុំ​គ្នា​នោះ គឺ​កើត​មាន​ឡើង បន្ទាប់ពី​មាន​សភាព​ការណ៍​តានតឹង​នៅ​ឯ​ប្រាសាទ​តាមាន់ធំ​នោះ ហើយ​លទ្ធផល​យ៉ាងណា​នោះ គឺ​មិន​ទាន់​បញ្ជាក់​ទេ ប៉ុន្តែ​ក្រោយពី​ការប្រជុំ​ឃើញ​ថា មាន​ការដក​ទ័ព​ថៃ​អី​ជា​បន្ត​បន្ទាប់​អ៊ីចឹង។

ផាន សូផាត ៖ ឥឡូវ​នេះ តើ​តំបន់​ជុំវិញ​ប្រាសាទ​តាមាន់​ធំ​ហ្នឹង មាន​អ្នកស្រុក​ប្រជារាស្រ្ដ​ទៅ​រស់នៅ ឬ​មួយ​ក៏​ទៅ​ទី​ហ្នឹង​ខ្លះ​ដែរ​ទេ ឬ​មួយ​ក៏​មាន​តែ​កម្លាំង​ទ័ព​ទេ?

សុផល មុន្នី ៖ តាម​មន្រ្តី​របស់​កងទ័ព​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​នេះ ឬ​ថា​មាន​សមាគម​ការពារ​អរិយធម៌​ខ្មែរ ដែល​មាន​លោក មឿង សុន ដែល​ជា​ប្រធាន​នោះ គ្រោង​នឹង​រៀបចំ​ពិធី​បួងសួង​មួយ នៅ​ល្ងាច​នេះ ដោយ​មាន​ការចូលរួម​ពី​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មក​ពី​ទីក្រុង​ភ្នំពេញ ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​នេះ។

ហើយ​ដោយឡែក​ខាង​មន្រ្តី​របស់​សាលាស្រុក​បន្ទាយអំពិល​នេះ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨​ហ្នឹង ឃើញ​ថា មន្រ្តី​ហ្នឹង​នឹង​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​តាមាន់​ធំ​ហ្នឹង ដើម្បី​ធ្វើការ​ចែក​អំណោយ​ឧបត្ថម្ភ​ថវិកា​ដល់​កងទ័ព ដែល​កំពុង​ឈរ​ការពារ​នៅ​ទីនោះ។ ហើយ​ថវិកា​ដែល​ខ្ញុំ​បាន​សាកសួរ​ទៅ​លោក​អភិបាលរង​ស្រុក​បន្ទាយអំពិល​ហ្នឹង គឺ​មាន​ប្រហែល​ជាង​មួយ​លាន ដែល​បាន​រៃ​អង្គាស​គ្នា​នៅ​ក្នុង​ស្រុក​ហ្នឹង ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កងទ័ព​នេះ