ពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញត្អែរ​ពី​ទិន្នផល​ស្រូវ​ថយ​ចុះ

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញ​ថា ផល​ស្រូវ​គាត់​ឆ្នាំ​នេះ​ថយ​ចុះ​ទិន្នផល បើ​ធៀប​ជាមួយ​ឆ្នាំ​មុន ប៉ុន្តែ​មន្ត្រី​កសិកម្ម​ខេត្ត​នោះ បាន​អះអាង​ថា ផល​ស្រូវ​ទូទាំង​ខេត្ត​បាន​កើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​កសិករ​នាំ​គ្នា​ប្ដូរ​ពូជ​ស្រូវ។
ដោយ អ៊ុក សាវបូរី
2013-01-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បោក​ស្រូវ តាកែវ ៣០៥
អ្នក​ភូមិ​ពីរ​នាក់​កំពុង​បោក​ស្រូវ នៅ​ភូមិ​មហាសេនា ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៣។
RFA/Ouk Savborey

ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ មាន​ការ​ព្រួយ​បារម្ភ​ដោយ​សារ​ការ​ប្រមូល​ផល​ស្រូវ​បាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ព្រោះ​តែ​អាកាសធាតុ​ប្រែប្រួល។

អ្នកស្រី មិត្ត ពៅ ថ្លែង​ថា រដូវ​វស្សា​ឆ្នាំ​២០១២ អាកាសធាតុ​ផ្លាស់​ប្ដូរ ធ្វើ​ឲ្យ​តំបន់​គាត់​ធ្វើ​ស្រែ​រាំង​ស្ងួត អូស​បន្លាយ​ស្ទើរ​ជិត​ផុត​រដូវ​វស្សា នាំ​ឲ្យ​ការ​ធ្វើ​ស្រែ​វស្សា​របស់​គាត់​ចាប់​ផ្ដើម​ស្ទូង​ក្រោយ​គេ ទើប​ផល​ស្រូវ​ថយ​ចុះ​ប្រមាណ​ជា ២០% បើ​ធៀប​នឹង​ទិន្នផល​ស្រូវ​ឆ្នាំ​២០១១ កន្លង​ទៅ៖ «គ្រាន់​ថា​យើង​ធ្វើ​ចុង​ដៃ គុម្ព​វា​តូច អត់​បាន​បែក​គុម្ព។ អីចឹង ស្រូវ​ហ្នឹង​វា​ផ្លែ​ទេ ប៉ុន្តែ​ទឹក​ភ្លៀង​វា​ធ្លាក់​ចុង​រដូវ​ទៅ គុម្ព​នោះ​វា​អត់​បាន​រីក នាំ​ឲ្យ​ថយ​ផល​បន្តិច ២០% បើ​គិត​ជា​តៅ បើ ១០០​តៅ វា​បាត់​អស់ ២០​តៅ មក​ពី​វា​បែក​គុម្ព​វា​តូចៗ»

ផ្ទុយ​ពី​ការ​ត្អូញ​នោះ មន្ត្រី​កសិកម្ម​ស្រុក​ត្រាំកក់ លោក សាក់ វន ថ្លែង​ថា ផល​ស្រូវ​ថយ​តាម​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​នេះ ប៉ុន្តែ​ឃុំ​នៅ​ក្បែរ​ជើង​ភ្នំ​ដំរីរមៀល កើន​ផល​ស្រូវ​តិចតួច ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​កសិករ​ប្ដូរ​ពូជ​ស្រូវ​ពី​ពូជ​ដាំ​តាម​ទម្លាប់ មក​ដាំ​ពូជ​ស្រូវ ១០​មុខ ដែល​ក្រសួង​កសិកម្ម​បាន​ណែនាំ​ត្រៀម​បង្ការ​អាកាសធាតុ​ប្រែប្រួល។

លោក​ថា អ្នក​បាន​ប្ដូរ​ពូជ​ស្រូវ​ពី​ដាំ​ពូជ​ស្រូវ​តាម​ទម្លាប់ មក​ដាំ​ពូជ​ស្រូវ​ផ្កា​រំដួល ដែល​ណែនាំ​ដោយ​ក្រសួង​កសិកម្ម​នោះ ទោះ​បី​ខ្វះ​ទឹក​ក៏​កសិករ​នៅ​តែ​ទទួល​ផល​ស្រូវ​បាន​ដដែល។ ទន្ទឹម​នោះ ទោះ​បី​អាកាសធាតុ​ផ្លាស់​ប្ដូរ​រាំង​យូរ​ថ្ងៃ ឬ​ក៏​ទឹក​ជន់​ដក់​ក្នុង​ស្រែ​ជាង​កន្លះ​ខែ ក៏​ស្រូវ​នៅ​តែ​ល្អ ទើប​គាត់​ទទួល​បាន​ទិន្នផល​ច្រើន ដូច​ជា​នៅ​ឃុំ​អូរសារាយ ឃុំ​ត្រពាំងធំ​ខាង​ជើង ឃុំ​ត្រពាំងធំ​ខាង​ត្បូង ជាដើម។ ប៉ុន្តែ​ការ​ដាំដុះ​ស្រូវ​វស្សា​ឆ្នាំ​២០១២ ថយ​ចំនួន​ផ្ទៃ​ដី​ដាំ គឺ​ផលិត​បាន​តែ​ជាង ១០៥% នៃ​ចំនួន​ផ្ទៃដី​សរុប តិច​ជាង​ឆ្នាំ​២០១១ ផ្ទៃដី​ផលិត​ស្រូវ​បាន​ដល់​ទៅ ១១០%។

ស្ត្រី​វ័យ ៨២​ឆ្នាំ នៅ​ភូមិ​មហាសេនា ឈ្មោះ ឃី វន ថ្លែង​ថា ក្រោយ​បោក​បែន​រួច គាត់​វាល់​ស្រូវ​ទុក​ឃើញ​ថា ផល​ស្រូវ​ថយ​ច្រើន។ ស្ត្រី ឃី វន បន្ត​ថា ផល​ស្រូវ​នៅ​ឆ្នាំ​២០១២ នេះ គាត់​បាត់​ស្រូវ​ប្រមាណ ៤០​កញ្ជើ បើ​ធៀប​នឹង​ឆ្នាំ​២០១១។ ប្រភព​ដដែល​បន្ត​ថា គាត់​ដាំ​ស្រូវ​ពូជ​សំបុក​អង្ក្រង ជា​ស្រូវ​ដែល​ធ្លាប់​តែ​ឲ្យ​ផល​ច្រើន បាយ​ឆ្ងាញ់ ទើប​គាត់​មិន​ប្ដូរ​ពូជ​ស្រូវ​នោះ។ តែ​ក្រោយ​ពេល​ប្រមូល​ផល ឃើញ​ថា ស្រូវ​គាត់​បាត់ ព្រោះ​តែ​ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀត​ទាត់៖ «ថយ! ឆ្នាំ​នេះ​ថយ។ ថយ​បាត់​ប្រហែល​ជា ២០​ថាំង»

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ លោក ញឹម ស្រ៊ន ថ្លែង​ថា សរុប​ផល​ស្រូវ​ទូទាំង​ខេត្ត គឺ​ទិន្នផល​កើន​ឡើង​ចំពោះ​ស្រុក​ដែល​បាន​ដាំ​ស្រូវ​នៅ​ខាង​កើត​ថ្នល់​ជាតិ​លេខ​២ និង​លេខ​៣ មាន​ស្រុក​អង្គរបុរី កោះអណ្ដែត ព្រៃកប្បាស គិរីវង់ និង​ស្រុក​ទ្រាំង ជាដើម។ ដោយ​ឡែក​ស្រូវ​វស្សា​នៅ​ស្រុក​បាទី ប៉ែក​ខាង​លិច​ថ្នល់​ជាតិ​លេខ​២ បាន​ថយ​ទិន្នផល​ស្រូវ​ខ្លះ។ ឯ​ស្រុក​ត្រាំកក់ កើន​ផល​តិចតួច ដោយ​សារ​ធ្វើ​ស្រែ​មិន​អស់​ផ្ទៃដី។ ទិន្នផល​ស្រូវ​ឆ្នាំ​២០១១ ក្នុង ១ហិកតារ គិត​ជា​មធ្យម​បាន ៣​តោន ២៦០​គីឡូក្រាម។ រីឯ​ឆ្នាំ​២០១២ ទិន្នផល​ស្រូវ​មធ្យម​បាន ៣​តោន ៦០០​គីឡូក្រាម ក្នុង ១ហិកតារ៖ «រាំង​ស្ងួត​នោះ វា​មាន​រយៈពេល បើ​ធៀប​នឹង​ឆ្នាំ​ទៅ វា​យូរ​ជាង។ ក៏ប៉ុន្តែ​ធ្វើ​អន្តរាគមន៍​បូម​បាច​ជួយ​វា​ខ្លាំង បាន​សង្គ្រោះ​បាន​ជោគជ័យ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ត្រាំកក់ បាន​ភ្ជួរ​ស្រែ​ដែល​បាន​ច្រូត​រួច ដោយ​លើក​ជា​រង​ដាំ​ដំណាំ​រួម​ផ្សំ ដូច​ជា ត្រសក់ ល្ពៅ ននោង ជាដើម នៅ​តំបន់​ដែល​មាន​ទឹក​ក្នុង​កូន​ប្រឡាយ និង​ស្រះ​ក្បែរ​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល