គ្រូ​បង្រៀន​ទូទាំង​ខេត្ត​ព្រះវិហារ​មិន​ទាន់​បើក​ប្រាក់​បៀវត្ស​ខែ​វិច្ឆិកា

គ្រូ​បង្រៀន​ខេត្ត​ព្រះវិហារ បាន​រអ៊ូរទាំ​ថា ប្រាក់​បៀវត្ស​ពួក​គាត់​បើក​មិន​បាន​ទៀត​ទាត់​តាម​ខែ​និមួយៗ​នោះ​ទេ។ ក្រុម​គ្រូ​បង្រៀន បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ និង​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ។

0:00 / 0:00

គ្រូ​បង្រៀន​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ប្រាក់​បៀវត្ស​ខែ​វិច្ឆិកា របស់​ពួក​គាត់​មិន​ទាន់​បាន​បើក​គិត​មក​ដល់​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១២។

លោក ធួន ពុទ្ធ ជា​តំណាង​ឲ្យ​គ្រូ​បង្រៀន​នៅ​ខេត្ត​ព្រះវិហារ បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​មាន​វិធានការ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​បើក​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​សម្រាប់​ខែ​វិច្ឆិកា និង​សម្រាប់​ខែ​ដទៃ​ទៀត គឺ​ត្រូវ​បើក​ឲ្យ​បាន​ទៀង​ទាត់​តាម​ខែ​និមួយៗ​នា​ថ្ងៃ​អនាគត។

លោក ធួន ពុទ្ធ៖ «ប្រាក់​ខែ​គ្រូ​បង្រៀន​តិច​តួច​ស្តួចស្តើង ហើយ​បើក​មិន​គ្រប់​ខែ។ ១ខែ ៦០​ថ្ងៃ ហើយ​បើក​ហើយ​កាត់​កង​លុយ​គាត់​ទៀត។ គ្រូ​នៅ​តាម​សាលា​មួយ​ចំនួន​គាត់​លែង​ចង់​ទៅ​បង្រៀន​ហើយ ដោយ​សារ​ប្រាក់​ខែ​ស្តួចស្តើង ហើយ​អត់​បើក​ឲ្យ​គាត់​ទៀត។ អ៊ីចឹង​គាត់​មាន​កម្លាំង​អី ដល់​អ៊ីចឹង​អ្នក​រងគ្រោះ គឺ​ពលរដ្ឋ​ខ្មែរ​ពិសេស​សិស្សានុសិស្ស»

តំណាង​គ្រូ​បង្រៀន​រូប​នេះ បាន​រិះគន់​សកម្មភាព​របស់​មន្ត្រី​ស្ថាប័ន​ទទួល​ខុស​ត្រូវ​បើក​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​ខ្លួន​ទេ ព្រោះ​សូម្បី​ប្រាក់​បៀវត្ស​តិចតួច​របស់​គ្រូ​បង្រៀន ក៏​បើក​មិន​បាន​ទៀង​ទាត់​ផង​នោះ។

បន្ថែម​លើ​នេះ គ្រូ​បង្រៀន​នៅ​តាម​សាលា​មួយ​ចំនួន​នា​ខេត្ត​ព្រះវិហារ ក៏​បាន​ទទូច​ឲ្យ​ប្រមុខ​ដឹកនាំ និង​មន្ត្រី​ក្រសួង​អប់រំ ជួយ​កែលំអ​ចំពោះ​បញ្ហា​បើក​ប្រាក់​ខែ​យឺត កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ ព្រោះ​ថា​ជីវភាព​គ្រូ​បង្រៀន​រំពឹង​ទៅ​លើ​ប្រាក់​បៀវត្ស​ទទួល​បាន​តិចតួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

បញ្ហា​នេះ លោក ហន ឆន ប្រធាន​មន្ទីរ​អប់រំ ខេត្ត​ព្រះវិហារ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ ជុំវិញ​បញ្ហា​បើក​ប្រាក់​បៀវត្ស​ខែ​វិច្ឆិកា យឺត​របស់​គ្រូ​បង្រៀន​នេះ។

លោក ភួង សុវណ្ណ ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ​កម្ពុជា មាន​ប្រសាសន៍​ថា មក​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ​មិន​គួរ​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន ឬ​មន្ត្រី​រាជការ​ស្ថាប័ន​ផ្សេងៗ រដ្ឋាភិបាល ឬ​ផ្នែក​ពាក់ព័ន្ធ បើក​មិន​បាន​ទៀង​ទាត់​តាម​ខែ​និមួយៗ​ទៀត​ទេ។ លោក​ថា ជីវភាព​មន្ត្រី​រាជការ​សព្វថ្ងៃ​នេះ គឺ​រស់​រំពឹង​ទៅ​លើ​ប្រាក់​បៀវត្ស​ទទួល​បាន​តិចតួច ដើម្បី​រួម​ផ្សំ​បង្គ្រប់​ទៅ​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ៖ «ករណី​បើក​យឺត​យ៉ាវ ឬ​ក៏​ផ្តល់​ឲ្យ​ប្រាក់​ខែ​យឺត​នេះ វា​ប៉ះពាល់​ខ្លាំង​មែន​ទែន​ទៅ​ដល់​ជីវភាព​របស់​ពួក​គាត់ ជាពិសេស​ក្រុម​គ្រួសារ​ពួក​គាត់​ដែល​កំពុង​រង់ចាំ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ទៅ​សិក្សា ឬ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព»

ដូច​គ្នា​ដែរ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ ក៏​បាន​រិះគន់​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រសួង​អប់រំ លើ​ករណី​បើក​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​ខេត្ត​ព្រះវិហារ មិន​បាន​ទៀត​ទាត់​នេះ​ដែរ៖ «ប្រាក់​ខែ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ ពួក​គាត់​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ។ ឥឡូវ​ជិត​ដាច់​ខែ​ធ្នូ ទៅ​ហើយ ពួក​គាត់​នៅ​តែ​មិន​ទាន់​បាន​ទទួល​ប្រាក់​បៀវត្ស​នេះ។ យើង​ដឹង​ហើយ​ប្រាក់​ខែ​គាត់​តិចតួច តម្លៃ​ទំនិញ​ខ្ពស់​បើក​មិន​ទាន់​ពេល​វេលា ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​លំបាក​សម្រាប់​គ្រូ​បង្រៀន»

យ៉ាង​ណា​ក៏ដោយ ក្រុម​គ្រូ​បង្រៀន​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ពន្លឿន​បើក​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​ឲ្យ​ទៀង​ទាត់​តាម​ខែ​និមួយៗ ពិសេស​ប្រាក់​បៀវត្ស​ខែ​វិច្ឆិកា ដែល​ស្ទើរ​ដាច់​ខែ​ធ្នូ ទៅ​ហើយ នៅ​មិន​ទាន់​បើក​ជូន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។