គ្រូ​បង្រៀន​នៅ​ខេត្ត​ពោធិ៍សាត់​ចោទ​ថ្នាក់​លើ​ខ្លួន​ថា​បក្ខពួក​និយម

គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ត្រពាំង​ម្កាក់ ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​អប់រំ​របស់​ខ្លួន​ថា បាន​បង្ខំ​ឲ្យ​ទៅ​បង្រៀន​សាលា​ផ្សេង​ទាំង​បង្ខំ ដោយ​លើក​ហេតុផល​ខ្វះ​គ្រូ​បង្រៀន។

0:00 / 0:00

គ្រូ​បង្រៀន​រូប​នេះ បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជួយ​ឲ្យ​រូប​គាត់​បាន​បង្រៀន​នៅ​សាលា​ចាស់​ដដែល ពីព្រោះ​ពួក​គាត់​ធ្លាប់​បម្រើ​ការ​ងារ​នៅ​ទីនោះ​ជិត ១០​ឆ្នាំ​ហើយ។

អ្នកគ្រូ ឆឹម ចាន់ណាន ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ម្កាក់ ខេត្ត​ពោធិ៍សាត់ បាន​ចោទ​នាយក​សាលា​ខ្លួន​ថា​មាន​បក្ខពួក​និយម និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ​បង្ខំ​ឲ្យ​រូប​គាត់​ទៅ​បង្រៀន​សាលា​ផ្សេង​ទាំង​គ្មាន​កំហុស​ឆ្គង។

គ្រូ​បង្រៀន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រាក់​បៀវត្ស​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១២ របស់​គាត់​ក៏​ត្រូវ​ស្ថាប័ន​អប់រំ​ខេត្ត​ពោធិ៍សាត់ បង្កក​មិន​បើក​ជូន​ថែម​ទៀត។

អ្នកគ្រូ ចាន់ណាន បាន​ស្នើ​ឲ្យ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ឲ្យ​រូប​គាត់​បាន​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ម្កាក់ ឡើង​វិញ ព្រោះ​រូប​គាត់​មិន​ចង់​ទៅ​បង្រៀន​សាលា​ផ្សេង​ទេ ព្រោះ​សាលា​បង្រៀន​ត្រពាំង​ម្កាក់ ក៏​កំពុង​ខ្វះ​គ្រូ​បង្រៀន​ដែរ។ អ្នកគ្រូ​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​នេះ​អាច​បណ្ដាល​មក​ពី​រូប​គាត់​ជា​សកម្មជន​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ ទើប​ត្រូវ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ក្រគរ និង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់ បង្ខំ​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​បង្រៀន​សាលា​ផ្សេង។

ទាក់​ទិន​បញ្ហា​នេះ លោក សូ សុខ នាយក​សាលា​បឋម​សិក្សា​ត្រពាំង​ម្កាក់ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការ​ផ្លាស់​ប្ដូរ​នេះ ដោយ​បង្វែរ​សំណួរ​ទៅ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ក្រគរ និង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់ វិញ។

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ក្រគរ លោក សេក យ៉ាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​ផ្លាស់​ប្ដូរ​គ្រូ​បង្រៀន​នេះ​ទេ។

ប៉ុន្តែ លោក សួង សុភី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ការ​ដែល​មន្ទីរ និង​ការិយាល័យ​ស្នើ​ផ្លាស់​ប្ដូរ​សាលា​បង្រៀន​ឲ្យ​អ្នកគ្រូ ឆឹម ចាន់ណាន ទៅ​បង្រៀន​សាលា​បឋម​សិក្សា​បឹងកន្ទួត ដោយ​សារ​សាលា​នោះ​គ្មាន​គ្រូ ហើយ​សាលា​បឋម​សិក្សា​ត្រពាំង​ម្កាក់ ដែល​គាត់​បង្រៀន គ្មាន​សិស្ស​ឲ្យ​គ្រូ​បង្រៀន​រូប​នេះ​បង្រៀន។

ទោះ​យ៉ាង​ណា ការ​អះអាង​ថា​នេះ ត្រូវ​បាន​អ្នកគ្រូ ឆឹម ចាន់ណាន បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រូប​គាត់​ចេញ​ពី​សាលា​ត្រពាំង​ម្កាក់ ដែល​ធ្លាប់​បង្រៀន​ជិត ១០​ឆ្នាំ​មក​នោះ ដោយ​សារ​បញ្ហា​បុគ្គល និង​មាន​បក្ខពួក​និយម​ទៅ​វិញ​ទេ។

បញ្ហា​នេះ មន្ត្រី​ក្រសួង​អប់រំ ក៏​បាន​បដិសេធ​ថា​មិន​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​ផ្លាស់​ប្ដូរ នៅ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៣។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ មាន​ប្រសាសន៍​ថា មន្ត្រី​ពាក់ព័ន្ធ​ស្ថាប័ន​អប់រំ​ខេត្ត​ពោធិ៍សាត់ មិន​គួរ​យក​រឿង​បុគ្គល​ដើម្បី​ផ្លាស់​ប្ដូរ​គ្រូ​បង្រៀន​ពី​សាលា​មួយ​ទៅ​សាលា​មួយ​នោះ​ទេ។ លោក​ថា ទង្វើ​របៀប​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ ដែល​រាជ​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​សមាគមន៍​អាស៊ាន នា​ថ្ងៃ​អនាគត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។