នាយក​រដ្ឋមន្ត្រី​ថៃ​និយាយ​ប្រាប់​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ជម្លោះ​ជាមួយ​ខ្មែរ

នាយក​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ កាលពី​រាត្រី​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​សេចក្ដី​អំណរ​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចច្ច ដាប់ប៊ែលយូប៊ូស្ហ ចំពោះ​ការយល់ដឹង​របស់​លោក​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា ។
ដោយ ពង្ស ខេមរៈ
2008.08.07

លោក សាម៉ាក់ បាន​ថ្លែង​ថា​យើង​សូម​អរគុណ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​យល់​ដឹង​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ។ លោក សាម៉ាក់ ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ទទួល​ជួប​ពិភាក្សា និង​ពិសារ​ភោជនាហារ​រួម​គ្នា​មួយ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចច្ច ដាប់ប៊ែលយូប៊ូស្ហ នៅ​វិមាន​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​វេលា​យប់​ម៉ោង ៧ ថ្ងៃ​ពុធ​នេះ ។

គេ​ពុំ​បាន​ឮ​ដោយ​ផ្ទាល់​ថា​លោក​ប្រធានាធិបតី ប៊ូស្ហ បាន​មាន​ប្រសាសន៍​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​នោះ​ទេ ក៏ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​នៅ​អំឡុង​នៃ​កិច្ច​ពិភាក្សា​នោះ ទំនង​ជា​លោក សាម៉ាក់ បាន​លើក​យក​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​ជម្រាប​ជូន​លោក​ប្រធានាធិបតី ប៊ូស្ហ ។

ការថ្លែង​របស់​លោក សាម៉ាក់ បាន​ថ្លែង​ថា​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​អំពី​គម្រោងការ​បញ្ជូន​រដ្ឋមន្រ្តី​ការ​បរទេស​របស់​កម្ពុជា គឺ​លោក ហោ ណាំហុង ឲ្យ​ទៅ​ជួប​ចរចា​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក តឹក ប៊ុនណាត នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០០៨ នេះ ដើម្បី​ពិភាក្សា​អំពី​ការដក​កងទ័ព​និង​នៅ​ចំ​ពេល​ដែល​មាន​របាយការណ៍​ពី​ជាយដែន​ថៃ​ខ្មែរ​មក​ថា ទាហាន​ជួរ​មុខ​របស់​ថៃ​ពី​អង្គភាព​លេខ​២៦០៦ នៃ​យោធភូមិភាគ​ទី​ពីរ និង​កង​ទាហាន​ជួរ​មុខ​របស់​កម្ពុជា ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៤ បាន​ត្រូវ​ដាក់​ពង្រាយ​ឲ្យ​យាម​ល្បាត​ការពារ​ខ្សែ​ក្រវ៉ាត់​ព្រំដែន​រួម​គ្នា ចាប់​ពី​បង្គោល​ឡាក់​ទី​២២ ក្នុង​ខេត្ត​សុរិន្ទ​របស់​ថៃ និង​ខេត្ត​ឧត្ដរមានជ័យ​របស់​កម្ពុជា រហូត​ដល់​ទិស​ខាង​កើត​ចម្ងាយ​៤​គីឡូម៉ែត្រ​រៀងៗ​ខ្លួន ដោយ​រង់ចាំ​ដំណោះស្រាយ​ភាព​តានតឹង​នៃ​ជម្លោះ​ព្រំដែន ខណៈ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង​ក្រុម​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ជុំវិញ​ជម្លោះ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់ និង​ប្រាសាទ​ព្រះវិហារ ។

លោក​ប្រធានាធិបតី ចច្ច ដាប់ប៊ែលយូប៊ូស្ហ ដែល​បាន​មក​ដល់​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​លោក​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា​នេះ អំពី​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ព្រះរាជ​ដំណាក់​ម្ចាស់ក្សត្រី  ស៊ីរកៀត ចំណែក​ឯ​ភរិយា​របស់​លោក​គឺ​អ្នកស្រី ឡូរ៉ា ប៊ូស្ហ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ភូមា​ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​ថៃ​ភូមា ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។