កាសែតបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី២ សីហា បានសរសេរថាក្នុងពេលដែលតំណាងស្ថានទូតបារាំងនៅប្រទេសថៃបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃថ្មី លោក តេជ ប៊ុនណាក់ ដើម្បីជូនពរក្នុងមុខតំណែងថ្មីនោះ លោករដ្ឋមន្រ្តីការបរទេសថៃបានលើកសំណើនេះឡើង ហើយលោកឯកអគ្គរដ្ឋទូតបារាំង Laurent Bili បានទទួលយកសំណើនេះ ហើយដាក់ជូនរដ្ឋាភិបាលបារាំងនិងមន្រ្តីបារាំងនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដើម្បីត្រួតពិនិត្យ ។
មន្រ្តីបារាំងបានលើកឡើងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំងថា ការដោះស្រាយបញ្ហាថៃលើកទ័ពចូលតំបន់ប្រាសាទព្រះវិហារនេះ គួរដោះស្រាយតាមការជួបទ្វេភាគីនិងក្នុងតំបន់ ។
ចំណែកឯកអគ្គរាជទូតជប៉ុនក្នុងពេលបានជួបជាមួយលោករដ្ឋមន្រ្តីការបរទេសថៃថ្មីនេះបានថ្លែងឲ្យដឹងថា ការដោះស្រាយបញ្ហាទំនាស់ដីនៅតំបន់ប្រាសាទព្រះវិហារនេះគួរដោះស្រាយតាមការចរចាទ្វេភាគីដែរ ៕
