យោងតាមការអះអាងពីលោកវរសេនីយ៍ត្រី ស៊ឹម សុខា មេបញ្ជាការរងអង្គភាពការពារព្រំដែនដែលបានឲ្យទីភ្នាក់ងារព័ត៌មានអេភីដឹងនៅថ្ងៃអាទិត្យថា ទាហានថៃទាំងនោះនឹងដកថយវិញតែនៅពេលណាជម្លោះរឿងប្រាសាទព្រះវិហារដោះស្រាយចប់រួចរាល់ជាស្ថាពរប៉ុណ្ណោះ ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បានបដិសេធការចោទប្រកាន់ថា មានទាហានថៃកាន់កាប់ប្រាសាទតាមាន់ធំនោះ ។ លោកថាទាហានថៃគ្រាន់តែរាយកម្លាំងជុំវិញបរិវេណចម្ងាយប្រមាណ៨០ម៉ែត្រពីប្រាសាទតូចនោះ ដើម្បីការពារមិនឲ្យទាហានខ្មែរចូលកាន់កាប់តែប៉ុណ្ណោះ ។ ប្រាសាទតាមាន់ធំនោះមិនល្បីល្បាញដូចប្រាសាទព្រះវិហារទេ គឺគ្រាន់តែជាដំណាក់ស្តេចនាសម័យដើមតែប៉ុណ្ណោះ ។
ដំណាលពេលគ្នានេះមានដំណឹងថា អតីតយោធាខ្មែរក្រហមនៅក្នុងកងយោធពលខេមរភូមិន្ទបង្ហាញនូវស្មារតីតស៊ូរបស់គេ ដោយចាំតែទទួលបញ្ជានឹងច្បាំងជាមួយទាហានថៃប៉ុណ្ណោះ ។
កាសែតភ្នំពេញប៉ុស្តិ៍បានសម្ភាសអតីតទាហានខ្មែរក្រហមម្នាក់ ឈ្មោះ ខៀវ ញ៉យ ដែលកំពុងកាន់កាំភ្លើងការពារនៅក្បែរប្រាសាទព្រះវិហារ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីយោធាថៃនោះ ថាខ្លួនអន្ទះសារចង់បាញ់ហើយតឹងទ្រូងណាស់ព្រោះឃើញសត្រូវហើយបាញ់មិនកើត ។ ថៃបានចោទថាកម្ពុជាប្រើកម្លាំងអតីតខ្មែរក្រហម ប៉ុន្តែខ្មែរបានបដិសេធថាមិនមែនជាការពិត ។
ប្រទេសថៃកំពុងតែទាក់ទាញចិត្តប្រទេសមហាអំណាចមួយចំនួនឲ្យគាំទ្រគោលជំហររបស់ខ្លួន ជុំវិញជម្លោះតំបន់ប្រាសាទព្រះវិហារជាមួយកម្ពុជា ។ រដ្ឋមន្រ្តីការបរទេសថ្មីរបស់ថៃក្នុងឱកាសទទួលបដិសណ្ឋារកិច្ចពីបណ្តាឯកអគ្គរាជទូតនិងរដ្ឋទូតនានា សម្រាប់ការចូលកាន់ដំណែងថ្មីរបស់លោក លោក តេក ប៊ុនណាក បានឆ្លៀតអន្ទងចិត្តបណ្តាប្រទេសធំៗមួយចំនួនដើម្បីឲ្យគាំទ្រថៃ ជុំវិញការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារ ។
យោងតាមគេហទំព័រនោះអ្នកតំណាងប្រទេសជប៉ុន ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសមហាអំណាចបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីលើជម្លោះរវាងប្រទេសថៃនិងកម្ពុជាតាមកិច្ចចរចាទ្វេភាគីតាមសំណើរបស់ប្រទេសថៃ ដោយមិនចាំបាច់មានអន្តរាគមន៍ពីប្រទេសនានានៅក្នុងតំបន់និងថ្នាក់អង្គការសហប្រជាជាតិ ៕
