ពិធីដោតទង់សញ្ញាអន្តរជាតិជានិមិត្តរូបការពារប្រាសាទបូរាណខ្មែរ និងសកម្មភាពពុទ្ធបរិស័ទខ្មែរធ្វើកឋិនទៅវត្តខ្មែរ កែវសិក្ខាគិរីស្វរៈ នៅឯបរិវេណប្រាសាទព្រះវិហារកន្លងមកនេះ បានញ៉ាំងឲ្យរដ្ឋាភិបាលថៃកើតក្តីក្តៅក្រហាយនិងបានធ្វើការតវ៉ាជាខ្លាំង។
ទង់យូណេស្កូ (ឆ្វេង) ទង់បេតិកភណ្ឌពិភពលោក (កណ្ដាល) និងទង់ជាតិប្រទេសកម្ពុជា (ស្ដាំ) បក់រវិចក្នុងអំឡុងពេលពិធីដំឡើងជាផ្លូវការ នៅឯប្រាសាទព្រះវិហារ ក្នុងខែត្រព្រះវិហារ នាថ្ងៃ៧ វិច្ឆិកា ២០០៨។
សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំប្រទេសថៃបានឲ្យដឹងថា ថៃបានធ្វើសេចក្តីតវ៉ានៅក្នុងកិច្ចប្រកាសមួយកាលពីថ្ងៃសុក្រ ទី១៤ វិច្ឆិកាកន្លងមកនេះ។
ក្រសួងការបរទេសថៃបានប្រតិកម្មតវ៉ាប្រឆាំងទៅនឹងសកម្មភាពមួយចំនួនរបស់អាជ្ញាធរកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ ដែលសកម្មភាពមួយកើតនៅថ្ងៃទី៧ វិច្ឆិកា និងសកម្មភាពមួយទៀតកើតនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយចោទថាកម្ពុជាបានរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។
សូមបញ្ជាក់ថា ថ្ងៃទី៧ វិច្ឆិកា គឺជាទិវាដែលមន្ត្រីអង្គការយូណេស្កូនិងមន្ត្រីរដ្ឋាភិបាលខ្មែរបានធ្វើពិធីដោតទង់និងផ្លាកសញ្ញាក្នុងបរិវេណប្រាសាទព្រះវិហារ និងថ្ងៃទី១២ វិច្ឆិកា គឺជាទិវាដែលមានពុទ្ធបរិស័ទខ្មែរបាននាំគ្នាធ្វើកឋិននៅក្នុងវត្តខ្មែរ កែវសិក្ខាគិរីស្វរៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៤ វិច្ឆិកា ក្រសួងការបរទេសថៃបានសរសេរថា ថៃបានបញ្ជូនលិខិតតវ៉ារបស់ខ្លួនទៅកាន់ក្រសួងការបរទេសកម្ពុជាជុំវិញការធ្វើបុណ្យកឋិនទាននៅវត្តកែវសិក្ខាគិរីស្វរៈ ដោយចោទអាជ្ញាធរកម្ពុជាថាពុំបានអនុញ្ញាតឲ្យភាគីថៃដឹងឮអំពីរឿងពិធីនោះទេ និងចោទថាកម្ពុជាបានរំលោភលើទឹកដីរបស់ខ្លួនត្រង់វត្តកែវសិក្ខាគិរីស្វរៈនោះ។
ក្រសួងការបរទេសថៃនៅបានចោទរដ្ឋាភិបាលកម្ពុជាថា បានរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនទៀតដោយសារតែសកម្មភាពនៅថ្ងៃទី៧ ខែវិច្ឆិកា រួមមានការដោតទង់ជាតិចំនួន៣នៅលើកំពូលប្រាសាទព្រះវិហារ ការកសាងប៉ាណូធំៗពីរនៅនឹងជើងជណ្តើរប្រាសាទព្រះវិហារ និងការធ្វើដំណើរឆ្លងកាត់របស់មន្ត្រីកម្ពុជាចូលទៅលើកទង់ជាតិទាំងនោះ ដោយមិនមានការអនុញ្ញាតពីភាគីថៃជាមុន។
គេនៅមិនទាន់ឃើញមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជានៅឡើយទេជុំវិញការតវ៉ានិងការចោទប្រកាន់របស់រដ្ឋាភិបាលថៃនាពេលនេះ។
ទោះជាយ៉ាងណាក្តីក្រុមសកម្មជនការពារព្រំដែនខ្មែរនៅទ្វីបអឺរុបបានសម្ដែងប្រតិកម្មទៅនឹងការតវ៉ារបស់ក្រសួងការបរទេសថៃ។
លោក គិរី សេនា ដែលជាពលរដ្ឋខ្មែរមួយរូបរស់នៅក្នុងប្រទេសហុល្លង់បានថ្លែងថា ៖ «ការដែលដាក់ទង់អង្គការយូណេស្កូ ដាក់ទង់តុលាការអន្តរជាតិក្រុងឡាអេ និងទង់របស់កម្ពុជាទៅលើប្រាសាទព្រះវិហារហ្នឹង ក៏ជាអធិបតេយ្យភាពរបស់កម្ពុជាក្នុងការបញ្ជាក់ពីកេរមរតករបស់ខ្លួន។ ឯការធ្វើកឋិននៅវត្តកែវសិក្ខាគិរីស្វរៈហ្នឹងគឺជារឿងរបស់កម្ពុជាសុទ្ធសាធ ជាសិទ្ធិអំណាចរបស់កម្ពុជា»។
លោក គិរី សេនា បានឲ្យដឹងទៀតថា ការខឹងនឹងសកម្មភាពឈ្លានពានរបស់ថៃនោះហើយបានញ៉ាំងឲ្យមានការធ្វើបាតុកម្មមួយដោយខ្មែរនៅក្រៅប្រទេសចំនួនប្រមាណ២៧០នាក់ កាលពីថ្ងៃទី១ វិច្ឆិកា នៅមុខតុលាការអន្តរជាតិក្រុងឡាអេនៃប្រទេសហុល្លង់។
ពលរដ្ឋខ្មែរទាំង២៧០នាក់នោះ គឺរួមមានពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក កាណាដា ន័រវ៉េ បារាំង អាល្លឺម៉ង់ ហុល្លង់ និងពីប្រទេសកម្ពុជាផងនោះដែរ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.