មន្ត្រី​ខ្មែរ​និង​ថៃ​ប្រជុំ​គ្នា​ពី​ការកំណត់​ឲ្យ​អ្នក​បើកបរ​ថៃ​មាន​លិខិត​ឆ្លងដែន​និង​ទិដ្ឋាការ​ពេល​ចូល​ទឹក​ដី​ខ្មែរ

ក្រុម​មន្រ្តី​នគរបាល​អន្តោប្រវេសន៍​ខ្មែរ​និង​ថៃ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​មួយ ដើម្បី​កំណត់​ឲ្យ​អ្នក​បើកបរ​ឡាន​របស់​ក្រុមហ៊ុន​ថៃ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ត្រូវ​មាន​លិខិត​ឆ្លងដែន និង​សុំ​ទិដ្ឋាការ​ចូល​តាម​ទម្រង់​ច្បាប់ ។

0:00 / 0:00

លោក ឌិន ដារ៉ូ អនុ​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជាប់​ច្រក​ខ្លងលិត​ថៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​និង​មន្ត្រី​អន្តោប្រវេសន៍​ថៃ បាន​ជួប​ប្រជុំ​គ្នា​ជាបន្ទាន់​មួយ​រយៈពេល​៣០​នាទី កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា ឆ្នាំ​២០០៨ ដើម្បី​កំណត់​ឲ្យ​ភាគី​ថៃ​បំពេញ​បែបបទ​តាម​គោលការណ៍​របស់​ប្រទេស​កម្ពុជា មុន​នឹង​អនុញ្ញាត​ជនជាតិ​ថៃ​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​បើកបរ​ដឹក​ទំនិញ​ចូល​មក​កម្ពុជា ។

លោក ឌិន ដារ៉ូ បាន​ឲ្យ​ដឹង​ថា ៖ «និយាយ​រួម ក្នុង​ច្បាប់​ប្រទេស​នីមួយៗ​វា​ត្រូវតែ​មាន​ក្រដាស​ស្នាម​ចេញ​ចូល​អ៊ីចឹង​ហើយ ហើយ​កន្លងមក​យើង​ចេះតែ​មាន​ការយោគយល់ អ៊ីចឹង​យើង​មាន​បទបញ្ជា​ថ្មី​តម្រូវ​ឲ្យ​បំពេញ​បែបបទ​តាម​លក្ខការណ៍​ច្បាប់ ។ ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន ក៏​ដូច​ជា​ប្រជាជន​នៅ​តាម​ខេត្ត ត្រូវ​មាន Passport ត្រូវ​មាន Border Pass ឬ​ក៏​ក្រដាស​ស្នាម​ផ្សេងៗ ដូច​ខាង​យើង​ដែរ»

លោក ឌិន ដារ៉ូ បាន​ឲ្យ​ដឹង​ថា​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​គឺ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​ភាគី​អន្តោប្រវេសន៍​ថៃ​បាន​ស្នើសុំ​ភាគី​កម្ពុជា​ចំនួន​ពីរ​ចំណុច ទីមួយ​គឺ​ថៃ​សុំ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​តុលា និង​សូម​ឲ្យ​រក្សា​ទម្រង់​នៃ​ការបំពេញ​បែបបទ​ដូច​មុន​ដដែល ។

តំណាង​ក្រុមហ៊ុន​មួយចំនួន​ដែល​មាន​ទំនាក់​ទំនង​ការរកស៊ី​ជាមួយ​ក្រុមហ៊ុន​ថៃ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការដាក់​ឲ្យ​តម្រូវ​បំពេញ​បែបបទ​តាម​ច្បាប់​ខាង​លើ​នេះ​ទេ គ្រាន់តែ​បញ្ជាក់​វា​គឺ​ច្បាប់​របស់​ប្រទេស​នីមួយៗ​ដែល​ជាតិ​សាសន៍​ដទៃ​ត្រូវតែ​គោរព ៖ «ព្រោះ​វា​ជា​រឿង​ដែល​ភាគី​ថៃ​យល់ឃើញ​ថា​ត្រូវ ត្រូវ​ធ្វើ​ឲ្យ​គេ បើ​មិន​ធ្វើ គេ​អនុវត្ត​តាម​ច្បាប់»

បើ​តាម​លោក​ឧត្តមសេនីយ៍​ទោ សុខ ភាព ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន បាន​មាន​ប្រសាសន៍​ថា​នៅ​មុន​កិច្ចប្រជុំ​ភាគី​កម្ពុជា​បាន​បិទ​ច្រក​មិន​ឲ្យ​ឡាន​ដឹក​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​ដែរ ហើយ​ការបិទ​ច្រក​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការកក​ស្ទះ​មួយ​សន្ទុះ​ធំ ក្រោយ​មក​ទើប​បើក​ឲ្យ​មាន​ការចេញ​ចូល​ជា​ធម្មតា​វិញ ។

លោក ឌិន ដារ៉ូ បាន​ថ្លែង​ថា​កម្ពុជា​ជូន​ដំណឹង​ទៅ​ខាង​ភាគី​ថៃ​មុន​ថ្ងៃ​ជួប​ប្រជុំ​ប្រហែល​ជា ៤​ថ្ងៃ​ទៅ​ហើយ ហើយ​ការបិទ​នោះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​ភាគី​ថៃ​ចូល​ខ្លួន​ដោះស្រាយ​គោលការណ៍​ច្បាប់​របស់​ប្រទេស​កម្ពុជា ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឌិន ដារ៉ូ បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ថៃ​និយម​មក​លេង​ល្បែង​កាស៊ីណូ​នៅ​លើ​ទឹក​ដី​ខ្មែរ គឺ​នៅតែ​ចេញ​ចូល​ជា​ធម្មតា​ដូច​មុន ចំណែក​ឯ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ចូល​ទៅ​រក​ស៊ី​ឬ​អូស​រទេះ​ក្នុង​ទឹក​ដី​ថៃ​ជិត​ព្រំដែន​ក៏​នៅតែ​ចេញ​ចូល​ជា​ធម្មតា​ទេ លើកលែង​តែ​ក្រុមហ៊ុន​ថៃ​ប៉ុណ្ណោះ​ដែល​ចាំបាច់​ត្រូវ​គោរព​ច្បាប់​កម្ពុជា ៕