អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រចាំក្រុងបាងកកបានរាយការណ៍ឲ្យដឹងបន្ថែមទៀតថា ទាហានថៃត្រូវបានគេដាក់ឲ្យត្រៀមជើងការណ៍យ៉ាងប្រុងប្រយ័ត្នដើម្បីគ្រប់គ្រងស្ថានការណ៍នយោបាយនៅកណ្តាលក្រុងបាងកក កាលពីយប់ថ្ងៃសុក្រនិងនៅព្រឹកថ្ងៃសៅរ៍នេះ។
មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ អនុពង្ស ប៉ាវចិន្តា បានត្រូវស្រង់សម្ដីដោយអ្នកនាំពាក្យយោធាថៃថា លោកបានក្រើនរំឭកដល់ស្ថាប័នពាក់ព័ន្ធនានាឲ្យពិនិត្យស្ថានការណ៍នយោបាយឲ្យបានដិតដល់និងត្រៀមអន្តរាគមន៍ភ្លាមៗនៅពេលភាពតានតឹងផ្នែកនយោបាយប្រែក្លាយទៅជាអំពើហិង្សាដោយការប៉ះទង្គិចគ្នាជាយថាហេតុរវាងក្រុមបាតុករគាំទ្រនិងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។
ការដាក់ទាហានឲ្យប្រុងជើងការណ៍នេះធ្វើឡើងប៉ុន្មានម៉ោងមុនការថ្លែងសារនយោបាយតាមទូរស័ព្ទទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនរាប់ម៉ឺននាក់ដោយលោក ថាក់ស៊ីន ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាព្រឹកម៉ោង៨ថ្ងៃសៅរ៍។
ក្រុមអ្នកគាំទ្រ លោក ថាក់ស៊ីន ក្នុងឈុតសម្លៀកបំពាក់អាវនិងឆ្នួតក្បាលពណ៌ក្រហមនឹងប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋាន រ៉ាជម៉ាំងកាឡា ក្នុងក្រុងបាងកក ដើម្បីស្តាប់ការថ្លែងអំពីរឿងពិតថ្ងៃនេះដោយអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ដែលបានភៀសខ្លួននយោបាយទៅជ្រកកោននៅប្រទេសអង់គ្លេស។
បណ្តាញព័ត៌មានថៃក៏បានរាយការណ៍ផងដែរថា ក្រុមអ្នកគាំទ្រនៃរណសិរ្សរួបរួមប្រជាធិបតេយ្យដើម្បីប្រឆាំងនឹងរបបផ្តាច់ការយោធា (UDD) ក៏បានធ្វើដំណើរពីបណ្តាខេត្តនានាមកកាន់ក្រុងបាងកកដើម្បីចូលរួមក្នុងការជួបប្រជុំរបស់បាតុករគាំទ្ររបស់រដ្ឋាភិបាលដែរ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលក្នុងសម្លៀកបំពាក់អាវនិងឆ្នួតក្បាលពណ៌លឿងបានទទួលរងការវាយប្រហារដោយគ្រាប់បែកដោយក្រុមជនមិនស្គាល់មុខបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៩នាក់ផ្សេងទៀតរងរបួស ត្រង់ម្តុំស្ពានម៉ាកាវ៉ាន់រ៉ាំងសាន នៅចន្លោះអគាររបស់ឧត្តមស្នងការសហប្រជាជាតិ និងអគាររដ្ឋាភិបាលថៃ ទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទាំងនោះកំពុងកាន់កាប់។
គួរជម្រាបផងដែរថា ការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិសបង្រ្កាបបាតុកម្មនិងបាតុករប្រឆាំងរដ្ឋាភិបាលមកពីសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ (PAD) កាលពីថ្ងៃទី៧ តុលាកន្លងមកនេះ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងជាង៤០០នាក់ផ្សេងទៀតរងរបួស៕
