គួរជម្រាបថាកាលពីថ្ងៃពុធ ទី២០ សីហា ទាហានឈុតខ្មៅថៃមួយរូបបានកញ្ឆក់យកម៉ាស៊ីនកំណត់ភូមិសាស្ត្ររបស់មន្ត្រីក្រសួងវប្បធម៌របស់ខ្មែរ ហើយយកទៅកម្ទេចចោល ខណៈដែលមន្ត្រីក្រសួងវប្បធម៌បានធ្វើទស្សនកិច្ចនៅប្រាសាទតាមាន់ធំនោះ ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ិច សុខិន បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍កម្ទេចម៉ាស៊ីន GPS របស់ខ្មែររួចមក ខាងភាគីខ្មែរបានដាក់ពាក្យបណ្ដឹងទៅទីបញ្ជាការយោធភូមិភាគរបស់ថៃ ដែលឈរជើងនៅជិតប្រាសាទតាមាន់ធំ ហើយថាមេបញ្ជាការទាហានថៃបានមកសុំទោសខាងភាគីខ្មែរ ដោយលើកឡើងថាទាហានឈុតខ្មៅថៃរូបនោះបានកម្ទេចម៉ាស៊ីន GPS ក៏ព្រោះតែមានអាការៈស្រវឹងស្រា ។
លោក ប៉ិច សុខិន បានមានប្រសាសន៍ថា ៖ «មេបញ្ជាការមកសុំទោសកងកម្លាំងយើងនៅខាងមុខ ហើយបានដកទាហានម្នាក់ហ្នឹង ព្រោះគេបញ្ជាក់ប្រាប់យើងថាវាស្រវឹង ។ យើងក៏បានឃើញដែរ ឃើញជាក់ស្ដែងគឺមេវាស្រែកពីក្នុងមក តែវាអត់ធ្វើតាម» ។
មេបញ្ជាការកងពលលេខ៤២ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ធំនៃខ្នងភ្នំដងរែក លោកវរសេនីយ៍ឯក នាក់ វង្ស បានមានប្រសាសន៍ថាពិតជាមានព្រឹត្តិការណ៍បោកកម្ទេចម៉ាស៊ីន GPS នោះមែន ហើយថាខាងភាគីថៃបានមកសុំទោសខាងភាគីខ្មែររួចហើយ ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានឲ្យដឹងពីស្ថានភាពនៅឯប្រាសាទតាមាន់ធំ ថា រហូតមកទល់នឹងពេលនេះទាហានថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលទៅប្រាសាទតាមាន់ធំ ចន្លោះពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់តែប៉ុណ្ណោះ ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានឲ្យដឹងថា ៖ «មែនទែនមិនជាការចាក់សោអីទេ គ្រាន់តែគេទាញទ្វារបិទធម្មតាហ្នឹង ហើយយើងទៅក៏យើងបើកទៅ ហៅគេមកគេបើកទៅ» ។
ទោះជាយ៉ាងណាលោកវរសេនីយ៍ឯក នាក់ វង្ស បានមានប្រសាសន៍ឲ្យដឹងទៀតថា ស្ថានភាពនៃការប្រឈមមុខដាក់គ្នារវាងកងទ័ពសៀមនិងកងទាហានខ្មែរ រហូតមកទល់នឹងថ្ងៃសុក្រនេះ គឺមិនមានការប្រែប្រួលអ្វីឡើយ ។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានមានប្រសាសន៍ថាក្រសួងវប្បធម៌បានធ្វើការប្រជុំគ្នា នៅថ្ងៃទី២២ សីហានេះ ដើម្បីពិភាក្សាពីទង្វើរបស់ទាហានថៃមកលើគណៈប្រតិភូរបស់ខ្មែរ ។ លោក ហ៊ឹម ឆែម បានចាត់ទុកទង្វើរបស់ទាហានថៃថាជាអំពើឃោរឃៅ ។
លោក ហ៊ឹម ឆែម បានបញ្ជាក់ថា ៖ «ចរិតរបស់គេហ្នឹងគេធ្វើហាក់ដូចជាឃោរឃៅណាស់ ។ យើងមិនអាចយល់ចិត្តគេយ៉ាងម៉េចបានទេ ព្រោះចិត្តគេ គេមកនៅលើដីយើងទៅហើយ គេធ្វើរបងធ្វើអី» ។
លោក ហ៊ឹម ឆែម បានមានប្រសាសន៍ថាគណៈប្រតិភូនៃក្រសួងវប្បធម៌ បានយកម៉ាស៊ីន GPS នោះ ដើម្បីកំណត់ភូមិសាស្ត្រនៃប្រាសាទបូរាណតាមាន់ធំរបស់ខ្មែរ ដោយវាស់វែងរយៈចម្ងាយពីប្រាសាទទៅទីរួមខេត្តឧត្តរមានជ័យ ទៅខេត្តសៀមរាប ឬទៅទីក្រុងភ្នំពេញ ។
គួរជម្រាបថាទាហានថៃបានចូលមកកាន់កាប់ប្រាសាទតាមាន់ធំរបស់ខ្មែរ ប៉ុន្តែរដ្ឋាភិបាលខ្មែរបានប្រកាសថាទាំងប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច គឺសុទ្ធតែស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ ៕
