មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិត ចារង់វ៉ាត់ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានក្រសួងការបរទេសថៃផងដែរនោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីជុំវិញមូលហេតុដែលថៃបានស្នើម្តងហើយម្តងទៀត ទាក់ទងនឹងបរិវេណដីទីតាំងក្បែរប្រាសាទទំហំ៤,៦គីឡូម៉ែត្រការេ ។
លោក ថារិត ចារង់វ៉ាត់ បានមានប្រសាសន៍ថា ៖ "ចំពោះបញ្ហានៃប្រាសាទព្រះវិហារ គឺមិនមែនជាបញ្ហាតែរបស់កម្ពុជាខ្លួនឯងមួយប៉ុណ្ណោះទេ ។ យើងទទួលស្គាល់ការកាត់សេចក្តីនៃតុលាការអន្តរជាតិ នៃឆ្នាំ១៩៦២ ដែលកាត់ថា ប្រាសាទគឺជារបស់ប្រទេសកម្ពុជា ។ ប៉ុន្តែដោយសារតែកម្ពុជាបានចង់យកប្រាសាទនោះទៅដាក់ជាបេតិកភណ្ឌអន្តរជាតិ ក្រុមប្រឹក្សាបេតិកភណ្ឌអន្តរជាតិត្រូវប្រកាន់នូវច្បាប់ដែលមានភ្ជាប់នឹងទីតាំងកន្លែងដាក់បញ្ចូលនោះ ។ វាមិនមែនត្រឹមតែប្រាសាទប៉ុណ្ណោះទេ គឺត្រូវនិយាយអំពីតំបន់ដែលនៅជុំវិញនោះផងដែរ ។ តាមបច្ចេកទេសគឺទីតំបន់ស្នូលនិងទីតំបន់ទ្រនាប់ ដែលតាមកន្លែងខ្លះគឺភាគីទាំង២ នៅតែអះអាងថាជាដីរបស់ខ្លួនមិនទាន់ច្បាស់លាស់ ហើយត្រូវរង់ចាំឲ្យមានការដោះស្រាយពីភាគីទាំង២ ។នេះគឺជាបញ្ហាដែលយើងបានលើកឡើងមកនិយាយ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់សាឡើងវិញម្តងទៀតថា ប្រទេសថៃបានយល់ព្រមដែរថា ប្រាសាទព្រះវិហារ គប្បីតែត្រូវដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ។ ប៉ុន្តែដើម្បីឲ្យរឿងនេះអាចកើតឡើងបាន គេត្រូវចាំបាច់និយាយឲ្យច្បាស់លាស់ ហើយភាគីទាំង២ នៅមិនទាន់បានដោះស្រាយចំពោះរឿងនោះទេ ។ បើអ៊ីចឹងគឺតម្រូវឲ្យយើងទាំង២ ធ្វើកិច្ចការនេះចាត់ចែងរួមគ្នាដើម្បីឲ្យគម្រោងដាក់បញ្ចូលនេះបានធ្វើឡើងដោយជោគជ័យ" ។
ភាគីកម្ពុជានៅមិនទាន់មានប្រតិកម្មជុំវិញការលើកឡើងសាជាថ្មីរបស់មន្ត្រីថៃនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍តាមទីភ្នាក់ងារព័ត៌មាន អាកាប៉េ របស់កម្ពុជា កាលពីខែមីនាថា កម្ពុជានឹងចុះបញ្ជីតែតួប្រាសាទប៉ុណ្ណោះ ។
លោកនាយករដ្ឋមន្ត្រីខ្មែរ បានមានប្រសាសន៍ពន្យល់ទៀតថា នៅមានចំណុចដែលមិនចុះសម្រុងគ្នាជាច្រើនទៀត លើបញ្ហាព្រំដែនដែលគេនឹងត្រូវដោះស្រាយ ។ លោកថា អង្គការយូណេស្កូ ពុំមានសមត្ថកិច្ចក្នុងការវាស់វែងព្រំដែននោះឡើយ ។
សូមបញ្ជាក់ថាការថ្លែងរបស់មន្ត្រីអ្នកនាំពាក្យថៃក្នុងសប្តាហ៍នេះ គឺបានធ្វើឡើង២ថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសថៃ លោក ណុបផៈដុនប៉ាតាម៉ា បានជួបជាមួយឧបនាយករដ្ឋមន្រ្តីខ្មែរ លោក សុខ អាន ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយរបស់លោកទៅកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ឧសភា កន្លងទៅនេះ ៕
