មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែឧសភា បានប្រតិកម្មចំពោះមេបញ្ជាការកងទ័ពថៃ ដែលយល់ប្រឡំថា កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ឬសម្ភារៈផ្សេងៗ ពីប្រទេសថៃ តាមច្រកព្រំដែន ដើម្បីចិញ្ចឹមកងទ័ពកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារនោះ។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានពោលចំអកទៅភាគីថៃថា កម្ពុជាមិនបានខ្វល់ខ្វាយចំពោះការប្រកាសបិទច្រកព្រំដែននៅតាមខេត្តមួយចំនួន ជាប់ព្រំដែនជាមួយកម្ពុជា ពីសំណាក់កងទ័ពថៃនោះទេ។ ហើយថាកន្លងមកកម្ពុជាក៏មិនបានពឹងផ្អែកការនាំចូលសម្ភារៈប្រើប្រាស់ផ្សេង តាមច្រកព្រំដែនពីថៃ យកមកផ្គត់ផ្គង់កងទ័ពកម្ពុជានោះដែរ ៖ «ដូច្នេះរឿងនេះ គឺជារឿងមួយគួរឲ្យអស់សំណើចមួយដែរ ដែលកងទ័ពថៃយល់ខុសយ៉ាងខ្លាំង។ យល់ឃើញដូចថាកងទ័ពកម្ពុជាហ្នឹង ទៅពឹងពាក់ដង្ហើមរស់តាមតែមួយច្រកហ្នឹង គឺយល់ខុសទាំងស្រុងហើយ។ យើងមិនបានប្រើប្រាស់សម្ភារៈ ឬប្រេងសាំងនាំចូលតាមច្រកមកផ្គត់ផ្គង់កងទ័ពកម្ពុជាយើង គឺអត់មានទេ»។
កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា មេបញ្ជាការយោធាថៃ នៃយោធភូមិភាគទី២ បានចេញបញ្ជាមន្ត្រីពាក់ព័ន្ធថៃ ឱ្យទប់ស្កាត់ការនាំចេញប្រេងឥន្ធនៈ និងផលិតផលផ្សេងៗ ដែលកងទ័ពកម្ពុជាអាចប្រើប្រាស់ ដើម្បីធ្វើប្រតិបត្តិការប្រឆាំងថៃនៅតំបន់ជម្លោះរឿងព្រំដែននោះ។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ថៃចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា បានឲ្យដឹងថា អាជ្ញាធរថៃបានដាក់បទបញ្ជាហាមមិនឲ្យនាំចូលផលិតផល មានដូចជាប្រេងឥន្ធនៈពីប្រទេសថៃ ចូលមកកម្ពុជាឲ្យបន្តរហូតស្ថានភាពតាមព្រំដែនវិលមករកភាពធម្មតាពិតប្រាកដវិញ។
យ៉ាងនេះក្តី លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាពុំមានការព្រួយបារម្ភចំពោះការបិទមិនឲ្យទំនិញផ្សេងៗ ពីប្រទេសថៃ ចូលមកកម្ពុជានោះទេ ព្រោះទីផ្សារសម្រាប់នាំចូលទំនិញពីក្រៅប្រទេស ចូលមកកម្ពុជា មិនមែនមានតែប្រទេសថៃនោះទេ គឺមានប្រទេសវៀតណាម និងចិនជាដើម។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជា បានថ្លែងថា ការគំរាមបិទនាំចូលទំនិញ ឬប្រេងឥន្ធនៈពីប្រទេសថៃ តាមច្រកព្រំដែនមួយចំនួនចូលមកកម្ពុជា មិនបានធ្វើឲ្យកងទ័ពកម្ពុជាតាមព្រំដែនមានផលប៉ះពាល់នោះទេ។ លោកបន្ថែមថា ទីផ្សារទំនិញរបស់កម្ពុជា មានដូចជាប្រទេសចិន និងវៀតណាមជាដើម មិនមែនមានតែប្រទេសថៃមួយទេ ដែលអាចនាំទំនិញចូលមកទីផ្សារកម្ពុជាបាននោះ ៖ «យើងបារម្ភមួយបើសិនជាថៃបិទមិនឲ្យផលិតផលកសិកម្មរបស់ថៃ មិនឲ្យចូលមកកម្ពុជា ទើបមានវិបត្តិរវាងថៃ និងកម្ពុជា។ រឿងប្រេងប្រហែលជាកម្ពុជាមិនបាននាំចូលពីប្រទេសថៃទេ ព្រោះក្រុមហ៊ុន ភីធីធី (PTT) មានចំនួនតិចបំផុតនៅកម្ពុជានោះទេ ក្រុមហ៊ុនដែលធំនៅកម្ពុជា គឺមានសូគីម៉ិច កាល់តិច និងតូតាល់។ អ៊ីចឹងរាល់ប្រទេសថៃមានសេចក្ដីថ្លែងការណ៍ គឺមិនប៉ះពាល់ទេ ហើយវាជាការល្អដែលកម្ពុជាត្រៀមខ្លួនដើម្បីភាពរឹងមាំនៃអ្វីដែលកម្ពុជាខ្វះខាត»។
ទាក់ទងបញ្ហានេះ លោក យ៉ែម បុញ្ញាប្ញទ្ធិ សមាជិកសភាគណបក្សសិទ្ធិមនុស្ស បានចាត់ទុកការបិទទំនិញពីប្រទេសថៃ នៅតាមព្រំដែនក្នុងមួយចំនួន ជាប់ព្រំដែនកម្ពុជា គឺជាការដាក់គំនាបសេដ្ឋកិច្ចមួយ ប៉ុន្តែបញ្ហានេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការរស់នៅរបស់ពលរដ្ឋកម្ពុជានោះទេ ៖ «ជុំវិញគំនាបសេដ្ឋកិច្ចនេះជាអាចមានផលប៉ះពាល់ដល់ប្រទេសយើង ដោយសារតែប្រទេសយើងមិនទាន់មានឯករាជ្យភាពពិតប្រាកដនៅក្នុងផ្នែកសេដ្ឋកិច្ចដូចជានៅក្នុងរឿងថាមពល រឿងប្រេងឥន្ធនៈ រឿងគ្រឿងឧបភោគបរិភោគ និងគ្រឿងប្រើប្រាស់មួយចំនួន ធ្វើឲ្យទំនិញប្រេងសាំងអាចឡើងថ្លៃ និងទំនិញផ្សេងៗ អាចឡើងថ្លៃបន្តទៀត»។
លោក ស៊ុំ ចន្ទគា មន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងថា ការប្រកាសបិទមិនឲ្យនាំទំនិញថៃចូលមកកម្ពុជា ពីសំណាក់មេបញ្ជាការកងទ័ពថៃ គឺជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថៃខ្លួនឯងទៅវិញទេ។ លោកបន្តថា បទបញ្ជានេះមិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ឬក៏ប៉ះពាល់ដល់យុទ្ធសាស្ត្រការពារបូរណភាពទឹកដីរបស់កងទ័ពកម្ពុជានោះដែរ ៖ «បើសិនជាបិទមិនឲ្យនាំទំនិញចូលមកកម្ពុជា វាជារឿងមួយខាតបង់របស់ខ្លួនទេ ហើយប្រទេសកម្ពុជាមិនមែនមានតែទំនិញថៃមួយទេ ទំនិញពីបរទេសច្រើនណាស់ដែលចូលមកកម្ពុជា។ មិនប្រើទំនិញពីថៃ ក៏មិនមែនកម្ពុជាអត់ទំនិញប្រើនោះដែរ។ នេះជាសារមួយដែលថៃគាត់កំពុងចងខ្លួនឯងនោះទេ»។
ចំណែកលោក ធី បុរី ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យបានថ្លែងថា ការហាមមិនឲ្យទំនិញ ពិសេសប្រេងសាំង មិនឲ្យនាំចូលមកកម្ពុជារបស់សមត្ថកិច្ចថៃ ថាមិនប៉ះពាល់ពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែរធ្ងន់ធ្ងរទេ។ ព្រោះទំនិញមួយចំនួន ឬប្រេងសាំងកំពុងលក់នៅលើទីផ្សារនៅបន្ទាយមានជ័យ ឬឧត្តរមានជ័យជាដើម បាននាំមកពីភ្នំពេញ មិនមែននាំចូលមកពីប្រទេសថៃនោះទេ ៖ «សាំងយើងវាមិនដែលឃើញនាំចេញតាមព្រំដែនថៃផង។ បើនិយាយទៅនៅខេត្តបន្ទាយមានជ័យ ឬខេត្តផ្សេងៗ គឺនាំចេញពីភ្នំពេញទៅ»។
លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថា កម្ពុជាមានជម្រើសច្រើនពីការនាំចូលប្រេងសាំង ឬទំនិញពីប្រទេសជិតខាង ដើម្បីទប់ស្កាត់តម្លៃទំនិញគ្រប់ប្រភេទ មានដូចជាប្រេងសាំងជាដើម។ ដូច្នេះការទប់ស្កាត់ទំនិញ ឬប្រេងឥន្ធនៈរបស់ប្រទេសថៃ មិនឲ្យនាំចូលមកកម្ពុជា មិនប៉ះពាល់ទេដល់សេដ្ឋកិច្ចកម្ពុជា ឬពលរដ្ឋកម្ពុជានោះ ៖ «ចំពោះហ្គាស៍ខ្ញុំដឹងថា ភាគច្រើនបាននាំចូលមកពីប្រទេសថៃ អ៊ីចឹងទាល់តែយើងរកជម្រើសពីប្រទេសផ្សេងៗ ទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃថ្លៃ ជួនកាលបើខ្វះខាតអាចនាំឲ្យតម្លៃឡើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមេសា ធ្លាប់បានព្រមានអំពាវនាវដល់ពលរដ្ឋកម្ពុជាឲ្យបញ្ឈប់ប្រើទំនិញថៃ ប្រសិនបើថៃប្រកាសបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ៖ «សូមប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យហើយ បើកាលណាថៃបិទព្រំដែន កម្ពុជាត្រូវឈប់ប្រើទំនិញថៃ ព្រោះយើងអស់ជម្រើសហើយ។ បើទុកឲ្យគេបិទព្រំដែនហើយឲ្យគេលក់ទំនិញមកធ្វើអី យើងឈប់ប្រើតែម្ដងទៅ។ អត់ទំនិញថៃស្មានថាខ្មែរងាប់»។
យ៉ាងណាក៏ដោយ ប្រទេសថៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ បានណែនាំដល់គ្រប់ការិយាល័យ តាមច្រកត្រួតពិនិត្យអន្តោប្រវេសន៍អន្តរជាតិ នៅខេត្តសុរិន្ទ ខេត្តបុរីរ៉័ម មានព្រំប្រទល់នៅទល់មុខខេត្តឧត្តរមានជ័យ ឲ្យអនុវត្តបទបញ្ជាបិទមានប្រសិទ្ធភាព។
បទបញ្ជានេះ ការិយាល័យគយថៃ ក៏បានស្នើសុំកិច្ចសហការពីពាណិជ្ជករ មិនឱ្យនាំចូលមកកម្ពុជានូវប្រេងឥន្ធនៈ ហ្គាស៍ និងផលិតផលទាំងឡាយ ដែលកងទ័ពកម្ពុជាត្រូវការ។
ប្រទេសកម្ពុជាត្រូវបានគេដឹងថា ជាទីផ្សារសំខាន់ក្នុងការនាំចូលផលិតផល ឬទំនិញពីប្រទេសថៃ ប៉ុន្តែទីផ្សារនេះបានធ្លាក់ចុះចាប់តាំងពីប្រទេសទាំងពីរ មានវិវាទព្រំដែនជាមួយគ្នា ចាប់ពីខែកក្កដា ឆ្នាំ២០០៨ ជាហេតុនាំឲ្យទំនិញពីប្រទេសវៀតណាម ប្រទេសចិន និងកូរ៉េ មកជំនួសទំនិញថៃលើទីផ្សារកម្ពុជា។
របាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០១០ មានទឹកប្រាក់ចំនួនជាង ២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជាបាននាំទំនិញចូលទៅប្រទេសថៃ មានចំនួនជាង ២១៤លានដុល្លារ។ ចំណែកថៃនាំចូលទំនិញមកកាន់ទីផ្សារកម្ពុជា មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ នៅឆ្នាំ២០១០៕