ថៃ​ធ្វើការ​សិក្សា​លើ​ផែនទី​ប្រាសាទ​ព្រះវិហារ​ថ្មី​ដែល​កម្ពុជា​គូរ

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការ​បរទេស​ថៃ​បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​អង្កេត​ថៃ សិក្សា​លើ​ផែនទី​ប្រាសាទ​ព្រះវិហារ​ថ្មី​ដែល​កម្ពុជា​បាន​គូរ ហើយ​ថា​ការ​សិក្សា​លើ​ផែនទី​ថ្មី​នោះ​នឹង​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ មិថុនា​ខាង​មុខ​នេះ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក ថារិត ចារុងវ៉ាត បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​លើ​ផែនទី​ប្រាសាទ​ព្រះវិហារ​ថ្មី​នោះ ត្រូវ​តែ​ទទួល​បាន​ការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ និង​គណៈរដ្ឋមន្ត្រី​ថៃ​ផងដែរ ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ខាង​ភាគី​ថៃ​មាន​ការ​ពេញចិត្ត​ចំពោះ​ផែនទី​ប្រាសាទ​ព្រះវិហារ​ថ្មី ហើយ​ថា​វា​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ផែនទី​ចាស់ ។

ប្រទេស​កម្ពុជា​បាន​គូរ​ផែនទី​ប្រាសាទ​ព្រះវិហារ​សា​ជា​ថ្មី ហើយ​កាលពី​ថ្ងៃ​ទី​៥ មិថុនា​កន្លងទៅ បាន​បញ្ជូន​ទៅ​ឲ្យ​ភាគី​ថៃ​ដើម្បី​ត្រួតពិនិត្យ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ នៅ​ខែ​កក្កដា​ខាង​មុខ ។

លោក ថារិត ចារុងវ៉ាត បាន​បន្ថែម​ទៀត​ថា​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ឡើយ ៕