ប្អូន​ថ្លៃ​ថាក់ស៊ីន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ

ប្អូន​ថ្លៃ​របស់​អតីត​នាយក​រដ្ឋមន្រ្តី ថាក់ស៊ីន គឺ​លោក ស៊ុមឆាយ វង្សសុវត្ថិ មក​ពី​គណបក្ស​អំណាច​ពលរដ្ឋ បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ថៃ​ទី​២៦ បន្ទាប់ពី​រដ្ឋសភា​ថៃ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​សំឡេង​ភាគ​ច្រើន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ប្រធាន​រដ្ឋសភា​ថៃ លោក ចៃ ឈីតឆុប បាន​ប្រកាស​ថា លោក ស៊ុម ឆាយ នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ថៃ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​២៩៨​សំឡេង​នៅ​ខណៈ​ដែល​គូ​ប្រជែង​របស់​លោក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក អាភីស៊ីត វីចាជិវ៉ាក់ ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១៦៣​សំឡេង។

លោក ស៊ុមឆាយ វង្សសុវត្ថិ វ័យ​៦១​ឆ្នាំ ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ បន្ទាប់ពី​អតីត​នាយក​រដ្ឋមន្រ្តី សាម៉ាក់ ស៊ុនថរ៉ៈវេត បាន​ត្រូវ​ទម្លាក់​ពី​តំណែង​ដោយ​តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃ​ទី​១០ កញ្ញា​កន្លង​មក​នេះ។

លោក ស៊ុមឆាយ បាន​រៀបការ​ជាមួយ​អ្នកស្រី យ៉ៅ វ៉ាផា ប្អូន​ស្រី​របស់​លោក​អតីត​នាយក​រដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីនណាវ៉ាត់ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

ប្រធាន​គណបក្ស​ប្រឆាំង​ក្នុង​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក អាភីស៊ីត បាន​ចាប់​ដៃ​ស្វាគមន៍​ជ័យជម្នះ​របស់​លោក ស៊ុមឆាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់កាប់​វិមាន​រដ្ឋាភិបាល​នៅ​ឡើយ​នោះ​បាន​ថ្លែង​ថា ពួក​គេ​មិន​គាំទ្រ​និង​មិន​ទទួល​ស្គាល់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​សាច់ញាតិ​របស់​លោក ថាក់ស៊ីន ដែល​មាន​ជាប់​ជំពាក់​នឹង​អំពើ​កឹបកេង​ប្រវ័ញ្ច​ទ្រព​សម្បត្តិ​ជាតិ​រាប់​លាន​ដុល្លារ​នោះ​ឡើយ៕