ក្រុម​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​កំពុង​ធ្វើ​កំណាយ​ផ្នូរ​បុរាណ​នៅ​ខេត្ត​បន្ទាយមានជ័យ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បាន​រក​ស្ថានីយ​កប់​សព​បុរាណ នៅ​ក្នុង​ខេត្ត​ចំនួន​៦ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ឯ​ទី​តាំង​បុរាណ​ដែល​បាន​ចុះ​នៅ​ក្នុង​ផែនទី ចុះ​នៅ​ក្នុង​បញ្ជីសារពើភណ្ឌ​របស់​ក្រសួង មាន​ជាង ៤​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

0:00 / 0:00

ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្នូរ​បុរាណ ប្រាសាទ​បុរាណ ទួល​បុរាណ ស្ពាន​បុរាណ ស្រះ​ទឹក បារាយ និង​វត្ត​បុរាណ។ ការ​អភិរក្ស​ទីតាំង​បុរាណ​ទាំង​នោះ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ជាក់​លាក់​មួយ​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ។

ក្រុម​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា កំពុង​ធ្វើ​កំណាយ​សង្គ្រោះ ឬ​ហៅ​ថា​កំណាយ​បង្ការ​នៅ​លើ​ផ្នូរ​សព​បុរាណ​ជាច្រើន​កន្លែង នៅ​ចំណុច​គោក​ទ្រាស ភូមិ​បន្ទាយឆ្មារ​ខាង​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ កំណាយ​ផ្នូរ​បុរាណ​នោះ បាន​ធ្វើ​ឡើង​ដើម្បី​យក​ទីតាំង​ដី​នៅ​តំបន់​នោះ​កសាង​ផ្លូវ​ជាតិ​លេខ​៥៦ ភ្ជាប់​ពី​ខេត្ត​បន្ទាយមានជ័យ ទៅ​ខេត្ត​ឧត្តរមានជ័យ វាង​ប្រាសាទ​បន្ទាយឆ្មារ។

លោក ហេង សុផាឌី ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប លោក​បាន​ថ្លែង​ថា ការ​កសាង​ផ្លូវ​បាន​កាត់​ចំ​លើ​ផ្នូរ​ខ្មោច​កាល​ពី​សម័យ​បុរាណ​ជាច្រើន​កន្លែង ដែល​មាន​អាយុ​កាល​ចាស់​ជាង​ប្រាសាទ​បន្ទាយឆ្មារ ទៅទៀត។ ក្រុម​ការងារ​កំពុង​ធ្វើ​កំណាយ​ផ្នូរ​បុរាណ ដើម្បី​ប្រមូល​ព័ត៌មាន​បុរាណ​វិទ្យា​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

លោក ហេង សុផាឌី៖ «អ៊ីចឹង​បើ​កាត់​ហើយ ពិត​ជា​មាន​ផល​ប៉ះពាល់​ហើយ។ យើង​ដឹង​ថា​នៅ​ទី​នេះ គឺ​កន្លែង​កប់​ខ្មោច​បុរាណ ដោយ​សារ​មាន​ការ​លួច​ជីក​កាយ ដូច​លោក​ដឹង​ស្រាប់ រណ្ដៅ​ជីក​កកាយ​ហ្នឹង តាម​ខ្ញុំ​សាកសួរ​ប្រជាពលរដ្ឋ​ដែល​គាត់​មក​ចូល​រួម​ធ្វើ​កំណាយ​នេះ ការ​លួច​ជីក​កកាយ​ប្រហែល​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៦ ២០០៧​មក»

លោក​បន្ត​ថា ដោយ​សារ​ការ​ធ្វើ​ផ្លូវ​លេខ​៥៦ កាត់ និង​មាន​ការ​លួច​ជីក​កកាយ​ផង ក្រសួង​វប្បធម៌ បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​អន្តរក្រសួង ក្នុង​នោះ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត ទើប​សម្រេច​ធ្វើ​កំណាយ​សង្គ្រោះ ឬ​ហៅ​ថា​កំណាយ​បង្ការ​ផ្នូរ​បុរាណ ដើម្បី​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​ដី​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ពី​អតីតកាល យក​មក​ដាក់​មក​រៀបចំ​ជា​ឯកសារ​ចង​ក្រង​ជា​ព័ត៌មាន​សម្រាប់​ការ​យល់​ដឹង​របស់​មនុស្ស​ជំនាន់​ក្រោយ។

លោក ហេង សុផាឌី៖ «គោល​បំណង​របស់​យើង យើង​ធ្វើ​កំណាយ​ហ្នឹង​ដើម្បី​ប្រមូល​ភស្តុតាង​ដែល​កប់​នៅ​ក្នុង​ដី យក​មក​ចង​ក្រង​ឲ្យ​ចេញ​ជា​ព័ត៌មាន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​រស់​នៅ​ទំនៀមទម្លាប់​ប្រពៃណី ដូច​ទី​នេះ​ជា​កន្លែង​កប់​សព យើង​នឹង​សិក្សា​ទៅ យើង​អាច​យល់​បាន​ពី​របៀប​កប់​សព​របស់​ប្រជាជន​ពី​សម័យ​ហ្នឹង គឺ​កប់​របៀប​ម៉េច​អី​របៀប​ម៉េច កន្លង​មក​ទី​នេះ​មាន​ការ​កប់​សព និង​មាន​ការ​រក​ឃើញ​វត្ថុ​មាន​តម្លៃ ដូច​ជា​អង្កាំ​ជា​ដើម ដែល​ជា​ប្រភព​នៃ​ការ​លួច​ជីក​កកាយ​ហ្នឹង ដែល​គេ​កប់​ទៅ​ជា​មួយ​សព»

ការ​ធ្វើ​កំណាយ​បែប​វិទ្យាសាស្ត្រ គឺ​ជា​ជម្រើស​ចុង​ក្រោយ​ដែល​អាច​ទទួល​បាន​ព័ត៌មាន និង​អាច​បើក​ការ​កសាង​ផ្លូវ​ជាតិ​លេខ​៥៦។ ក្រសួង​វប្បធម៌ មាន​គោល​បំណង​ចង់​អភិរក្ស​នូវ​អ្វី​ដែល​សម្បត្តិ​វប្បធម៌​ជាតិ។ ក្រុម​ការងារ​ចុះ​ធ្វើ​កំណាយ​ផ្នូរ​បុរាណ​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១២។ ក្នុង​នោះ មន្ត្រី​មក​ពី​ក្រសួង​វប្បធម៌​ជាង ១០​នាក់ មន្ត្រី​ខេត្ត និង​ប្រជាពលរដ្ឋ​សរុប​ទាំង​អស់​មាន​ជាង ៣០​នាក់។

កន្លង​មក ក្រសួង​វប្បធម៌​បាន​ធ្វើ​ការ​ទប់ស្កាត់​ការ​លួច​ជីក​ផ្នូរ​បុរាណ​ច្រើន​ដែរ ប៉ុន្តែ​មាន​ការ​លំបាក ដោយ​សារ​ថា​ការ​លួច​ជីក​ភាគ​ច្រើន ជន​ល្មើស​បាន​ធ្វើ​នៅ​ពេល​យប់ ម្យ៉ាង​វិញ​ទៀត ទី​ផ្នូរ​បុរាណ​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន។ រណ្ដៅ​សព​បុរាណ​ដែល​គេ​លួច​ជីក​មាន​រាប់​រយ​រណ្ដៅ នៅ​ច្រើន​ទី​កន្លែង។ ការ​លួច​ជីក​នោះ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ មក។ កន្លែង​ខ្លះ មាន​ការ​ជីក​ហើយ​លប់​ទៅ​វិញ កន្លែង​ខ្លះ ជីក​ទៅ​មិន​ទាន់​លុប​មាន​រាប់​រយ​រណ្ដៅ​នៅ​ក្នុង​ព្រៃ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ក្រសួង​វប្បធម៌​ដែល​ប្រចាំ​ការ​នៅ​ប្រាសាទ​បន្ទាយឆ្មារ ជាមួយ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រក​ឃើញ​ស្ថានីយ​កប់​សព​បុរាណ​នៅ​ជុំវិញ​ប្រាសាទ​បន្ទាយឆ្មារ មាន​ចំនួន ២១​កន្លែង។

ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ បាន​សិក្សា​ប្រៀបធៀប​ទៅ​លើ​វត្ថុ​ដែល​អ្នក​លួច​ជីក​បាន និង​វត្ថុ​ដែល​នៅ​សេសសល់​លើ​ផ្ទៃ​ដី អាច​ចាត់​ទុក​ថា​ជា​ទី​សព​សម័យ​យុគ​លោហៈ ឬ​ហៅ​ថា​យុគ​ដែក ដែល​មាន​អាយុ​ប្រហែល​ជាង ២​ពាន់​ឆ្នាំ​មុន។ ទួល​កប់​សព​ទាំង​២១ នោះ សុទ្ធ​តែ​ទទួល​រង​ការ​លួច​ជីក​កកាយ​ទាំង​អស់។

ក្រុម​អ្នក​ភូមិ​បន្ទាយឆ្មារ បាន​ឲ្យ​ដឹង​ថា ការ​ទប់ស្កាត់​មាន​ការ​លំបាក ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ត្រូវ​មាន​ការ​ភ្ញាក់​រលឹក​ថា​ទី​សព​បុរាណ​ទាំង​អស់​នោះ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ វា​ជា​រតនៈ​សម្បត្តិ​របស់​ខ្មែរ និង​ជា​ឃ្លាំង​ព័ត៌មាន​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​យល់​ដឹង​អំពី​សម័យ​អតីតកាល​របស់​ប្រទេស​ខ្មែរ។ កន្លង​មក មាន​ព័ត៌មាន​ថា វត្ថុ​បុរាណ​មាន​តម្លៃ​ជា​ច្រើន ត្រូវ​បាន​គេ​ជីក​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​បុរាណ​ទាំង​នោះ។

មេ​ភូមិ​បន្ទាយឆ្មារ​លិច លោក ឌី សុភ័ណ្ឌ បាន​ថ្លែង​ថា វត្ថុ​ដែល​រក​ឃើញ​ពី​ផ្នូរ​សព​ទី​មួយ គឺ​មាន​ក្អម ឆ្នាំង ដែល​គេ​ហៅ​ថា ក្រឡាពាស និង​វត្ថុ​ធ្វើ​អំពី​ដែក ដូច​ជា​ផ្លែ​លំពែង រួម​ទាំង​អង្កាំ ដែល​អ្នក​ស្រុក​នាំ​គ្នា​លួច​ជីក​កកាយ​យក​ទៅ​លក់។ ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​បុរាណ​វិទូ ឲ្យ​ដឹង​ថា អង្កាំ​ធ្វើ​ពី​ថ្ម។ ថ្ម​នោះ​ពុំ​មាន​នៅ​ស្រុក​ខ្មែរ​ទេ វា​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា។ វត្ថុ​ទាំង​នោះ កន្លង​មក​ត្រូវ​បាន​គេ​លក់​ចេញ​ទៅ​ប្រទេស​ជិត​ខាង។ លោក​បន្ថែម​ថា យ៉ាង​ណា​ក៏​ដោយ សកម្មភាព​នៃ​ការ​លួច​ជីក​ផ្នូរ​បុរាណ​មាន​ការ​ថយ​ចុះ​ទៅវិញ​ហើយ។

ច្បាប់​ការពារ​បេតិកភណ្ឌ​ជាតិ ត្រង់​មាត្រា​ទី៦៣ ចែង​ថា អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាក់​ទង​ការ​លួច​សម្បត្តិ​បេតិកភណ្ឌ អាច​ជាប់​ទោស​ពី ៦​ខែ​ទៅ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៅ​តាម​វត្ថុ​ដែល​អ្នក​ជំនាញ​ប៉ាន់​ស្មាន។ មន្ត្រី​ក្រសួង​វប្បធម៌ បាន​ឲ្យ​ដឹង​ថា ចំពោះ​ទី​ទួល​ផ្នូរ​សព​ដទៃ​ទៀត ក្រសួង​មិន​ទាន់​មាន​គម្រោង​សិក្សា​ស្រាវជ្រាវ​ទេ ដោយ​សារ​បញ្ហា​ថវិកា។

ការ​សិក្សា​របស់​ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​អប្សរា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក គេ​បាន​រក​ឃើញ​ស្ថានីយ​កប់​សព​មាន​នៅ​ខេត្ត​ព្រៃវែង បន្ទាយមានជ័យ កំពង់ចាម សៀមរាប ឧត្តរមានជ័យ និង​នៅ​ខេត្ត​បាត់ដំបង។ នាយកដ្ឋាន​បុរាណ​វិទ្យា អគ្គនាយកដ្ឋាន​បេតិកភណ្ឌ សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា បាន​ចុះ​ស្ថានីយ​ទីតាំង​កប់​សព​បុរាណ​ទាំង​អស់​នោះ​ទៅ​ក្នុង​បញ្ជីសារពើភណ្ឌ។

លោក ហេង សុផាឌី បាន​បញ្ជាក់​ថា រហូត​មក​ដល់​សព្វ​ថ្ងៃ ទីតាំង​បុរាណ​ដែល​បាន​ចុះ​នៅ​ក្នុង​ផែនទី ចុះ​នៅ​ក្នុង​បញ្ជីសារពើភណ្ឌ​របស់​ក្រសួង មាន​ជាង ៤​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ រាប់​បញ្ចូល​ទាំង​ផ្នូរ​បុរាណ ប្រាសាទ​បុរាណ ទួល​បុរាណ ស្ពាន​បុរាណ ស្រះ បារាយ និង​វត្ត​បុរាណ។ សព្វ​ថ្ងៃ​នេះ​ទៀត​សោត ក្រសួង​កំពុង​សិក្សា​ស្រាវជ្រាវ​ទីតាំង​បុរាណ​នោះ​ថែម​ទៀត​នៅ​ទូទាំង​ប្រទេស។

លោក ហេង សុផាឌី៖ «ទាក់​ទង​ទីតាំង​ដែល​យើង​រក​ឃើញ​នៅ​ទូទាំង​ប្រទេស​នេះ ទី​១ យើង​បាន​ចុះ​ក្នុង​បញ្ជី​ហើយ។ យើង​កំពុង​គ្រោង​ធ្វើ​សេចក្ដី​ប្រកាស​ដាក់​ទៅ​ជា​បេតិកភណ្ឌ​ជាតិ​ជា​ផ្លូវ​ការ​តែ​ម្ដង។ បន្ទាប់​មក សុំ​គោលការណ៍​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ មាន​ន័យ​ថា ទីតាំង​ទួល​បុរាណ អត់​ផ្ដល់​កម្មសិទ្ធិ​ឯកជន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ គឺ​យើង​រក្សា​ទុក​ជា​កម្មសិទ្ធិ​រដ្ឋ ជា​សាធារណៈ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​លើ​ទីតាំង​ផ្សេងៗ អាច​រស់​នៅ​ប្រកប​របរ​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវិត​បាន ប៉ុន្តែ​គាត់​អត់​មាន​សិទ្ធិ​ក្នុង​ការ​ជីក​កកាយ។ គាត់​មាន​សិទ្ធិ​កាន់​កាប់​នៅ​លើ​ផ្ទៃ​ដី ប៉ុន្តែ​អ្វី​នៅ​ក្រោម​ដី​ជា​របស់​រដ្ឋ»

ការ​អភិរក្ស​ទីតាំង​បុរាណ​របស់​មនុស្ស​ជំនាន់​ដើម គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ជាក់លាក់​មួយ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ ដូច​ជា​របៀប​រស់​នៅ​របស់​បុព្វបុរស​សម័យ​ដើម ប្រពៃណី វប្បធម៌ ជាដើម។ ចំណុច​សំខាន់​ទាំង​នេះ ជា​ព័ត៌មាន​សំខាន់​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អតីតកាល​របស់​ប្រទេស​មួយ របស់​សង្គម​មួយ របស់​ជាតិ​សាសន៍​មួយ ដែល​គេ​តែង​និយាយ​ថា ជា​ប្រទេស​មាន​អរិយធម៌​រុងរឿង។

លោក ហេង សុផាឌី ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប សង្កត់​ធ្ងន់​ថា ជន​ជាតិ​មួយ ប្រទេស​មួយ មនុស្ស​ម្នាក់ តែង​តែ​មាន​ប្រវត្តិ​របស់​ខ្លួន បើ​យើង​ភ្លេច​ប្រវត្តិ​របស់​ខ្លួន យើង​នឹង​វង្វេង យើង​នឹង​ភ្លេច​អនាគត ភ្លេច​បច្ចុប្បន្នភាព។ នៅ​ពេល​នោះ នឹង​ឆ្ពោះ​ទៅ​រក​ភាព​អន្តរាយ​ណា​មួយ​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។