សមាជិក​សភា​អាមេរិក​ចង់​ឲ្យ​មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​នៅ​​​កម្ពុជា

2012-02-23

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដែល​​​​បញ្ចប់​ទស្សនកិច្ច​រយៈពេល ១​សប្ដាហ៍​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ដឹង​ឮ​នូវ​ការ​ទាមទារ​ជា​ច្រើន​ពី​សកម្មជន​បក្ស​ប្រឆាំង ចង់​ឲ្យ​មេដឹកនាំ ​លោក សម រង្ស៊ី វិល​ចូល​ក្នុង​ឆាក​នយោបាយ​វិញ​សំរាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

RFA/Sok Serey

សមាជិក​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី នីគី សុងហ្គាស (Niki Tsongas) ធ្វើ​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) គឺ​អ្នកស្រី នីគី សុងហ្គាស (Niki Tsongas) បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​ត្រូវ​មាន​វត្តមាន​ចូល​ក្នុង​ឆាក​នយោបាយ​វិញ​នៅ​ប្រទេស​កម្ពុជា ខាង​មុខ​នេះ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា សំរាប់​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ គឺ​ជា​ការ​សំខាន់​ណាស់​ត្រូវ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បញ្ចេញ​សំឡេង និង​មតិ​នានា​ឲ្យ​មហាជន​បាន​ដឹង​ឮ៖ «ខ្ញុំ​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ ខ្ញុំ​នឹង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ បើ​សិន​ណា​ជា​ការ​ចាំបាច់​នៅ​ពេល​ខ្ញុំ​វិល​ត្រឡប់​ទៅ​កាន់​រដ្ឋ​ម៉ាសាឈូសេត​វិញ»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ដែល​បាន​ជួប​ជាមួយ​អ្នកស្រី នីគី សុងហ្គាស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្នើ​សុំ​ឲ្យ​អ្នកស្រី​ជួយ​ក្រើន​រំលឹក​ដល់​មេដឹកនាំ​ប្រទេស​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ល្អ​ប្រសើរ។

លោក សុន ឆ័យ៖ «យើង​លើក​អំពី​តួនាទី​របស់​គណបក្ស​ប្រឆាំង ដែល​មក​ទល់​ថ្ងៃ​នេះ​មាន​ការ​គាប​សង្កត់​នយោបាយ​ហ្នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ អ្នក​តំណាងរាស្ត្រ​ត្រូវ​បាន​គេ​កាត់​បន្ថយ​ស្ទើរ​តែ​មិន​មាន​លទ្ធភាព​បំពេញ​តួនាទី​បាន មេ​បក្ស​ត្រូវ​បាន​គេ​ធ្វើ​ទុក​បុក​ម្នេញ​មិន​អាច ​នៅ​ដឹកនាំ​គណបក្ស​បាន ហើយ​ចំណុច​ទាំង​នេះ​អ្នកស្រី​បាន​យក​ចិត្ត​ទុក​ដាក់»

មេដឹកនាំ​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង តាំង​ពី​ចុង​ឆ្នាំ​២០០៩ កន្លង​មក នៅ​មុន​ពេល​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក​ជាប់​គុក​ចំនួន ២​ឆ្នាំ នៅ​ខែ​មករា ឆ្នាំ​២០១០ កន្លង​ទៅ ក្រោម​បទ​រើស​អើង​ពូជ​សាសន៍ និង​ដក​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម លេខ ១៨៥ នៅ​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ។

ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក សម រង្ស៊ី ជាប់​គុក ១០​ឆ្នាំ​ទៀត ក្រោម​បទ​បរិហារ​កេរ្តិ៍​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ និង​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។ សកម្មជន​គណបក្ស សម រង្ស៊ី ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ឆាក​នយោបាយ​វិញ​នៅ​ប្រទេស​កម្ពុជា។

នៅ​មុន​ការ​បោះ​ឆ្នោត​នោះ​ឈាន​មក​ដល់ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ប្រកាស​ថា មាន​សមាជិក​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ចំនួន ១៧​នាក់ នៅ​ខេត្ត​កំពង់ចាម បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​អស់​ជំនឿ​លើ​គណបក្ស សម រង្ស៊ី ដោយ​បាន​ចោទ​ថា គ្មាន​គោល​នយោបាយ​ច្បាស់លាស់ និង​ប្រឆាំង​ផ្កាប់​មុខ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 25, 2012 08:33 PM

អ្នក​អាន​អនាមិក :

Feb 25, 2012 07:21 PM

អ្នក​អាន​អនាមិក :

Feb 25, 2012 04:24 AM

អ្នក​អាន​អនាមិក :

Feb 24, 2012 04:23 AM

អ្នក​អាន​អនាមិក :

Feb 23, 2012 10:47 PM

មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

កិច្ច​ប្រជុំ​អាស៊ាន​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន

បក្ស​នរោត្តម​រណឫទ្ធិ​និង​ហ៊្វុនស៊ិនប៉ិច​ព្រមព្រៀង​រួបរួម​ជា​បក្ស​តែ​១

មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​លើក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាមួយ​មន្ត្រី​អាមេរិក

រដ្ឋាភិបាល​គ្រោង​បញ្ជូន​ជន​ជាតិ​ចិន​តៃវ៉ាន់​៤៩​នាក់​ទៅ​ចិន​វិញ

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ប្រើ​ព្រះ​នាម​សម្ដេច​ឪ​មក​ឃោសនា​បោះ​ឆ្នោត

ពលរដ្ឋ​ត្រូវ​គេ​រើសអើង​មិន​ឲ្យ​បោះ​ឆ្នោត​ក្រោយ​ពី​បណ្ដេញ​ចេញ

បក្ស​សម​រង្ស៊ី​បដិសេធ​ព័ត៌មាន​ថា​សមាជិក​ខ្លួន​ជាង​៦​ពាន់​នាក់​ចុះ​ចូល​បក្ស​ប្រជាជន

ពលរដ្ឋ​និយាយ​អំពី​អំណាច​និង​តួនាទី​របស់​មេឃុំ-​ចៅសង្កាត់​បច្ចុប្បន្ន

គណបក្ស​មិន​កាន់​អំណាច​តវ៉ា​ថា ការ​ប្រជុំ​របស់​ខ្លួន​ត្រូវ​រំខាន

លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ថា​មិន​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org