ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មទ្វេភាគីស្តីពីការផ្តល់ថវិកាជំនួយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២៥ ខែសីហា រវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ និងលោកស្រី អេរីន សូតូ នាយិការបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។
ខាងវិស័យសុខាភិបាលថវិកាជំនួយនឹងយកទៅប្រើប្រាស់ក្នុងការកាត់បន្ថយការឆ្លងរាលដាលមេរោគហ៊ីវ និងជំងឺអេដស៍ ការការពារនិងកម្ចាត់មេរោគ និងជំងឺរបេង គ្រុនផ្តាយសាយបក្សី និងលើកកម្ពស់សុខភាពកុមារនិងស្រ្តី ព្រមទាំងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងជំនាញបច្ចេកទេសសម្រាប់បុគ្គលិកសុខាភិបាល។
រីឯខាងវិស័យអប់រំវិញថវិកាជំនួយនឹងយកទៅដំណើរការកែលម្អគុណភាពនៃការអប់រំមូលដ្ឋាន កាត់បន្ថយអត្រាបោះបង់ការសិក្សា និងពង្រីកលទ្ធភាពចូលរៀនរបស់កុមារនៅកម្ពុជាឲ្យបានកាន់តែច្រើនឡើង រួមទាំងកុមារជនជាតិភាគតិច កុមារក្រីក្រខ្លាំង និងអ្នកបាត់បង់លទ្ធភាពពលកម្មផងដែរ។
ក្នុងឆ្នាំ២០០៨នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងបម្រុងថវិកាជំនួយសរុបចំនួន៥៧លាន៥សែនដុល្លារអាមេរិកសម្រាប់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០០២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយឧបត្ថម្ភសរុបចំនួនជិត២០០លានដុល្លារ សម្រាប់ជួយគាំទ្រផ្នែកសុខាភិបាលនិងអប់រំនៅកម្ពុជា៕
