ឯកអគ្គរដ្ឋទូត​ស.រ.អា.​ចង់​ឃើញ​សម្ដេចក្រុមព្រះ​យាង​ត្រឡប់​មក​វិញ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (ស.រ.អា.​) ​ប្រចាំ​កម្ពុជា លោក Joseph Mussomeli បាន​មាន​ប្រសាសន៍​បង្ហាញ​ការចង់​ឃើញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ការបោះឆ្នោត​សកល​ខែ​កក្ដដា ។

ប្រសាសន៍​របស់​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ គ្រា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អតីត​តំបន់​ខ្មែរក្រហម​ក្រុង​ប៉ៃលិន ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ដើម​ឆ្នាំ​២០០៦ ហើយ​មិន​ដែល​បាន​យាង​វិល​ត្រឡប់​មក​វិញ​ឡើយ ។ ព្រះអង្គ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ និង​បង់​ការផាក​ពិន័យ​ជា​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​នឹង​ការលក់​ទី​ស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។ សម្តេចក្រុមព្រះ​បាន​បដិសេធ​ចំពោះ​ការកាត់ទោស​នោះ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​​អាមេរិក លោក Joseph Mussomeli បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​ព្រះអង្គ​បង្ហាញ​ទឹក​ព្រះទ័យ​ក្លាហាន​ក្នុង​ការយាង​ចូល​មក​កម្ពុជា​វិញ ៕