សាក្សីជាអ្នកសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មានការយករថយន្តយោធាដែលសហរដ្ឋអាមេរិកទើបផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជានោះទៅប្រើប្រាស់ដឹកឈើខុសច្បាប់ ប៉ុន្តែមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធថា រឿងនោះជារឿងមិនពិតទេ ។
អ្នកកាសែតក្នុងស្រុកម្នាក់បានអះអាងថា ក្រុមទាហានកងពលតូចង៧០ បានដកម៉ាស៊ីនថតរូបរបស់ខ្លួនខណៈដែលកំពុងបំពេញការងារថតរូបនៅពេលដែលក្រុមសមត្ថកិច្ចកំពុងឃាត់ឡានដឹកឈើ២គ្រឿងដែលគេសង្ស័យថាជាឡានអំណោយរបស់សហរដ្ឋអាមេរិក ។
អ្នកកាសែតក្នុងស្រុកម្នាក់ដោយសុំមិនឲ្យបញ្ចេញឈ្មោះនិងស្ថាប័នរបស់ខ្លួន ដើម្បីការពារសន្តិសុខផ្ទាល់ខ្លួននោះបានរៀបរាប់ថា កាលពីថ្ងៃទី១៥ ខែមិថុនានេះ លោកបានឃើញសកម្មភាពទាហាននិងប៉ូលិសឈរពង្រាយឃាត់ឡាន ៣គ្រឿង ហើយលោកក៍ថតរូបស្រាប់តែត្រូវទាហានកងពលតូចង៧០ ចំនួន៣នាក់បានស្ទុះមកយកម៉ាស៊ីនថតរបស់លោករួចបានដកយកហ្វីល ។
លោកបន្តទៀតថាប្រមាណ៣០នាទីក្រោយមកបន្ទាប់ពីមានអន្តរាគមន៍ពីថ្នាក់លើទើបទាហានទាំងនោះប្រគល់ម៉ាស៊ីនថតរូបឲ្យលោកវិញ ។
បើតាមសាក្សីម្នាក់ទៀតដែលជាអ្នកកាសែតក្នុងស្រុកដែរនោះបានរំឭកព្រឹត្តិការណ៍ដដែលថា កាលពីថ្ងៃអាទិត្យម៉ោងប្រមាណ២រសៀលនៅក្នុងភូមិស្នាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល តាមផ្លូវជាតិលេខ១ ពេលនោះនគរបាលស្រុកចេញមកឃាត់ឡានដឹកឈើ២គ្រឿង ក្នុងពេលនោះដែរក៏មានប៉េអឹមផ្ទៃប្រទេសចុះមកដែរ ។
លោកបន្តទៀតថា បន្ទាប់មកក្រុមប៉េអឹមនិងទាហានទាំងនោះបានបញ្ជូនឈើប្រណីតប្រមាណជាង២០ម៉ែត្រគូបទៅដាក់ក្នុងលំនៅឋានរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ សុផាន់ ដែលជាមេបញ្ជាការកងពលតូចង៧០ ដែលមានទីលំនៅនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយរថយន្តនោះក៏បរចេញបាត់ទៅ ។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីមន្ត្រីស្នងការនគបាលស្រុកកៀនស្វាយ តាំងពីថ្ងៃទី១៧ មិថុនា ប៉ុន្តែលោកឲ្យរង់ចាំរហូតដល់ថ្ងៃទី១៨នេះទៀត វិទ្យុអាស៊ីសេរីបានព្យាយាមទូរស័ព្ទទៅលោកស្នងការនិងស្នងការរងជាច្រើនដងប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទឡើយ ។
ចំណែកឯអភិបាលស្រុកកៀនស្វាយ លោក ហេង ធៀប មានប្រសាសន៍ថា លោកបានដឹងថាមានការត្រួតពិនិត្យឈើមែន ប៉ុន្តែនេះជាភារកិច្ចរបស់រដ្ឋបាលព្រៃឈើ ហើយលោកបំបែរសំណួរនេះឲ្យទៅសួររដ្ឋបាលព្រៃឈើវិញ ។
លោក ហេង ធៀប បានឲ្យដឹងថា ៖ «គ្រាន់តែដឹងថានេះវាជាសមត្ថកិច្ចរបស់ក្រុមចម្រុះរដ្ឋបាលព្រៃឈើ» ។
សោភ័ណ ៖ ប៉ុន្តែមានការចាប់អ៊ីចឹងមែនទេលោកអភិបាល ? ហេង ធៀប ៖ មានការត្រួតពិនិត្យឈើអ៊ីចឹង ។ រដ្ឋបាលព្រៃឈើគេកំពុងធ្វើការ ។
នៅថ្ងៃពុធនេះវិទ្យុអាស៊ីសេរីបានព្យាមយាមទូរស័ព្ទសុំការបំភ្លឺពីប្រធានរដ្ឋបាលព្រៃឈើស្រុកកៀនស្វាយ លោក អី សុភី ជាច្រើនដងដែរ ប៉ុន្តែមិនមានអ្នកទទួលទូរស័ព្ទ ។
បើតាមមន្ត្រីសាធារណៈរបស់សហរដ្ឋអាមេរិក លោក Jeff Daigle បានមានប្រសាសន៍ថា លោកបានឮរឿងនេះតាំងពីថ្ងៃច័ន្ទ ហើយលោកក៏បានបញ្ជូនអ្នកជំនាញឲ្យទៅពិនិត្យ ប៉ុន្តែបានកត់សម្គាល់ឃើញថា រថយន្តយោធាដែលសហរដ្ឋអាមេរិកបានផ្តល់ចំនួន៣១គ្រឿងដល់រដ្ឋាភិបាលនោះនៅមិនទាន់បានប្រើប្រាស់នៅឡើយទេ ហើយលោកថាអ្វីដែលបាននិយាយនោះគឺជាពាក្យចចាមអារ៉ាម ៕
ប៉េអឹមខែត្រស្ទឹងត្រែង២រូបរងការចោទថាជំរិតទារប្រាក់ពលរដ្ឋ
អាជីវករផ្សារសុវណ្ណាសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីក្នុងការបញ្ចុះថ្លៃជួលតូប
ក្រុមអាជីវករនៅបុរីកីឡាចោទថាក្រុមហ៊ុនផានអ៊ីម៉ិចដណ្ដើមកន្លែងលក់ដូរ
ស.រ.អា.ផ្តល់ការគាំទ្រវគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យាដល់មន្ត្រីក្រសួងយុត្តិធម៌
បញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា
ការធ្វើអត្តសញ្ញាណប័ណ្ណនៅតែជាបញ្ហាសម្រាប់ពលរដ្ឋ
មនុស្ស៥នាក់ត្រូវរន្ទះបាញ់ស្លាប់ក្នុងថ្ងៃតែមួយ
បុរសម្នាក់ត្រូវប៉េអឹមខែត្របាត់ដំបងវាយឲ្យរបួសធ្ងន់ដោយសារជម្លោះពាក្យសម្ដី
សត្វមានជីវិតក្នុងអូរព្រំដែនខ្មែរថៃពុលងាប់ដោយគ្មានមូលហេតុ
មនុស្សជាង១ពាន់នាក់នៅក្រចេះជួបជុំគ្នាក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន