រថយន្ត​យោធា​អាមេរិក​ជំនួយ​ត្រូវ​គេ​យក​ទៅ​ដឹក​ឈើ​ខុស​ច្បាប់ ?

2008-06-18

សាក្សី​ជា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា មាន​ការយក​រថយន្ត​យោធា​ដែល​សហរដ្ឋ​អាមេរិក​ទើប​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទៅ​ប្រើប្រាស់​ដឹក​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ថា រឿង​នោះ​ជា​រឿង​មិន​ពិត​ទេ ។

អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​បាន​អះអាង​ថា ក្រុម​ទាហាន​កងពល​តូច​ង​៧០ បាន​ដក​ម៉ាស៊ីន​ថតរូប​របស់​ខ្លួន​ខណៈ​ដែល​កំពុង​បំពេញ​ការងារ​ថតរូប​នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​ឃាត់​ឡាន​ដឹក​ឈើ​២​គ្រឿង​ដែល​គេ​សង្ស័យ​ថា​ជា​ឡាន​អំណោយ​របស់​សហរដ្ឋ​អាមេរិក ។

អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន​នោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​នេះ លោក​បាន​ឃើញ​សកម្មភាព​ទាហាន​និង​ប៉ូលិស​ឈរ​ពង្រាយ​ឃាត់​ឡាន ៣​គ្រឿង ហើយ​លោក​ក៍​ថតរូប​ស្រាប់តែ​ត្រូវ​ទាហាន​កងពល​តូច​ង​​៧០​ ចំនួន​៣​នាក់​បាន​ស្ទុះ​មក​យក​ម៉ាស៊ីន​ថត​របស់​លោក​រួច​បាន​ដក​យក​ហ្វីល ។

លោក​បន្ត​ទៀត​ថា​ប្រមាណ​៣០​នាទី​ក្រោយមក​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ថ្នាក់​លើ​ទើប​ទាហាន​ទាំង​នោះ​ប្រគល់​ម៉ាស៊ីន​ថត​រូប​ឲ្យ​លោក​វិញ ។

បើ​តាម​សាក្សី​ម្នាក់​ទៀត​ដែល​ជា​អ្នក​កាសែត​ក្នុង​ស្រុក​ដែរ​នោះ​បាន​រំឭក​ព្រឹត្តិការណ៍​ដដែល​ថា កាលពី​ថ្ងៃ​អាទិត្យ​ម៉ោង​ប្រមាណ​២​រសៀល​នៅ​ក្នុង​ភូមិ​ស្នាបតាអោន ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល តាម​ផ្លូវ​ជាតិ​លេខ​១ ពេល​នោះ​នគរបាល​ស្រុក​ចេញ​មក​ឃាត់​ឡាន​ដឹក​ឈើ​២​គ្រឿង ក្នុង​ពេល​នោះ​ដែ​រក៏​មាន​ប៉េអឹម​ផ្ទៃ​ប្រទេស​ចុះ​មក​ដែរ ។

លោក​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​ប៉េអឹម​និង​ទាហាន​ទាំង​នោះ​បាន​បញ្ជូន​ឈើ​ប្រណីត​ប្រមាណ​ជាង​២០​ម៉ែត្រ​គូប​ទៅ​ដាក់​ក្នុង​លំនៅឋាន​របស់​លោក​ឧត្តមសេនីយ៍​ទោ ម៉ៅ សុផាន់ ដែល​ជា​មេ​បញ្ជាការ​កងពល​តូច​ង​៧០ ដែល​មាន​ទីលំនៅ​នៅ​ក្នុង​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​រថយន្ត​នោះ​ក៏​បរចេញ​បាត់​ទៅ ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ស្នងការ​នគបាល​ស្រុក​កៀនស្វាយ តាំងពី​ថ្ងៃ​ទី​១៧ មិថុនា ប៉ុន្តែ​លោក​ឲ្យ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​១៨​នេះ​ទៀត វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក​ស្នងការ​និង​ស្នងការ​រង​ជាច្រើន​ដង​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​ឡើយ ។

ចំណែកឯ​អភិបាល​ស្រុក​កៀនស្វាយ លោក ហេង ធៀប មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា​មាន​ការត្រួតពិនិត្យ​ឈើ​មែន ប៉ុន្តែ​នេះ​ជា​ភារកិច្ច​របស់​រដ្ឋបាល​ព្រៃ​ឈើ ហើយ​លោក​បំបែរ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​រដ្ឋបាល​ព្រៃ​ឈើ​វិញ ។

លោក ហេង ធៀប បាន​ឲ្យ​ដឹង​ថា ៖ «គ្រាន់តែ​ដឹង​ថា​នេះ​វា​ជា​សមត្ថកិច្ច​របស់​ក្រុម​ចម្រុះ​រដ្ឋបាល​ព្រៃឈើ»

សោភ័ណ ៖ ប៉ុន្តែ​មាន​ការចាប់​អ៊ីចឹង​មែន​ទេ​លោក​អភិបាល ? ហេង ធៀប ៖ មាន​ការត្រួតពិនិត្យ​ឈើ​អ៊ីចឹង ។ រដ្ឋបាល​ព្រៃ​ឈើ​គេ​កំពុង​ធ្វើការ ។

នៅ​ថ្ងៃ​ពុធ​នេះ​វិទ្យុ​អាស៊ីសេរី​បាន​ព្យាមយាម​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​កៀនស្វាយ លោក អី សុភី ជា​ច្រើន​ដង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ ។

បើ​តាម​មន្ត្រី​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក លោក Jeff Daigle បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឮ​រឿង​នេះ​តាំងពី​ថ្ងៃ​ច័ន្ទ ហើយ​លោក​ក៏​បាន​បញ្ជូន​អ្នក​ជំនាញ​ឲ្យ​ទៅ​ពិនិត្យ ប៉ុន្តែ​បាន​កត់សម្គាល់​ឃើញ​ថា រថយន្ត​យោធា​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ចំនួន​៣១​គ្រឿង​ដល់​រដ្ឋាភិបាល​នោះ​នៅ​មិន​ទាន់​បាន​ប្រើប្រាស់​នៅ​ឡើយ​ទេ ហើយ​លោក​ថា​អ្វី​ដែល​បាន​និយាយ​នោះ​គឺ​ជា​ពាក្យ​ចចាមអារ៉ាម ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ