ស.រ.អា.៖ កម្ពុជា​បាន​គោរព​និង​ប្រតិបត្តិ​គោលការណ៍​សេរីភាព​សាសនា

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៨​ស្តីពី​សេរីភាព​នៃ​ការគោរព​សាសនា​អន្តរជាតិ​បាន​វាយតម្លៃ​ថា ជា​ទូទៅ​រដ្ឋាភិបាល​កម្ពុជា​បាន​គោរព​និង​ប្រតិបត្តិ​គោលការណ៍​សេរីភាព​សាសនា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

របាយការណ៍​ដែល​វិទ្យុ​អាស៊ីសេរី​ទើប​ទទួល​កាលពី​ម្សិលមិញ​នេះ​បាន​សរសេរ​កត់សម្គាល់​ថា មាន​របាយការណ៍​ពីសំណាក់​ជន​មូស្លីម​និង​អ្នក​កាន់​សាសនា​គ្រិស្ត​ផងដែរ​អំពី​ករណី​ទំនាស់​តិចតួច​ដែល​សុទ្ធតែ​ទាក់ទង​នឹង​ករណី​ផ្ទាល់ខ្លួន​បុគ្គល​តែ​ប៉ុណ្ណោះ។

សេចក្តី​ថ្លែងការណ៍​សរសេរ​បន្ថែម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​បន្ត​កិច្ច​ប្រឹងប្រែង​ជួយ​លើ​វិស័យ​ការគោរព​សាសនា​អន្តរជាតិ​នៅ​កម្ពុជា និង​ធ្វើ​កិច្ច​ពិភាក្សា​លើ​សេរីភាព​សាសនា​ជាមួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​ដែល​ជា​ផ្នែក​មួយ​នៃ​នយោបាយ​លើក​តម្កើង​សិទ្ធិ​មនុស្ស។

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាជន​១៤​លាន​១​សែន​នាក់​មាន​ប្រមាណ​៩៣%​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។

ក្នុង​នោះ​អ្នក​កាន់​សាសនា​អ៊ិស្លាម​មាន​ប្រមាណ​ពី​៣,៥%​ទៅ​៥% គឺ​ស្មើ​នឹង​ចំនួន​មនុស្ស​រវាង​ពី​៥​សែន​ទៅ​៧​សែន​នាក់ រីឯ​អ្នក​កាន់​សាសនា​គ្រិស្ត​វិញ​មាន​ប្រមាណ​តែ​ចំនួន​២%​ប៉ុណ្ណោះ៕