ការ​ចែក​ប័ណ្ណ​ទទួល​ថ្នាំ​ពី​ពេទ្យ​អាមេរិក​មាន​អំពើ​ពុក​រលួយ

ប្រជា​ពលរដ្ឋ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ចោទ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មូលដ្ឋាន និង​ខេត្ត​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ក្នុង​ការ​ចែក​ប័ណ្ណ​ជូន​ពលរដ្ឋ សម្រាប់​បើក​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ពី​គ្រូ​ពេទ្យ​កង​ទ័ព​សហរដ្ឋ​អាមេរិក។

0:00 / 0:00

ប្រជា​ពលរដ្ឋ​មាន​លំនៅឋាន​នៅ​ស្រុក​គងពិសី បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​គង​ពីសី និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ ដោយ​បាន​យក​ប័ណ្ណ ដែល​គ្រូ​ពេទ្យ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ឲ្យ​យក​ទៅ​ចែក​ជូន​ពលរដ្ឋ យក​ទៅ​លក់។

តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ជុំ ជឿន រស់​នៅ​ឃុំ​ព្រៃញាតិ ស្រុក​គងពិសី ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​នាក់​ទៀត មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ដែល​ទទួល​បន្ទុក​ចែក​ប័ណ្ណ​ជូន​ពលរដ្ឋ បាន​យក​ប័ណ្ណ​ទៅ​លក់​ជូន​ពល​រដ្ឋ​ក្នុង​មួយ​សន្លឹក​ចាប់​ពី ៣​ពាន់ រហូត​ដល់ ៥​ពាន់​រៀល ជា​ថ្នូរ​ទទួល​បាន​ប័ណ្ណ​មួយ​សន្លឹក ដើម្បី​បើក​ថ្នាំ។

បុរស​ឈ្មោះ ជុំ ជឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «លក់​មួយ​សន្លឹក​បី​ពាន់ បួន​ពាន់ ប្រាំ​ពាន់ តាម​ដូច​ថា អ្នក​ណា​ចង់​បាន​ពេក​ទៅ ប្រាំ​ពាន់ ឬ​បី​ពាន់ បួន​ពាន់​អ៊ីចឹង​ទៅ ប៉េអិម​ស្រុក​គង​ពិសី»

ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុម​គ្រូ​ពេទ្យ​អាមេរិក​បាន​ចុះ​ពិនិត្យ​ព្យាបាល និង​ចែក​ថ្នាំ​ជូន​ពលរដ្ឋ នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ឃុំ​វាល ឃុំ​ពេជ្រ​មុនី និង​ឃុំ​ដើម​រកា ស្ថិត​ក្នុង​ស្រុក​គងពិសី ចាប់​ពី​ដើម​សប្ដាហ៍​នេះ​មក​ម្ល៉េះ​។ ប៉ុន្តែ​បេសកកម្ម​នេះ បាន​កើត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន កើត​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ទទួល​បន្ទុក​ចែក​ប័ណ្ណ​ទទួល​ថ្នាំ​ពេទ្យ​ទៅ​វិញ។

លោក យស់ សាង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​គងពិសី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​បាន​បង្វែរ​សំណួរ​ឲ្យ​វិទ្យុ​អាស៊ី​សេរី សួរ​ទៅ​ថ្នាក់​លើ​របស់​ខ្លួន នៅ​ខេត្ត​កំពង់ស្ពឺ​វិញ។

លោក យស់ សាង មាន​ប្រសាសន៍ ៖ «អា​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ​បង ទាល់​តែ​ទាក​ទង​មេ ខ្ញុំ​អត់​បំភ្លឺ​រឿង​ហ្នឹង​ទេ​បង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទំនាក់​ទំនង​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់ ដែល​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ លក់​ប័ណ្ណ​បើក​ថ្នាំ​ពី​ក្រុម​គ្រូ​ពេទ្យ​មនុស្សធម៌​អាមេរិក​បាន​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី លោក ជុំ ជឿន ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ថ្នាក់​លើ ឬ​ក៏​រាជ​រដ្ឋាភិបាល​ទប់​ស្កាត់ ឬ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ លុប​បំបាត់​អំពើ​ពុក​រលួយ​កើត​ពី​ការ​ចែក​ប័ណ្ណ ប្រព្រឹត្តិ​ដោយ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​ទាន់​ពេល ដើម្បី​រក្សា​មុខ​មាត់​ប្រទេស។

លោក ជុំ ជឿន ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ចង់​ឲ្យ​លុប​បំបាត់​មន្ត្រី​រាជការ ដែល​កាន់​អំណាច ការពារ​ប្រជា​ពលរដ្ឋ ទៅ​ធ្វើ​អំពើ​ពុក​រលួយ កេង​ប្រវ័ញ្ច​ញើស​ឈាម​របស់​ប្រជា​ពលរដ្ឋ។ យក​ប័ណ្ណ​ដើរ​លក់​យក​កម្រៃ​បន្តិច​បន្តួច​ហ្នឹង បំពាន​ទៅ​លើ​ច្បាប់។ បំបាត់​អំពើ​ហ្នឹង ខ្ញុំ​ស្អប់​ណាស់​អំពើ​ហ្នឹង»

លោក ជ្រា វណ្ណប្ញទ្ធិ មន្ត្រី​ព័ត៌មាន​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ កើត​ពី​ការ​ចែក​ប័ណ្ណ​ជូន​ពលរដ្ឋ ដើម្បី​ទទួល​ថ្នាំ​ពេទ្យ ពី​គ្រូ​ពេទ្យ​អាមេរិក នៅ​ខេត្ត​កំពង់ស្ពឺ ស្ថានទូត​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេស។ ប៉ុន្តែ​ករណី​នេះ លោក​នឹង​ផ្ដល់​ព័ត៌មាន​ទៅ​មន្ត្រី​ទទួល​ខុស​ត្រូវ​ស្ថានទូត បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​។

តប​តាម​ការ​អញ្ជើញ របស់​រដ្ឋាភិបាល​កម្ពុជា នាវា​មន្ទីរ​ពេទ្យ​អាមេរិក ឈ្មោះ USNS Mercy បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដើម្បី​ធ្វើ​ទស្សនកិច្ច និង​សហ​ប្រតិបត្តិការ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ផ្នែក​វិស្វកម្ម​សំណង់ និង​សុខាភិបាល ក្នុង​ភាព​ជា​ដៃ​គូ​នៅ​តំបន់​ប៉ាស៊ីហ្វិក សម្រាប់​ឆ្នាំ​២០១០​។

ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នាវា​ពេទ្យ USNS Mercy មក​កម្ពុជា ក្រុម​គ្រូ​ពេទ្យ​អាមេរិក បាន​ចុះ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ ប្រមាណ ៦​ខេត្ត-ក្រុង នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ៕