សហរដ្ឋអាមេរិក (ស.រ.អា.) បានផ្ដល់រថយន្តដឹកជញ្ជូនយោធាធុនធ្ងន់ម៉ាក GMC ចំនួន ៣១គ្រឿងដល់កងយោធពលខេមរភូមិន្ទ ដែលការប្រគល់នេះបានប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង នារសៀលថ្ងៃច័ន្ទ ទី២ ខែមិថុនា ។
យោធាកម្ពុជាដើរត្រួតពិនិត្យមើលរថយន្តដឹកជញ្ជូនយោធាធុនធ្ងន់ដែលបានផ្ដល់ឲ្យដោយសហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង កាលពីថ្ងៃទី២ ខែមិថុនា ២០០៨ ។
លោកស្រី Piper Campbell ភារធារីស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការផ្ដល់រថយន្តទាំងនេះ គឺដើម្បីបំពេញតម្រូវការរបស់យោធាកម្ពុជា ក្នុងការដឹកជញ្ជូន ប្រតិបត្តិការថែរក្សាសន្តិភាព និងសន្តិសុខដែនសមុទ្ទ ។
លោកស្រី Piper Campbell បានមានប្រសាសន៍ថា ៖ “...គេថាការស្ទង់មើល គេថាការវាយតម្លៃរួមគ្នា គឺថាខាងអាមេរិកហ្នឹងដឹងថា តើវិស័យណាមួយ ផ្នែកណាមួយដែលខាងកងទ័ពកម្ពុជាត្រូវការជាចាំបាច់ ។ ហើយនៅក្នុងហ្នឹងគឺយើងបានសិក្សាវាយតម្លៃទៅ គឺខាងប្រតិបត្តិការសន្តិភាពហ្នឹង ហើយនិងប្រតិបត្តិការថែរក្សាសន្តិសុខនៅលើផ្ទៃសមុទ្ទ គឺជាផ្នែកមួយដែលកម្ពុជាត្រូវការ...” ។
រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជារថយន្តដល់កងយោធពលខេមរភូមិន្ទ ៖ «នេះជាលើកដំបូងហើយជាមួយអាមេរិក ដែលបានប្រគល់រថយន្តឲ្យយើងនេះ» ។
លោកស្រី Piper Campbell បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយជារថយន្តយោធាមកឲ្យប្រទេសកម្ពុជា ចំនួនពីរលើកទៀតក្នុងពេលឆាប់ៗខាងមុខនេះ គឺលើកទីពីរមានចំនួន៨គ្រឿង ដែលអ្នកស្រីថាគេបានរៀបចំរួចរាល់ហើយ ដើម្បីបញ្ជូនមកប្រទេសកម្ពុជា និងលើកទីបីមានចំនួន២១គ្រឿង សរុបទាំងបីលើកមាន ៦០គ្រឿង ។
លោកស្រីក៏បានមានប្រសាសន៍ផងដែរថា ដោយសាររថយន្តយោធាទាំងនោះមិនមែនជារថយន្តថ្មី ដូច្នេះគេមិនអាចប៉ាន់ស្មានថា រថយន្តទាំងនោះមានតម្លៃប៉ុន្មាននោះទេ ។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ការចំណាយសរុបទៅលើការរៀបចំក្រដាសស្នាម ការវេចខ្ចប់ និងការដឹកជញ្ជូនរថយន្តទាំង៦០គ្រឿងនោះ គឺមានចំនួន ៤១៣០០០ ដុល្លារសហរដ្ឋអាមេរិក ។
លោកស្រីបានមានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិកមានសេចក្ដីរីករាយក្នុងការធ្វើការជាមួយប្រទេសកម្ពុជា និងបំពេញសេចក្ដីត្រូវការរបស់កម្ពុជាក្នុងវិស័យមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក កាន់តែមានភាពប្រសើរឡើង ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ។
ការផ្ដល់ជំនួយជារថយន្តទាំងនោះបានធ្វើឡើងបន្ទាប់ពីកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានសហរដ្ឋអាមេរិក ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើការវាយតម្លៃរួមគ្នាមួយ កាលពីខែតុលា ឆ្នាំ២០០៦ ដែលគេបានឃើញថា ប្រទេសកម្ពុជាត្រូវកែលម្អសន្តិសុខព្រំដែន ការចល័ត សមត្ថភាពប្រតិបត្តិការថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្ទ និងទូរគមនាគមន៍ ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរថយន្តទាំង ៣១គ្រឿងដែលបានផ្ដល់ឲ្យនោះ មានរថយន្ត ១៦គ្រឿងសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព, ១០គ្រឿងសម្រាប់អង្គភាពប្រឆាំងភេរវកម្ម និង ៥គ្រឿងទៀតសម្រាប់រក្សាសន្តិសុខដែនសមុទ្ទ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
កប៉ាល់ចម្បាំងស.រ.អា.ឈ្មោះ Mustin គ្រោងចូលចតនៅក្រុងព្រះសីហនុ
មន្ត្រីប៉ូលិសខ្មែរគ្រោងទៅចូលរួមមហាសន្និបាតប៉ូលិសអន្តរជាតិ Interpol នៅរុស្ស៊ី
មន្ត្រីខ្មែរ៖ ស.រ.អា.មិនគួរបារម្ភចំពោះខ្មែរអ៊ិស្លាមក្នុងការភ្ជាប់ចំណងជាមួយក្រុមភេរវកម្ម
កងទ័ពជើងទឹកបារាំងបង្ហាញសកម្មភាពសង្គ្រោះបន្ទាន់ដល់ទាហានខ្មែរ
កម្ពុជាទទួលបានកិច្ចគាំទ្រពីស.រ.អា.ដោយសាររឿងប្រេង?
ស.រ.អា.៖ កម្ពុជាបានគោរពនិងប្រតិបត្តិគោលការណ៍សេរីភាពសាសនា
គណៈប្រតិភូខ្មែរមួយក្រុមគ្រោងទៅទស្សនកិច្ចប្រទេសជប៉ុន
មេដឹកនាំខ្មែរស្វាគមន៍ការឡើងកាន់តំណែងថ្មីរបស់នាយករដ្ឋមន្ត្រីថៃ
ស.រ.អា.ផ្តល់ថវិកាជំនួយសម្រាប់គម្រោងកំណើនសេដ្ឋកិច្ចនៅកម្ពុជា