ស.រ.អា.​ផ្ដល់​រថយន្ត​ដឹក​ជញ្ជូន​យោធា​៣១​គ្រឿង​ដល់​កម្ពុជា

សហរដ្ឋ​អាមេរិក (ស.រ.អា.) បាន​ផ្ដល់​រថយន្ត​ដឹក​ជញ្ជូន​យោធា​ធុន​ធ្ងន់​ម៉ាក GMC ចំនួន ៣១​គ្រឿង​ដល់​កង​យោធពល​ខេមរភូមិន្ទ ដែល​ការប្រគល់​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មិថុនា ។

0:00 / 0:00

លោកស្រី Piper Campbell ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​រថយន្ត​ទាំង​នេះ គឺ​ដើម្បី​បំពេញ​តម្រូវការ​របស់​យោធា​កម្ពុជា​ ក្នុង​ការដឹកជញ្ជូន ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព និង​សន្តិសុខ​ដែន​សមុទ្ទ ។

លោកស្រី Piper Campbell បាន​មាន​ប្រសាសន៍​ថា ៖ “...គេ​ថា​ការ​ស្ទង់​មើល គេ​ថា​ការ​វាយតម្លៃ​រួម​គ្នា គឺ​ថា​ខាង​អាមេរិក​ហ្នឹង​ដឹង​ថា តើ​វិស័យ​ណាមួយ ផ្នែក​ណាមួយ​ដែល​ខាង​កងទ័ព​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ។ ហើយ​នៅក្នុង​ហ្នឹង​គឺ​យើង​បាន​សិក្សា​វាយតម្លៃ​ទៅ គឺ​ខាង​ប្រតិបត្តិការ​សន្តិភាព​ហ្នឹង ហើយ​និង​ប្រតិបត្តិការ​ថែរក្សា​សន្តិសុខ​នៅ​លើ​ផ្ទៃ​សមុទ្ទ គឺ​ជា​ផ្នែក​មួយ​ដែល​កម្ពុជា​ត្រូវការ...” ។

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ជា​រថយន្ត​ដល់​កង​យោធពល​ខេមរភូមិន្ទ ៖ «នេះ​ជា​លើក​ដំបូង​ហើយ​ជាមួយ​អាមេរិក ដែល​បាន​ប្រគល់​រថយន្ត​ឲ្យ​យើង​នេះ»

លោកស្រី Piper Campbell បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​ជា​រថយន្ត​យោធា​មក​ឲ្យ​ប្រទេស​កម្ពុជា ចំនួន​ពីរ​លើក​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ គឺ​លើក​ទី​ពីរ​មាន​ចំនួន​៨​គ្រឿង ដែល​អ្នកស្រី​ថា​គេ​បាន​រៀបចំ​រួចរាល់​ហើយ ដើម្បី​បញ្ជូន​មក​ប្រទេស​កម្ពុជា និង​លើក​ទី​បី​មាន​ចំនួន​២១​គ្រឿង សរុប​ទាំង​បី​លើក​មាន ៦០​គ្រឿង ។

លោកស្រី​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា ដោយសារ​រថយន្ត​យោធា​ទាំង​នោះ​មិនមែន​ជា​រថយន្ត​ថ្មី ដូច្នេះ​គេ​មិន​អាច​ប៉ាន់ស្មាន​ថា រថយន្ត​ទាំង​នោះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ។ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ការចំណាយ​សរុប​ទៅ​លើ​ការរៀបចំ​ក្រដាស​ស្នាម ការ​វេច​ខ្ចប់ និង​ការ​ដឹកជញ្ជូន​រថយន្ត​ទាំង​៦០​គ្រឿង​នោះ គឺ​មាន​ចំនួន ៤១៣០០០ ដុល្លារ​សហរដ្ឋ​អាមេរិក ។

លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា សហរដ្ឋ​អាមេរិក​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា និង​បំពេញ​សេចក្ដី​ត្រូវការ​របស់​កម្ពុជា​ក្នុង​វិស័យ​មួយចំនួន ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ថា​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ជាពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ ។

ការផ្ដល់​ជំនួយ​ជា​រថយន្ត​ទាំង​នោះ​បាន​ធ្វើឡើង​បន្ទាប់ពី​កង​យោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ធ្វើការ​វាយតម្លៃ​រួមគ្នា​មួយ កាលពី​ខែ​តុលា ឆ្នាំ​២០០៦ ដែល​គេ​បាន​ឃើញ​ថា ប្រទេស​កម្ពុជា​ត្រូវ​កែលម្អ​សន្តិសុខ​ព្រំដែន ការ​ចល័ត សមត្ថភាព​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព សន្តិសុខ​ដែន​សមុទ្ទ និង​ទូរគមនាគមន៍ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រថយន្ត​ទាំង ៣១​គ្រឿង​ដែល​បាន​ផ្ដល់​ឲ្យ​នោះ មាន​រថយន្ត ១៦​គ្រឿង​សម្រាប់​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព, ១០​គ្រឿង​សម្រាប់​អង្គភាព​ប្រឆាំង​ភេរវកម្ម និង ៥​គ្រឿង​ទៀត​សម្រាប់​រក្សា​សន្តិសុខ​ដែន​សមុទ្ទ ៕