លោក Jeff Daigle អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា លោក Christopher R. Hill គម្រោងការធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជាត្រូវខកខាន ។
លោក Jeff Daigle បានមានប្រសាសន៍ថា ៖ “ការខកខានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ដោយសារតែគាត់ត្រូវធ្វើការងារផ្សេងជាបន្ទាន់ ។ គាត់បម្រុងនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗ ដូចជាទំនាក់ទំនងទ្វេភាគី ការបោះឆ្នោតនៅពេលខាងមុខ និងការកាត់ទោសខ្មែរក្រហមជាដើម" ។
លោក Jeff Daigle បានឲ្យដឹងទៀតថា ប្រសិនបើមានទស្សនកិច្ចនោះលោកក៏មិនទាន់ដឹងថា លោក Christopher R. Hill នឹងជួបជាមួយឥស្សរជនខ្មែរណានោះទេ ដោយសារតែកម្មវិធីធ្វើមិនទាន់រួចហើយត្រូវលុបចោលគម្រោងនោះ ។
ចំណែកឯលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ឲ្យដឹងថា នេះគឺជាការអញ្ជើញរបស់លោក សម រង្ស៊ី ហើយដំណើរទស្សនកិច្ចរបស់លោក Christopher R. Hill មកប្រទេសកម្ពុជានោះ គឺជាទំនាក់ទំនងល្អជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «ព្រោះកន្លងមកគាត់អត់មានគម្រោងមកកម្ពុជាផង ។ កន្លងមកគឺឯកឧត្ដម សម រង្ស៊ី សុំគាត់មក ប៉ុន្តែគាត់អត់ទាន់ឆ្លើយផងហ្នឹង គេអត់ឆ្លើយផងគាត់មកប្រកាសឯណេះថា លោក Hill នឹងមក ។ ប៉ុន្តែកន្លងមកនេះគឺមិនមែនគាត់មានគម្រោងមកកម្ពុជាទេ គឺលោក សម រង្ស៊ី ទៅជួបអញ្ជើញគេមក តាមពិតគេអត់ទាន់ឆ្លើយផងគាត់មកប្រកាសថា គេនឹងមក» ។
ចំណែកឯ លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី បានមានប្រសាសន៍ឲ្យដឹងថា លោក Christopher R. Hill ធ្លាប់បានប្រាប់ថា លោកនឹងមកទស្សនកិច្ចក្នុងអំឡុងថ្ងៃទី១១ ឬទី១២ ខែឧសភានេះ តាមការគ្រោងទុករបស់ក្រសួងការបរទេសអាមេរិក ។
លោក សម រង្ស៊ី បានឲ្យដឹងថា ៖ «ខ្ញុំមានការសោកស្ដាយ ហើយខ្ញុំសង្ឃឹមថា គ្រាន់តែជាការលើកពេលទេ ការលុបចោលមិនដែលលុបជាស្ថាពរ ឬមួយមានអត្ថន័យនយោបាយអីទេ អត់មានអត្ថន័យនយោបាយអីទេ អាចមានធុរៈអាចមានព្រឹត្តិការណ៍អ្វីដែលសំខាន់ជាបន្ទាន់ ដែលតម្រូវឲ្យលោកលើកពេលវេលាដែលត្រូវធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា» ។
លោក សម រង្ស៊ី បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនេះមានផលប្រយោជន៍ចំពោះប្រទេសកម្ពុជាជាច្រើន ដូចអំឡុងឆ្នាំ២០០៦ ក្រោយពេលទស្សនកិច្ចមានការដោះលែងអ្នកតំណាងរាស្ត្រ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម ហើយប្រសិនបើមានដំណើរទស្សនកិច្ចនាពេលឆាប់ៗខាងមុខនេះ សភាពការណ៍គំរាមកំហែងសកម្មជននយោបាយមុនពេលបោះឆ្នោតនេះនឹងបានធូរស្រាល ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិកកាន់តែមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ដូចជាការចូលចតនាវាចម្បាំង ការសហការប្រឆាំងនឹងអំពើភេរវកម្មហើយមន្ត្រីនានារបស់អាមេរិកក៏តែងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់អំពីសភាពការណ៍បោះឆ្នោតនៅពេលខាងមុខនេះដែរ ៕
