ពួកគេបានស្នើបញ្ហាទាំងនោះនៅថ្ងៃជួបជុំពិភាក្សាពីទិវាសិទ្ធិមនុស្សលើកទី៦៤ ដែលទើបបញ្ចប់ថ្មីៗនេះ។
ពលរដ្ឋនៅក្នុងភូមិបាក់នឹម និងភូមិកូនដំរី ដែលស្ថិតនៅជាយក្រុងសំរោង ស្នើអាជ្ញាធរសង្កាត់ ដោះស្រាយបញ្ហាខ្វះទឹកស្អាត បង្គន់អនាម័យ និងផ្លូវថ្នល់ចូលទៅក្នុងភូមិ បន្ទាប់ពីភូមិទាំងពីរនេះត្រូវទទួលស្គាល់ថាជាភូមិឋានពលរដ្ឋដោយស្របច្បាប់។
ក្នុងវ័យ ៤៨ឆ្នាំ អ្នកភូមិបាក់នឹម អ្នកស្រី លឹម តី មានប្រសាសន៍ថា ក្នុងភូមិគឺមានស្រះទឹកតែមួយកន្លែងដែលអាចប្រើប្រាស់បាន។ រាល់ថ្ងៃ អ្នកស្រី និងអ្នកជិតខាងមួយចំនួនដែលពុំមានមធ្យោបាយដឹកជញ្ជូនទឹកពីស្រះទឹកមកផ្ទះបាន ត្រូវទិញទឹកក្នុងតម្លៃ ៦ពាន់រៀលក្នុងមួយពាង៖ «ប្រើតែទឹកស្រះយើងនោះ ប្រើធ្វើអី លាងចាន លាងឆ្នាំង ដាំហូបក៏ទឹកនោះតែទឹកស្រះ។ ទិញទឹកពាងគេលក់ ប្រើបានយ៉ាងយូរ ២ថ្ងៃ។ បើយើងមិនរក គេក៏គេមិនលក់អោយយើង»។
អ្នកភូមិរំលឹកថា ក្នុងភូមិធ្លាប់មានអណ្ដូងស្នប់ចំនួន៣ ដែលឧបត្ថម្ភដោយអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែមកដល់ពេលនេះអណ្ដូងទាំងនោះបានខូចខាត ប្រើលែងកើត។ ស្របពេលដែលខ្វះទឹកប្រើប្រាស់ បញ្ហាអនាម័យក៏កំពុងចោទ ដោយសារអ្នកភូមិពុំមានប្រាក់ដើម្បីសង់បង្គន់អនាម័យ ពោលគឺពួកគេត្រូវបន្ទោរបង់ពាសវាលពាសកាល។
អ្នកភូមិម្នាក់ទៀតអ្នកស្រី ស្រិល សារុំ អោយដឹងថា មានបង្គន់អនាម័យនឹងជួយអោយក្នុងភូមិមានបរិស្ថានល្អ និងមិនបារម្ភពីជំងឺឆ្លងផ្សេងៗ៖ «ចុះមិនដែលមាន តើប្រើយ៉ាងម៉េច តាមដុបតែប៉ុណ្ណោះ។ ក្មេងតូចៗក៏ចោះដែរ ជួនកាលទៅវាបត់មិនបានកាប់ ក៏ពាសវាលពាសដុបនោះហើយ។ កខ្វក់ដែរទេ មិនដឹងធ្វើម៉េច។ គ្មានបង្គន់គឺគគ្រិចនោះហើយ ជីកបត់ជើងបត់ដៃពាសណាពាសណីក៏វាយ៉ាប់»។
ចំណែកបញ្ហាផ្លូវថ្នល់ក៏ពលរដ្ឋបានចាត់ទុកជារឿងអាទិភាព ដែលចាំបាច់សម្រាប់ពួកគេ នោះក៏ដោយសារតែមណ្ឌលសុខភាព និងទីប្រជុំជនស្ថិតនៅឆ្ងាយពីភូមិ។
អ្នកភូមិកូនដំរីម្នាក់ អ្នកស្រី រិត ចិន្តា មានប្រសាសន៍ថា នៅរដូវប្រាំងអ្នកភូមិអាចចេញចូលពីភូមិទៅក្រុងសំរោង ឬទៅមណ្ឌលសុខភាពបានងាយស្រួលជាងវស្សា។ អ្នកស្រី ចិន្តា បន្តថា នៅពេលនេះផ្លូវមិនល្អ កំពុងប៉ះពាល់ជីវភាពរស់នៅដោយត្រូវចំណាយប្រាក់ច្រើនលើការធ្វើដំណើរ ជាពិសេសនៅពេលមានជំងឺ ឬកិច្ចការបន្ទាន់ណាមួយ៖ «ថាវាពិបាក វាពិបាករឿងផ្លូវ ខែប្រាំងអីចឹង យើងចេញចូលបានស្រួលគ្រាន់។ បើថានេះដេកផ្លូវម៉ា (មួយ) យប់ពីរយប់អីទៅ បើគោយន្តខូច។ ខែវស្សាជិះគោយន្តគេ គេយក ១ម៉ឺន។ អ្នកឈឺអ្នកអី គ្នាឈឺធ្ងន់គេមានគោយន្ត គេអត់ដឹកយើងខែវស្សា។ បើខែប្រាំង យើងចេះតែរកបាន តែយើងក្រយើងអត់លុយក៏គេមិនដឹកយើង គេត្រូវការលុយភ្លាមៗ»។
មេភូមិបាក់នឹម លោក ប្រាក់ ផន មានប្រសាសន៍ថា ផ្លូវថ្នល់ចាស់ក្នុងភូមិកសាងដោយប្រាក់បដិភាគរបស់អ្នកភូមិបានខូចខាតទៅវិញ ដោយសារតែគុណភាពថ្នល់មិនសូវល្អ។ លោក ប្រាក់ ផន សង្ឃឹមថាចៅសង្កាត់ថ្មីទើបជាប់ឆ្នោត នឹងជួយដោះស្រាយបញ្ហានេះ៖ «អានេះផ្លូវថ្មីអត់មានចាក់គ្រួស វាផុង ពីដើមមិញ ផ្លូវវាចាស់មែនតែដីចាស់ ហើយវាហាប់ហើយវាផុងធម្មតា តែដាក់ផ្លូវថ្មី វាយ៉ាប់លើសដើមទៅទៀត។ ជាពិសេស ទំនប់ប្រឡាយអីក៏មិនទាន់មាន។ ធ្វើស្រែពឹងតែទឹកភ្លៀង ដូចពេលមុនដែលរាំង ស្រូវវាស្វិតអស់ ក៏ទៅរកទឹកបូមដាក់ស្រែដាក់អីវាអត់មានទាំងអស់»។
ភូមិបាក់នឹម និងភូមិកូនដំរី ត្រូវអ្នកភូមិអះអាងថា ជាភូមិចាស់ច្រើនតំណមនុស្សមកហើយ ប៉ុន្តែទើបត្រូវទទួលស្គាល់ដោយរដ្ឋាភិបាល តាមរយៈអនុក្រឹត្យមួយដែលចេញនៅចុងខែតុលា កន្លងមកនេះ។ ពីមុន ភូមិនេះត្រូវចាត់ចូលជាភូមិឧបសម្ពន្ធក្នុងសង្កាត់សំរោង។
ចៅសង្កាត់សំរោង លោក ចៀប តុប មានប្រសាសន៍ឆ្លើយតបនឹងសំណើរបស់ពលរដ្ឋថា ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ គឺមានចំនួនកំណត់ ដែលពុំទាន់អាចអោយបំពេញតម្រូវការពលរដ្ឋបានទាន់ពេលវេលា៖ «ក្នុងមួយឆ្នាំ មូលនិធិរបស់សង្កាត់ វាមិនច្រើនទេ វាក្រោម ១០០លានទេ។ ប៉ុន្តែយើងធ្វើគ្រប់តែភូមិដែរ។ តែយើងនឹងរំលែកក្នុងឆ្នាំណាមួយ យើងត្រូវតែធ្វើ។ បើជារួម គឺត្រូវមានជាប្រាក់បដិភាគ ហើយពលរដ្ឋថាគាត់នឹងចូលរួម ហើយផលប៉ះពាល់ពីការបើផ្លូវថ្មីក៏គាត់ទទួលយក គាត់យល់ព្រមអោយតែបានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់»។
លោក ចៀប តុប អះអាងដែរថា បញ្ហាទឹកស្អាតអាចជាករណីពិបាកដោះស្រាយសម្រាប់ភូមិទាំងពីរ ដោយសារតែសណ្ឋានភាពដីដែលមិនអំណោយផលដល់ការជីកអណ្ដូង៖ «រឿងទឹកស្អាតលំបាកបន្តិច ព្រោះទី១ ការជីកអណ្ដូងមិនអាចប្រើប្រាស់បាន អង្គការជួយច្រើនអណ្ដូង ប៉ុន្តែអត់ប្រសិទ្ធភាព។ តំបន់នេះបើគិតខែវស្សា វិញទឹកលិច ខែប្រាំងអត់ទឹកផឹក។ កន្លងមក យើងមានស្រះសហគមន៍ដែរ វគ្គមុនគឺខាងហ្ស៊ូអា គាត់ជួយហើយ គឺអ្នកស្រុកបានប្រើប្រាស់ទឹកហ្នឹង។ យើងមិនដឹងដោះស្រាយដោយវិធីណាទេរឿងទឹកស្អាត បើអាចមានលទ្ធភាព យើងស្ដារស្រះបន្តទៀត»។
ទាក់ទិនដល់ការកសាងបង្គន់អនាម័យ លោក ចៀប តុប បញ្ជាក់ថា លោកនឹងស្វះស្វែងរកអង្គការដៃគូដែលអាចផ្ដល់ប្រាក់កម្ចីសម្រាប់ប្រជាពលរដ្ឋខ្ចី និងអាចសងរំលោះ៖ «រឿងបន្ទប់ទឹក បង្គន់អនាម័យនេះ គឺខាងស៊ីឌីអេ (CDA) គេមានមួយចំណែកតិច។ ក៏ប៉ុន្តែយើងក៏បានទំនាក់ទំនងទៅអង្គការអាយឌីអ៊ី (IDE) នេះក៏មានបង្គន់ដែរ ដើម្បីអោយប្រជាជន ហៅថាបណ្ដាក់ គឺក្នុងមួយឈុតតម្លៃ ២៥ម៉ឺន។ បើគាត់ចង់បាន អាចទំនាក់ទំនងដាក់ពាក្យទៅប៉ុន្មានគ្រួសារ ដើម្បីយើងស្នើសុំឥណទាន»។
ភូមិបាក់នឹម បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅចំនួនជាង ២០០គ្រួសារ និងភូមិកូនដំរី មានចំនួនជាង ១០០គ្រួសារ។ ភូមិទាំងពីរនេះស្ថិតនៅចម្ងាយជិត ៣០គីឡូម៉ែត្រ ភាគខាងកើតក្រុងសំរោង។ ភូមិទាំងពីរនេះ ធ្លាប់មានទំនាស់នឹងក្រុមហ៊ុនដាំអំពៅរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ដោយសារក្រុមហ៊ុនបានចាត់ទុកដីភូមិនោះស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានប្រគល់សិទ្ធិអោយក្រុមហ៊ុននេះអភិវឌ្ឍន៍សម្រាប់ដាំអំពៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។