ការប្រារព្ធ​ពិធី​បុណ្យ​ពិសាខបូជា​អន្តរជាតិ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា

2008-05-12

ពិធី​បុណ្យ​ពិសាខបូជា​អន្តរជាតិ​មួយ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​វត្ត​ខេមរង្សី​ខ្មែរក្រោម នៃ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា ក្នុង​សហរដ្ឋ​អាមេរិក ។

នៅក្នុង​វត្ត​ខេមរង្សី​ខ្មែរក្រោម​នៃ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា ក្នុង​សហរដ្ឋអាមេរិក ព្រះភិក្ខុ​បញ្ញាបជោតោ ថាច់ ប៊ីរុង ព្រះសង្ឃ​នាយក​រង​នៃ​សហព័ន្ធ​ខ្មែរក្រោម​បាន​មាន​ថេរដីកា​ថា​ពិធី​បុណ្យ​ពិសាខបូជា​អន្តរជាតិ​មួយ បាន​ប្រារព្ធ​មក​ដល់​ថ្ងៃ​ទី​៣​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ត្រូវ​នឹង​ព្រលឹម​ថ្ងៃ​ច័ន្ទ​ម៉ោង​នៅ​ប្រទេស​កម្ពុជា ។

ព្រះភិក្ខុ​បញ្ញាបជោតោ ថាច់ ប៊ីរ៉ុង បាន​មាន​ថេរដីកា​ថា ៖ «បុណ្យ​ពិសាខបូជា​អន្តរជាតិ​ដែល​រៀបចំ​ដោយ​ពុទ្ធិក​សមាគម​ខ្មែរ​ក្រោម​វត្ត​ខេមរង្សី នា​ថ្ងៃ​ទី ៣ ។ ថ្ងៃ​ទី​១ យើង​រៀបចំ​ពុទ្ធាភិសេក ថ្ងៃ​ទី​២ បាន​ធ្វើ​បូជា​នៅ​បូជនីយដ្ឋាន​កន្លែង​ព្រះអង្គ​ប្រសូត ហើយ​ថ្ងៃ​នេះ​យើង​ដង្ហែ​ប្រទក្សិណបូជនីយដ្ឋាន​ទាំង​៤ និង​នមសិកា​ដើម្បី​ឧទ្ទិស​កុសល​រក​សុខ​សន្តិភាព​ពិត​ដល់​សង្គមជាតិ​ខ្មែរ​យើង​ទូទៅ និង​សុខសន្តិភាព សេរីភាព​ដ៏​ល្អ​ប្រពៃ​ចំពោះ​គណៈ​ពុទ្ធសាសនា​នៅ​ឯ​កម្ពុជា​ក្រោម ក៏​ដូចជា​ប្រជានុរាស្រ្ត​រាប់​លាន​នាក់ ព្រះសង្ឃ​រាប់​ម៉ឺន​អង្គ ដែល​កំពុង​ស្ថិត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម បាត់​បង់​នូវ​សិទ្ធី​សេរីភាព​នៃ​ការ​ជឿ​នូវ​ព្រះពុទ្ធ​សាសនា​នោះ គឺ​សូម​ឧទ្ទិស​មហាកុសល​នេះ​ជូន និង​ប្រគេន​ដល់​ព្រះថេរានុថេរៈ​គ្រប់​ព្រះអង្គ ក៏​ដូចជា​ពពួក​ពុទ្ធបរិស័ទ​ទាំង​ចតុទិស​នៅ​ក្នុង​មាតុភូមិ​ជា​ទី​ស្នេហា​យើង​ឲ្យ​បាន​សុខសន្តិភាព និង​មាន​សាមគ្គីភាព ឯកភាព​ល្អ​ប្រពៃ ក្រោម​ការ​ការពារ​វប្បធម៌ អក្សរសាស្រ្ត ព្រលឹង​ជាតិ និង​ព្រពៃណី​របស់​ខ្មែរ​យើង​នៅ​កម្ពុជា​ក្រោម​ដែរ»

ព្រះបញ្ញាបជោតោ ថាច់ ប៊ីរុង ឲ្យ​ដឹង​ទៀត​ថា មាន​វត្តមាន​ព្រះសង្ឃ​ជា​មហាថេរៈ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ព្រះអង្គ និមន្ត​ចូលរួម​ក្នុង​ពិធី​ដ៏​ឱឡារិក​នេះ ៖ «មហា​ថេរៈសាស្រ្តាចារ្យ​ដែល​បង្រៀន​នៅ​សកល​វិទ្យាល័យ... ប្រទេស​ស្រីលង្កា គឺ... ដែល​បាន​និមន្ត​មក ហើយ​និង​អាចារ្យ​វិបស្សនា​កម្មដ្ឋាន មហា​អាចារ្យ​កែវ ដែល​ជា​ជនជាតិ​លាវ​បាន​និមន្ត​មក​ចំនួន ៥ ព្រះអង្គ ហើយ​និង​មហា... ដែល​ជា​មេគណ​នៅ​ខ្មែរ​សុរិន្ទ​ទឹក​ដី​មាតុភូមិ​ខ្មែរ​យើង ដែល​ជា​អធិបតី​នៃ​ពិធី​បុណ្យ​នេះ​ផ្ទាល់​ក៏​បាន​និមន្ត​មក ។ ហើយ​ព្រះអង្គ​មហាបរិញ្ញា​ផ្នែក​ទស្សនវិជ្ជា ពុទ្ធសាសនា​ជា​និស្សិត​ជំនាន់​ទី​២ ចប់​នៅ​ពុទ្ធិក​វិទ្យាល័យ​ព្រះសីហនុ​រាជ្យ គឺ​ព្រះអង្គ ថាច់ ភឿង ដែល​ជា​ព្រះចៅ​អធិការ​វត្ត​នៃ​រដ្ឋ... ក៏​បាន​និមន្ត​មក ហើយ​និង​មាន​មហាភារៈ​ដែល​ជា​ជនជាតិ​ថៃ បាន​និមន្ត​មក និង​មហា​ភារៈ​នៃ​ជនជាតិ​ភូមា​ក៏​បាន​និមន្ត​មក​ជា​អធិបតី​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ»

ឧបាសិកា ជូលីជា មាន​ប្រសាសន៍​ដោយ​ក្តី​រំភើប​ថា គឺ​ជា​ឱកាស​ដ៏​នក្ខត្តឫក្ស ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​បាន​មក​ជួបជុំ​គ្នា​នា​ពេល​នេះ ៖ «កន្លែង​ហ្នឹង​ធំ​ដូច​សាលារៀន ហើយ​ដែល​មាន​ព្រះសង្ឃ​ចំនួន ២២​ព្រះអង្គ​កម្រ​មាន​ណាស់ ព្រោះ​នៅ​ស្រុក​នេះ​ទាល់តែ​និមន្ត​ច្រើន​កន្លែង បានៗ​២២​ព្រះអង្គ​ហ្នឹង ។ ខ្ញុំ​មាន​ចិត្ត​សោមនស្ស​រីករាយ​ណាស់​ដែល​បាន ព្រោះ​មិន​ងាយ​ទេ​មក​នៅ​ស្រុក​នេះ​ដែល​បាន​ព្រះសង្ឃ​ដ៏​ច្រើន ហើយ​មក​ធ្វើ​បុណ្យ​គឺ​ថា​មាន​សទ្ធា​ជ្រះថ្លា​ខ្លាំង​ណាស់ ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ពី​ប្រទេស​កម្ពុជា​ដូច​ថា​កាល​នៅ​ពី​ក្មេង ធ្លាប់​ទៅ​ពិធី​បុណ្យ​ជាមួយ​លោក​ឪពុក អ្នក​ម្ដាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ស្រុក​ទេស ព្រះពុទ្ធសាសនា​យើង​បាន​គង់វង្ស រុងរឿង​ដល់​ពុទ្ធសាសនិកជន​គាំទ្រ សប្បាយ​រីករាយ ហើយ​ស្លៀក​ពាក់​ខោអាវ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី ហើយ​អស់​លោក​មក​នេះ អញ្ជើញ​មក​ធ្វើ​បុណ្យ ហើយ​មាន​សទ្ធាជ្រះថ្លា នឹង​ព្រះពុទ្ធសាសនា»

សូម​រំឭក​ថា​ពិធីបុណ្យ​ពិសាខបូជា បាន​ត្រូវ​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ដោយ​បាន​ចាត់ទុក​ថា​ទិវា​វិសាខបូជា​នេះ​ជា​ថ្ងៃ​បុណ្យ​អន្តរជាតិ ។ ក្នុង​ទិវា​វិសាខ​បូជា​នេះ ប្រជា​ពុទ្ធបរិស័ទ​ទូទាំង​ពិភពលោក មូល​មតិ​គ្នា​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​៣ ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​១៥​កើត​ខែ​ពិសាខ ដូចគ្នា​ទាក់ទង​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ ព្រះសមណ គោត្តម ដែល​ជា​មេដឹកនាំ​នៃ​ព្រះពុទ្ធ​សាសនា ។

ព្រឹត្តិការណ៍​សំខាន់​ទាំង​បី​នោះ​គឺ​ការ​ប្រសូតចាកគភ៌​ព្រះមាតា​នៃ​ព្រះសិទ្ធត្ថ​កុមារ ដែល​ជា​តួ​ព្រះពុទ្ធ​ព្រះអង្គ ការ​បាន​ត្រាស់ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ​របស់​ព្រះពុទ្ធ​ព្រះអង្គ និង​ការ​យាង​ចូល​ព្រះបរិនិព្វាន ពោល​គឺ​ថ្ងៃ​អស់ជិវិត​នៃ​តួ​ព្រះពុទ្ធ​ព្រះអង្គ​នោះ ៕

អត្ថបទ​ដែល​ទាក់ទង

បំរាម​ផ្អាក​ការរៀបការ​រវាង​ស្ត្រី​ខ្មែរ​និង​ជន​បរទេស​មិន​ទាន់​ក្លាយ​ជា​អចិន្ត្រៃយ៍​ទេ

ប៉េអឹម​ខេត្ត​កំពង់ធំ​៣​រូប​រង​ការចោទ​ថា​គំរាម​ប្រជា​សហគមន៍

មាន​ជន​មួយ​ចំនួន​ឃុបឃិត​នឹង​គ្រូពេទ្យ​យក​ឈាម​សប្បុរសជន​ទៅ​លក់

ខុមហ្វ្រែល​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣​នៅ​កំពង់ចាម

ពលរដ្ឋ​៥០០​នាក់​នៅ​ស្រុក​អង្គស្នួល​ទាមទារ​ឲ្យ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

ក្រុង​ភ្នំពេញ​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០០៩

ភរិយា​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ចន ម៉ាកខេន មក​កម្ពុជា

គ្រឿង​ញៀន​ជាង​២០០​គីឡូក្រាម​ត្រូវ​បាន​ដុត​បំផ្លាញ

ទូត​អាល្លឺម៉ង់​ផ្ដល់​ឧបករណ៍​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ដល់​មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ធំ

យុវជន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​គប់​សម្បក​ដូង​ទៅ​លើ​ព្រះឆាយា​ល័ក្ខណ៍​សម្ដេច​យាយ