កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី​ពី​WHO

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) ចំនួន​៣០​ម៉ឺន​ដូស​(Dose) ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា វ៉ាក់សាំង​ចំនួន​៣០​ម៉ឺន​ដូស​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ទេ ប៉ុន្តែ​ដោយសារ​តែ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​នេះ​មាន​កម្រិត​តិចតួច ក្រសួង​សុខាភិបាល​នឹង​ធ្វើ​ការ​ចែក​ចាយ​ចាក់​ថ្នាំ​ជូន​ដល់​អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ​ខ្លាំង​និង​ការ​ឆ្លង​និង​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1)​នេះ ដែល​ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​៦​ខែ​ដល់​២​ឆ្នាំ។

លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​បន្ត​ថា ប្រសិន​បើ​លោក​អ្នក​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុន​ក្តៅ​ខ្លួន​ខ្លាំង ដែល​កម្ដៅ​ឡើង​លើស​ពី​៣៨​អង្សារ ក្អក ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​បំពង់​ក ហើយ​និង​ហៀរ​សម្បោរ លោក​អ្នក​អាច​ទូរស័ព្ទ​ចូល​ទៅ​ខ្សែ​សង្គ្រោះ​បន្ទាន់​ដែល​មាន​លេខ ០១២ ៤៨៨ ៩៨១ និង ០៨៩ ៦៦៩ ៥៦៧៕